ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃពុធម្សិលមិញ បានលុបចោលសេចក្តីប្រកាសរបស់លោកអតីតប្រធានាធិបតី Donald Trump ដែលរារាំងអ្នកដាក់ពាក្យសុំប័ណ្ណរស់នៅអចិន្ត្រៃយ៍ ឬ Green Card ជាច្រើននាក់ មិនឲ្យចូលមកក្នុងសហរដ្ឋអាមេរិក។
លោក Trump បានចេញការហាមឃាត់នេះកាលពីឆ្នាំមុន ដោយលោកបាននិយាយថា វាជាការចាំបាច់ដើម្បីការពារអ្នកធ្វើការនៅក្នុងសហរដ្ឋអាមេរិក នៅចំពេលដែលមានអត្រាអត់ការងារធ្វើខ្ពស់ ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។
លោក Biden បានច្រានចោលហេតុផលនេះនៅក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃពុធ ដែលលុបចោលការហាមឃាត់នេះ។
លោក Biden បាននិយាយថា ការហាមឃាត់របស់លោក Trump នេះ បានរារាំងក្រុមគ្រួសារនានាមិនឲ្យជួបជុំគ្នាបាននៅក្នុងសហរដ្ឋអាមេរិក និងបានធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មនានានៅក្នុងសហរដ្ឋអាមេរិក។
លោកប្រធានាធិបតី Biden កន្លងមក បានសន្យាលុបចោលគោលនយោបាយអន្តោប្រវេសន៍តឹងតែងជាច្រើនរបស់លោក Trump។
ក្រុមអ្នកតស៊ូមតិដើម្បីជនអន្តោប្រវេសន៍បានជំរុញក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះឲ្យលោក Biden លុបចោលការហាមឃាត់របស់លោក Trump នេះ។
ប៉ុន្តែទោះជាយ៉ាងនេះក្ដី លោក Biden បានរក្សាទុកបម្រាមដែលហាមឃាត់កម្មករបណ្តោះអាសន្នបរទេសភាគច្រើន៕