ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ស្នើ​តុលាការ​កំពូល​ឱ្យ​ធ្វើ​អន្តរាគមន៍​រឿង​វិវាទ​ឯកសារ​ដែល​រឹបអូស​បាន​ពី​ភូមិគ្រឹះ​របស់​លោក


រូបឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​របស់លោក​នៅ​ក្រុង Wilmington រដ្ឋ North Carolina ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២។
រូបឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​របស់លោក​នៅ​ក្រុង Wilmington រដ្ឋ North Carolina ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២។

ក្រុម​មេធាវី​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ស្នើ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​ឱ្យ​ដោះស្រាយ​លើ​វិវាទ​ផ្នែក​ផ្លូវ​ច្បាប់​ទាក់ទិន​នឹង​បណ្ដុំ​ឯកសារ​សម្ងាត់​ដែល​ទីភ្នាក់ងារ​សហព័ន្ធ​ស៊ើប​អង្កេត (FBI) បាន​រឹបអូស​នៅ​ក្នុង​ការ​ឆែកឆេរ​លើ​ភូមិគ្រឹះ​របស់​លោក Trump នៅ​រដ្ឋ Florida កាលពី​ថ្ងៃ​ទី ៨ ខែ​សីហា​កន្លង​ទៅ​នេះ។

ក្រុម​មេធាវី​របស់​លោក Trump បាន​ស្នើ​ចៅក្រម​តុលាការ​កំពូល​ឱ្យ​ច្រានចោល​សេចក្ដី​សម្រេច​របស់​តុលាការ​ឧទ្ធរណ៍​សហរដ្ឋ​អាមេរិក​តំបន់​ទី ១១ និង​អនុញ្ញាត​ឱ្យ​មជ្ឈត្តករ​ដែល​គេ​ហៅ​ថា​ជា​អ្នក​ជំនាញ​ពិសេស​ឱ្យ​ពិនិត្យ​លើ​ឯកសារ​ប្រមាណ ១០០ ដែល​ដាក់​ស្លាក​ថា​ជា​ឯកសារ​សម្ងាត់​ដែល​រឹបអូស​បាន​ពី​ភូមិគ្រឹះ​របស់​លោក។

ក្រុម​ចៅក្រម​ដែល​មាន​សមាជិក ៣ រូប នៃ​តុលាការ​ឧទ្ធរណ៍​សហរដ្ឋ​អាមេរិក​តំបន់​ទី ១១ កាលពី​ខែ​មុន​បាន​ដាក់​កំហិត​ឱ្យ​អ្នក​ជំនាញ​ពិសេស​នោះ​អាច​ត្រួត​ពិនិត្យ​បាន​តែ​លើ​ឯកសារ​ដែល​មិន​សម្ងាត់​តែ​ប៉ុណ្ណោះ។ ក្រុម​ចៅក្រម​នេះ​បាន​យល់ស្រប​តាម​ការ​អះអាង​របស់​ក្រសួង​យុត្តិធម៌​ដែល​ថា​មិន​មាន​មូលដ្ឋាន​ច្បាប់​ណា​មួយ​សម្រាប់​ឱ្យ​អ្នក​ជំនាញ​ពិសេស​នោះ​អាច​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ​ឯកសារ​សម្ងាត់​ទាំង​នោះ​បាន​ដោយ​ខ្លួន​ឯង។

ប៉ុន្តែ ក្រុម​មេធាវី​របស់​លោក Trump បាន​លើកឡើង​នៅ​ក្នុង​ឯកសារ​ដែល​ដាក់​ជូន​តុលាការ​កំពូល​ថា វា​គឺ​ជា​រឿង​ចាំបាច់​ដែល​អ្នក​ជំនាញ​ពិសេស​នោះ​អាច​មាន​លទ្ធភាព​ពិនិត្យ​មើល​ឯកសារ​សម្ងាត់​ទាំង​នោះ​បាន ដើម្បី «កំណត់​ថា​តើ​ឯកសារ​ដែល​ដាក់​ស្លាក​ថា​ជា​ឯកសារ​សម្ងាត់​នោះ​ពិតជា​ឯកសារ​សម្ងាត់​មែន​ឬ​ក៏​អត់ ហើយ​ទាក់ទិន​នឹង​រឿង​ឯកសារ​សម្ងាត់​នេះ ថា​តើ​ឯកសារ​ទាំង​នោះ​គឺ​ជា​ទិន្នន័យ​ផ្ទាល់​ខ្លួន​ឬ​ក៏​ជា​ទិន្នន័យ​របស់​ប្រធានាធិបតី»។

ក្រុម​មេធាវី​របស់​លោក Trump បាន​បញ្ជាក់​នៅ​ក្នុង​ឯកសារ​ដាក់​ជូន​តុលាការ​នោះ​ទៀត​ថា៖ «ដោយសារតែ​លោក Trump មាន​អំណាច​ទាំងស្រុង​លើ​ការ​សម្រេច​រឿង​ឯកសារ​សម្ងាត់​នៅ​ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ជា​ប្រធានាធិបតី ស្ថានភាព​បច្ចុប្បន្ន​នៃ​ឯកសារ​ណា​មួយ​ដែល​មាន​វិវាទ​មិន​អាច​ត្រូវ​បាន​កំណត់​ដោយ​យោង​ទៅ​លើ​ស្លាក​នៅ​លើ​ឯកសារ​នោះ​តែ​ឯកឯង​បាន​ទេ»៕

XS
SM
MD
LG