ឯកសារពន្ធដារនិងឯកសារជំនួញ ដែលមានកម្រាស់រាប់លានទំព័ររបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវបានប្រគល់ឲ្យរដ្ឋអាជ្ញារដ្ឋញូវយ៉ក បន្ទាប់ពីលោកបានបរាជ័យនៅក្នុងកិច្ចខិតខំប្រឹងប្រែងអស់រយៈពេល ១៧ ខែ ដើម្បីរារាំងកុំឲ្យពួកអ្នកស៊ើបអង្កេតទទួលបានឯកសារទាំងនោះ។
ឯកសារទាំងនោះ ដែលរួមមានទាំងឯកសារបង់ពន្ធពីប្រាក់ចំណូលឲ្យទៅរដ្ឋាភិបាលសហព័ន្ធ ដែលលោក Trump បានរៀបចំសម្រាប់ទីភ្នាក់ងារពន្ធដាររបស់រដ្ឋាភិបាល ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៩ ត្រូវបានក្រុមហ៊ុនគណនេយ្យមួយឈ្មោះ Mazars ដែលលោក Trump ឲ្យរៀបចំឯកសារពន្ធសម្រាប់លោកជាយូរមកហើយ ប្រគល់ទៅឲ្យលោក Cyrus Vance Jr. រដ្ឋអាជ្ញាសង្កាត់ញូវយ៉ក។
ការប្រគល់ឯកសារពន្ធនេះបានកើតមានឡើងក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកបានសម្រេចជំទាស់នឹងការស្នើសុំរបស់លោក Trump។ លោក Trump បានចប់អាណត្តិជាប្រធានាធិបតី កាលពី១ខែមុន។
លោក Vance និងរដ្ឋអាជ្ញាផ្សេងទៀត រួមជាមួយពួកអ្នកស៊ើបអង្កេត ឥឡូវនេះកំពុងអានយ៉ាងផ្ចិតផ្ចង់នូវឯកសារទាំងនោះ ដើម្បីសម្រេចថា តើលោក Trump ក្រុមហ៊ុន Trump លោក Allen Weisselberg ដែលជាប្រធានហិរញ្ញវត្ថុដ៏យូរអង្វែងរបស់ក្រុមហ៊ុនអចលនទ្រព្យ Trump ឬកូន៣ នាក់របស់លោក Trump គឺ អ្នកស្រី Ivanka Trump លោក Donald Trump Jr. និង លោក Eric Trump មានជាប់ទាក់ទិននឹងការលួចបន្លំប្រាក់ពន្ធដែរឬទេ។
លោក Trump ជាប្រធានាធិបតីអាមេរិកតែម្នាក់គត់ក្នុងរយៈពេល ៤ ទសវត្សរ៍ចុងក្រោយនេះ ដែលបានបដិសេធមិនព្រមបញ្ចេញឯកសារពន្ធរបស់លោក ដោយនិយាយថា លោកកំពុងស្ថិតក្រោមការធ្វើសវនកម្ម ប៉ុន្តែការណ៍នេះមិនបានរារាំងដល់ការបញ្ចេញឯកសារពន្ធនោះទេ។
ឯកសារពន្ធទាំងនោះទំនងជានៅតែត្រូវបានរក្សាទុកជាការសម្ងាត់ យោងតាមបទបញ្ញត្តិរក្សាការសម្ងាត់របស់គណៈវិនិច្ឆ័យ លុះត្រាតែមានការកាត់ទោសលោក Trump ពីបទឧក្រិដ្ឋណាមួយ ទើបគេអាចបញ្ចេញឯកសារនោះជាសាធារណៈបាន។
កាលពីដើមសប្ដាហ៍នេះ លោក Trump បាននិយាយវាយប្រហារទៅលើការសម្រេចរបស់តុលាការកំពូល ដែលតម្រូវឲ្យលោកបញ្ចេញឯកសារពន្ធទៅឲ្យលោករដ្ឋអាជ្ញា Vance ហើយបានហៅការស៊ើបអង្កេតរបស់លោក Vance ថា មានពាក់ព័ន្ធនឹងនយោបាយ។
លោក Trump ថ្លែងថា៖ «នេះគឺជាអ្វីដែលមិនធ្លាប់កើតឡើងចំពោះប្រធានាធិបតីពីមុនទាល់តែសោះ។ វាគឺជាអ្វីដែលកើតឡើង ដោយមានការលើកទឹកចិត្តពីពួកប្រជាធិបតេយ្យនៅក្នុងតំបន់មួយដែលមានសុទ្ធតែពួកប្រជាធិបតេយ្យ។ ទីក្រុងញូវយ៉ក និងរដ្ឋញូវយ៉ក គឺជាកន្លែងដែលគ្រប់គ្រងនិងដឹកមុខយ៉ាងខ្លាំងក្លាដោយសត្រូវរបស់ខ្ញុំ គឺអភិបាលរដ្ឋញូវយ៉កលោក Andrew Cuomo»។
ឆ្លើយតបទៅនឹងសាលក្រមតុលាការកំពូល លោក Vance បានថ្លែងថា៖ «ការងារនេះនឹងដំណើរការទៅមុខ»។
អ្នកដែលដឹងពីឯកសារដែលត្រូវបានប្រគល់ទៅឲ្យក្រុមរដ្ឋអាជ្ញានោះបានប្រាប់បណ្ដាញព័ត៌មាននានាថា ឯកសារទាំងនោះរួមមានទាំងឯកសារហិរញ្ញវត្ថុ ឯកសារពាក់ព័ន្ធនឹងការរៀបចំឯកសារបង់ពន្ធ និងឯកសារត្រួតពិនិត្យពន្ធ ក៏ដូចជាឯកសារសម្រាប់បង់ពន្ធផងដែរ៕