ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump វាយ​ប្រហារ​លោក Biden និង​បង្ហើប​ថា លោក​អាច​ឈរ​ឈ្មោះ​តំណែង​ប្រធានាធិបតី​ឆ្នាំ២០២៤


អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ថ្លែង​នៅឯ​សន្និសីទ​អភិរក្ស​និយម នៅ​ក្រុង Orlando រដ្ឋ Florida កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។
អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ថ្លែង​នៅឯ​សន្និសីទ​អភិរក្ស​និយម នៅ​ក្រុង Orlando រដ្ឋ Florida កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។

មិន​ដល់​៦​សប្តាហ៍​ផង​បន្ទាប់​ពី​ចាកចេញ​ពី​តំណែង អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​អាទិត្យ បាន​វាយ​ប្រហារ​យ៉ាង​ខ្លាំងលើ​អ្នក​ស្នង​តំណែង​លោក ដោយ​បាន​ពោល​អះអាង​ថា ​លោក​ប្រធានាធិបតី Joe Biden បាន​ «កាន់​តំណែង​ខែ​ដំបូង​ប្រកប​ដោយ​មហន្តរាយ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប» ​នៅ​សេតវិមាន ​ហើយ​លោក Trump ​បាន​បង្ហើប​ថា លោក​អាច​ព្យាយាម​ឈរ​ឈ្មោះ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២៤​ម្តង​ទៀត។

លោក Trump បាន​ប្រាប់​ហ្វូង​អ្នក​គាំទ្រ​អភិរក្ស​និយម​ដែល​ហ៊ោ​កញ្ជៀវរាប់​រយនាក់​នៅ​ក្នុង​សាល​សណ្ឋាគារ​មួយនៅ​ក្រុង Orlando រដ្ឋ Florida ថា៖ «ក្នុង​រយៈពេល​មួយ​ខែ​យ៉ាង​ខ្លី យើង​បានប្រែ​ក្លាយពី​គោល​នយោបាយ​អាមេរិក​អាទិភាព​ទី​១ ​ទៅជា​អាមេរិក​អាទិភាព​ចុង​ក្រោយ​គេ»។

លោក Trump បាន​ប្រាប់សន្និសីទ​របស់​ពួក​អភិរក្សនិយម​ថា «ខ្ញុំ​អាច​សម្រេច​ឈរ​ឈ្មោះ​ម្តង​ទៀត» ​ក៏ប៉ុន្តែ​បាន​ច្រានចោល​ការ​បង្កើត​គណបក្ស​ទី៣។ លោក​បាន​សន្យា​ថា ធ្វើ​យុទ្ធនាការ​ដ៏​ខ្លាំង​មួយ​សម្រាប់​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ណា​ដែលខ្លាំង​និង​ស្វិតស្វាញ​ ​ដើម្បី​ដណ្តើមមកវិញ​សំឡេង​ភាគ​ច្រើន​នៅ​រដ្ឋសភា​និង​ព្រឹទ្ធសភា ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ឆ្នាំ​២០២២ ចំ​ពាក់​កណ្តាល​អាណត្តិ​របស់​លោក​ប្រធានាធិបតី Biden។

សេតវិមាន​ បាន​ច្រានចោល​សុន្ទរកថា​របស់​លោក Trump នេះ។

លោក Michael Gwin អ្នក​នាំ​ពាក្យ​សេតវិមាន ​បាន​និយាយ​បន្ទាប់​ពី​សុន្ទរកថា​របស់​លោក Trump ថា៖ «ខណៈ​ដែល​គណបក្ស​សាធារណរដ្ឋ​ ស្វែង​រកមាគ៌ា​ទៅមុខ លោក​ប្រធានាធិបតី Biden នឹង​បន្ត​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​កម្ចាត់កូវីដ១៩ បើក​សាលា​រៀន​ឡើង​វិញ​ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង ​អាចត្រឡប់​ទៅ​ធ្វើការងារ​វិញ»។

លោក Trump បាន​និយាយ​ពី​អ្នក​បាន​ទទួល​ការ​តែងតាំង​ជាបេក្ខជន​ប្រធានាធិបតីឆ្នាំ២០២៤ ​របស់​គណបក្ស​សាធារណរដ្ឋនៅ​ក្នុង​សុន្ទរកថា​ដ៏​សំខាន់​លើក​ទី១​របស់​លោក​ ចាប់តាំង​ពី​ចាកចេញ​ពី​តំណែង​ថា៖ «ខ្ញុំ​ឆ្ងល់​ថា តើ​នរណា​នឹង​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី? នរណា​គេ នរណា​គេ ​នឹង​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី?»។ ​

ក្នុង​សុន្ទរកថា​រយៈពេល​៩០នាទី លោក​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់​ឡើយ​ថា លោក​អាច​ជា​បេក្ខជន​ប្រធានាធិបតី​នោះ ដោយ​លើក​ពី​ការស្ទង់​មតិ​មាន​និន្នាការ​បក្ស ​ដែល​មាន​ការគាំទ្រ​ច្រើន​រហូត​ដល់​៩៧​ភាគរយចំពោះ​ការ​កាន់​តំណែង​៤ឆ្នាំ​នៅ​សេតវិមាន​របស់​លោក​នោះ ទោះបី​ការស្ទង់​មតិ​ថ្នាក់​ជាតិ​បង្ហាញ​ថា លោក​ Biden ទទួល​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ក៏ដោយ៕

XS
SM
MD
LG