ប្រធានាធិបតីអាមេរិកលោក Donald Trump បានសង្កត់ទៅលើការរាយការណ៍ថា កូរ៉េខាងជើងមិនបានប្រកាសអំពីទីតាំងផលិតកាំជ្រួញមីស៊ីលយ៉ាងហោចណាស់ ១៣កន្លែងផ្សេងទៀត ដោយលោកបានហៅការចុះផ្សាយនេះថាជាព័ត៌មានក្លែងក្លាយ។
Trump បានថ្លែងដោយយោងទៅលើព័ត៌មាននៅក្នុងរបាយការណ៍របស់មជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្រ្ត និងការសិក្សាអន្តរជាតិ ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងត្រូវបានចុះផ្សាយដោយកាសែត The New YorkTimes ថា «ការរាយការណ៍នៅក្នុងកាសែត The New York Times ពាក់ព័ន្ធទៅនឹងទីតាំងផលិតកាំជ្រួចម៉ីស៊ីលរបស់កូរ៉េខាងជើងនេះគឺមិនមែនជាការពិតទេ។ យើងដឹងយ៉ាងច្បាស់ថា ទីតាំងទាំងនោះកំពុងស្ថិតក្រោមកិច្ចពិភាក្សានៅឡើយ។ វាគ្មានអ្វីថ្មីទេ។ វាគ្មានអ្វីកើតឡើងក្រៅពីនេះទេ»។ លោកបានបន្ថែមនៅក្នុងសាររបស់លោកទៀតថា «ខ្ញុំគឺជាមនុស្សទីមួយប្រាប់អ្នកប្រសិនបើមានរឿងអាក្រក់កើតឡើង។
របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានឱ្យដឹងថាការសន្និដ្ឋាននេះផ្អែកលើរូបភាពរបស់ផ្កាយរណបរបស់ក្រុមហ៊ុនអាជីវកម្ម បទសម្ភាសន៍នានាជាមួយមេដឹកនាំកូរ៉េខាងជើង និងបទសម្ភាសន៍ជាមួយក្រុមមន្រ្តីស៊ើបការសម្ងាត់និងមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក។ លោក Joseph Bermudez ដែលជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធផ្សេងទៀតបាននិយាយថា ការរកឃើញទាំងនេះគឺជារឿងគួរឲ្យចាប់អារម្មណ៍។ លោក Bermudez បាននិយាយថា«ខ្ញុំគិតថាការគំរាមកំហែងកាំជ្រួចម៉ីស៊ីលនិងនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺនៅតែអាចកើតឡើង និងគ្មានអ្វីផ្លាស់ប្តូរទេរយៈពេល១០ឆ្នាំមកនេះ»។
របាយការណ៍នោះបានរាយការណ៍ថា ទីតាំងផលិតកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងដែលអាចផលិតកាំជ្រួចម៉ីស៊ីលបានគ្រប់កម្រិតនោះ ត្រូវបានលាក់ទុកយ៉ាងល្អ ដែលនេះគឺជាចេតនារបស់កូរ៉េខាងជើងដែលព្យាយាមលាក់បាំងអំពីសមត្ថភាពយោធារបស់ខ្លួន៕