ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Mitt Romney ថា លោក Trump នឹង​ទទួល​បាន​ការតែងតាំង​ពី​បក្ស​សាធារណរដ្ឋ បើ​លោក​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ២០២៤


រូបឯកសារ៖ សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ Utah លោក Mitt Romney នៅវិមានសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។

សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ Utah លោក Mitt Romney បាន​ទស្សន៍ទាយ​ថា លោក Donald Trump នឹង​ទទួល​បាន​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ​ ប្រសិនបើ​លោក​សម្រេច​ចិត្ត​ឈរ​ឈ្មោះ​នៅ​ឆ្នាំ​២០២៤។ នេះ​បើ​យោង​តាមសេចក្ដីរាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន​នានា​ដែល​រួម​មាន​ទាំង​សេចក្ដីរាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន​ Independent ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​ផង​ដែរ​។

លោក Romney គឺ​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ឆ្នាំ​២០១២។

លោក Romney បាន​ប្រាប់​កាសែត The New York Times កាលពី​យប់​ថ្ងៃ​អង្គា​រថា៖ «ខ្ញុំ​មិន​ដឹង​ថា​តើ​លោក Trump នឹង​ឈរ​ឈ្មោះ​នៅ​ឆ្នាំ​២០២៤​ ឬ​ក៏​អត់​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​លោកឈរ​ឈ្មោះ ខ្ញុំ​ប្រាកដ​ថា លោក​នឹង​ទទួល​បាន​ការតែងតាំង​ពី​គណបក្ស​ជា​មិន​ខាន»។

លោក Romney បាន​និយាយ​ទៀត​ថា ការស្ទង់មតិ​នានា​បង្ហាញ​ថា «ប្រសិនបើ​លោក​ Trump ប្រកួតប្រជែង​នៅ​ក្នុង​ចំណោមសមាជិក​គណបក្ស​សាធារណរដ្ឋ​ដទៃទៀត នោះ​លោក Trump នឹង​ឈ្នះ​ដាច់គេ​តែ​ម្ដង»។

ថ្វីបើ​មាន​ការទស្សន៍​ទាយ​នេះ​ក៏​ពិត​មែន ក៏​លោក Romney ដែល​ជា​អ្នក​រិះគន់​លោក Trump ជារឿយៗ គឺ​ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ​តែ​ម្នាក់​គត់​ ដែល​បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​មាន​ការ​កាត់ទោស​លោក​ Trump នៅ​ក្នុង​សវនាការ​កាត់ទោស​លោក​ Trump ទាំង​២លើក។

លោក Romney បាន​និយាយ​ទៀត​ថា៖ «ខ្ញុំ​នឹង​មិន​បោះឆ្នោត​ឲ្យ​លោក​ Trump ម្តង​ទៀត​ទេ។ ហើយ​ខ្ញុំ ​ក៏​មិន​បាន​បោះឆ្នោត​ឲ្យ​លោក​ដែរ​កាល​ពី​មុន»។

លោក​បាន​លើកឡើង​ថា៖ «ខ្ញុំ​ប្រហែល​ជា​នឹង​គាំទ្រ​នរណា​ម្នាក់ ដែល​ខ្ញុំ​គិត​ថា អាច​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋរបស់​ខ្ញុំ​បាន»។​

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា​ តើ​លោក Trump នឹង​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ម្តង​ទៀត​ ឬក៏​អត់​នោះ។

លោក Romney បាន​ថ្លែង​ប្រាប់​កាសែត The New York Times កាល​ពី​ថ្ងៃ​អង្គារ​ថា បើ​ទោះ​ជា​លោក Trump ចាញ់​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទីពីរ និង​ត្រូវ​បាន​កាត់ទោស​ជា​លើក​ទីពីរ​នៅ​ក្នុង​រដ្ឋសភា​ក៏​ដោយ ក៏​លោក​«ប្រាកដ»​ថា លោក Trump នឹង​នៅ​តែ​បន្ដ​មាន​ឥទ្ធិពល​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ​ដដែល។

លោក Romney បាន​ថ្លែង​សំដៅ​ដល់​លោក Trump ​ទៀត​ថា៖ «មក​ទល់​នឹង​ពេល​នេះ លោក Trump ​គឺជា​អ្នក​ដែល​មាន​សំឡេងខ្លាំង​ជាង​គេ ហើយ​មាន​ឥទ្ធិពល​ធំ​បំផុត​នៅ​ក្នុង​គណបក្ស​របស់​ខ្ញុំ»។ លោក​បាន​បញ្ជាក់​ទៀត​ថា៖ «ខ្ញុំ​មិន​ដឹង​អំពី​សមាជិក​គ្រួសារ​របស់​លោក Trump ​នោះ​ទេ​ថា​ តើ​ពួកគេមាន​បំណង​នឹង​បន្ដ​[ប្រឡូក​ក្នុង​នយោបាយ]​ទៀត​ ឬ​ក៏​អត់​នោះ​ ប៉ុន្តែ​សម្រាប់​លោក ​[Trump] ខ្ញុំ​រំពឹង​ថា​ លោក​នឹង​នៅ​តែ​បន្ដ​ដើរ​តួនាទី​ដ៏​សំខាន់​មួយ»៕

XS
SM
MD
LG