ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​យុត្តិធម៌​អាមេរិក​គ្រោង​នឹង​ប្តឹង​ឧទ្ធរណ៍​សេចក្តី​សម្រេច​ពិសេស​ក្នុង​ករណី​លោក Trump


រូបឯកសារ៖ លោក​អតីត​ប្រធានាធិបតី Donald Trump ថ្លែង​សុន្ទរកថា​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​រដ្ឋ Texas ​កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។
រូបឯកសារ៖ លោក​អតីត​ប្រធានាធិបតី Donald Trump ថ្លែង​សុន្ទរកថា​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​រដ្ឋ Texas ​កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

ក្រសួង​យុត្តិធម៌​សហ​រដ្ឋ​អាមេរិក​ កាល​ពីថ្ងៃ​ព្រហស្បតិ៍​ បាន​ស្នើ​សុំ​ចៅក្រម​សហព័ន្ធ​ឱ្យ​ផ្អាក​ផ្នែក​ខ្លះ​នៃ​បទ​បញ្ជា​ថ្មីៗ ដែល​អនុញ្ញាត​ឱ្យ​តែងតាំង​អ្នក​គ្រប់គ្រង​ពិសេស​សម្រាប់​ឯកសារ​ដែល​យក​ពី​លំនៅដ្ឋាន​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump ​ក្នុង​រដ្ឋ​ Florida ​និង​ហាម​រដ្ឋ​អាជ្ញា​មិន​ឱ្យ​មើល​ឯកសារ​សម្ងាត់ ខណៈ​កំពុង​មាន​ការ​ត្រួត​ពិនិត្យ​ដោយ​ឯករាជ្យ​នោះ។

ដោយ​និយាយ​ថា​ ការ​ស៊ើប​អង្កេត​របស់​ការិយាល័យ​សហព័ន្ធ​ស៊ើប​អង្កេត​ (FBI)​អំពី​ការ​ចាត់ចែង​របស់​លោក​ Trump ​លើ​ឯកសារ​សម្ងាត់កំពុង​ត្រូវ​បាន​រារាំង​ដោយ​សេចក្តី​សម្រេច​នោះ ​ មេធាវី​របស់​ក្រសួង​យុត្តិធម៌​បាន​ជូន​ដំណឹងទៅ​ចៅក្រម​សាលា​ដំបូង​សហព័ន្ធ លោកស្រី​ Aileen Cannon ​ថា​ ពួកគេ​មាន​គម្រោង​ប្តឹង​ឧទ្ធរណ៍​លើ​សេចក្តី​សម្រេច​របស់​លោកស្រី​ ប្រសិន​បើ​លោកស្រី​មិន​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​ពួក​គេ​បន្ត​ការងាររបស់​គេត្រឹម​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ​ទេ​នោះ។​ ពួកគេ​បាន​សរសេរ​ថា «បើ​គ្មានការ​ត្រួត​ពិនិត្យ​ទេនោះ​ ​រដ្ឋាភិបាល​ និង​សាធារណ​ជន​នឹង​រង​គ្រោះថ្នាក់​ដែល​មិន​អាច​ជួសជុល​បាន»។​

មន្ត្រី​ក្រសួង​យុត្តិធម៌​បាន​សរសេរ​ថា ​ជា​មួយ​នឹង​ការត្រួត​ពិនិត្យ​មើល​ អ្នក​គ្រប់គ្រង​ពិសេស​ ឬ​ភាគី​ខាងក្រៅនោះ​នឹង​អាច​មើល​កំណត់​ត្រា​មិន​សម្ងាត់​ដែល​ត្រូវ​បាន​រឹបអូស​ដោយ​ FBI ​រួមទាំង​របស់​របរ​ផ្ទាល់​ខ្លួន​ និង​ព័ត៌មាន​របស់​លោក​ Trump ​ដែល​ការពារ​ដោយ​សិទ្ធិ​មេធាវី​ការពារ​កូនក្តី។ ​ឯកសារ​នេះ​ចុះ​ហត្ថលេខា​ដោយលោក ​Juan Antonio Gonzalez ​មេធាវី​សហ​រដ្ឋអាមេរិក ​លោក ​Jay Bratt រដ្ឋ​អាជ្ញា​សហព័ន្ធ​ ដែល​ជា​មន្ត្រី​យុត្តិធម៌​កំពូល​ប្រឆាំង​ការ​ស៊ើប​ការណ៍​ និង​លោក ​Matthew Olsen ​ប្រធាន​ផ្នែក​សន្តិសុខ​ជាតិ​នៃ​ក្រសួង​យុត្តិធម៌។​

ក្នុង​អំឡុង​ពេល​នៃ​ឆែកឆេរ​កាលពី​ថ្ងៃ​ទី៨ ​ខែ​សីហា​ នៅ​តំបន់​រមនីយដ្ឋាន​ Mar-a-Lago ​របស់​លោក ​Trump ​ក្នុង​រដ្ឋ ​Florida​នោះ​ ភ្នាក់ងារ ​FBI ​បាន​ដក​យក​ឯកសារ​ និង​របស់​របរ​ជិត ​១ម៉ឺន​៣​ពាន់។ ​ក្នុង​ចំណោម​ឯកសារ​ទាំងនោះ ​ មាន​ឯកសារ​ជាង​១០០ ​ជា​ឯកសារ​សម្ងាត់​ដោយ​ខ្លះ​មាន​ស្លាក​ថា ​ជា​«ឯកសារ​សម្ងាត់​បំផុត»។ ​ក្រសួង​យុត្តិធម៌​នឹង​ផ្តល់​ឱ្យ​ក្រុម​របស់​លោក ​Trump ​នូវ​ច្បាប់​ចម្លង​នៃ​ឯកសារ​មិន​សម្ងាត់​ទាំងអស់​ដែល​ដកហូត​ក្នុង​អំឡុង​ពេល​នៃ​ការ​ឆែកឆេរ ហើយ​ប្រគល់​ឱ្យ​លោក ​Trump ​វិញ​នូវ​របស់​របរ​ដែល​«មិនទាក់ទង​ឯកសារ​សម្ងាត់»។ ​

មន្ត្រី​យុត្តិធម៌​បាន​សរសេរ​នៅ​ក្នុង​ឯកសារ​របស់​ពួក​គេ​ថា​ ការ​រារាំង​មិនឱ្យ​រដ្ឋ​អាជ្ញា​ទទួល​បាន​កំណត់​ត្រា​សម្ងាត់​ជាង​១០០​ក៏​ជា​ការ​រារាំង​ការ​ពិនិត្យ​មើល​ចំណាត់​ថ្នាក់​ឯកសារ ​និង​ការ​រារាំង​ការ​វាយ​តម្លៃ​អំពី​សន្តិសុខជាតិ​នៃ​ឯកសារនោះ​ផង​ដែរ។​

ក្រៅពី​មាន​តួនាទី​ជា​ទីភ្នាក់ងារ​ពង្រឹងច្បាប់​ ​FBI​ គឺ​ជា​ផ្នែកមួយ​នៃ​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​របស់​សហ​រដ្ឋ​អាមេរិក​ផង​ដែរ។ ​FBI​ កំពុង​ស៊ើប​អង្កេត​ការ​រំលោភ​ជាច្រើន​ដែល​អាច​កើត​មាន​ផ្នែក​ព្រហ្មទណ្ឌ​ ទាក់ទង​នឹង​ការ​រក្សាទុក​ឯកសារ​ដោយ​លោក​ Trump​ ជាង​មួយឆ្នាំ​ បន្ទាប់ពី​លោក​បានចប់តំណែងជា​ប្រធានាធិបតី​នៅ​សេតវិមាន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG