កាលពីថ្ងៃអង្គារ ចៅក្រមតុលាការថ្នាក់ជាតិរបស់សហរដ្ឋអាមេរិកបានបង្ហាញផ្នែកបន្ថែមទៀតនៃលិខិតផ្លូវច្បាប់ដែលទីភ្នាក់ងារសហព័ន្ធស៊ើបអង្កេត (FBI) បានដាក់ជូនតុលាការដើម្បីស្នើសុំដីកាឆែកឆេរលើភូមិគ្រឹះ Mar-a-Lago របស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅក្នុងរដ្ឋ Florida។
ការឆែកឆេរភូមិគ្រឹះរបស់លោក Trump នេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ទីភ្នាក់ងារ FBI លើការរក្សាទុករបស់លោក Trump នូវឯកសារសម្ងាត់របស់រដ្ឋាភិបាលនៅក្រោយពេលលោកបានបញ្ចប់អាណត្តិជាប្រធានាធិបតីកាលពីខែមករា ឆ្នាំ ២០២១។
ផ្នែកនៃលិខិតដែលចៅក្រមបានបង្ហាញនោះបានលាតត្រដាងឱ្យឃើញថា អ្នកស៊ើបអង្កេតបានអនុវត្តតាមដីការបស់តុលាការលើក្រុមហ៊ុន Trump Organization របស់លោក Trump កាលពីថ្ងៃទី ២៤ ខែមិថុនា ដោយទាមទារឱ្យមានការប្រគល់ជូននូវវីដេអូនិងរូបភាពដែលថតជាប់ក្នុងកាមេរ៉ាសុវត្ថិភាពនៅជិតបន្ទប់ផ្ទុកឯកសារនៅក្នុងភូមិគ្រឹះ Mar-a-Lago របស់លោក Trump ដែលនៅក្នុងបន្ទប់នោះមានប្រអប់ជាច្រើនដែលមានផ្ទុកឯកសារសម្ងាត់នៅក្នុងនោះ។
លិខិតនេះបានបញ្ជាក់ថា ក្រុមហ៊ុន Trump Organization បានប្រគល់ឧបករណ៍ផ្ទុកទិន្នន័យដែលមានផ្ទុកវីដេអូនៃកាមេរ៉ាសុវត្ថិភាពនោះឱ្យទីភ្នាក់ងារ FBI កាលពីថ្ងៃទី ៦ ខែកក្កដា តបតាមដីការបស់តុលាការ។
កាលពីថ្ងៃទី ៨ ខែសីហា ទីភ្នាក់ងារ FBI បានអនុវត្តតាមដីកាឆែកឆេរដែលតុលាការយល់ព្រមចំពោះលិខិតស្នើសុំរបស់ខ្លួនលើភូមិគ្រឹះ Mar-a-Lago របស់លោក Trump ដោយរឹបអូសបានរបស់របរនានាចំនួនជិត ១៣.០០០ ដែលក្នុងនោះមានទាំងឯកសារសម្ងាត់ជាង ១០០ ផងដែរ។
ទីភ្នាក់ងារ FBI កំពុងស៊ើបអង្កេតលើបទឧក្រិដ្ឋដែលអាចប្រព្រឹត្តិឡើងមួយចំនួនពាក់ព័ន្ធនឹងការរក្សាទុករបស់លោក Trump នូវឯកសាររដ្ឋាភិបាល ដែលក្នុងនោះរួមមានទាំងការរំលោភដែលអាចទៅរួចលើច្បាប់ចារកម្មនិងការរារាំងដំណើរការយុត្តិធម៌ផងដែរ៕
លោក Masood Farivar ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានរួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press និងទីភ្នាក់ងារព័ត៌មាន Reuters។