លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ ធ្វើដំណើរទៅកាន់ក្រុងហិលស៊ីនគី ប្រទេសហ្វាងឡង់ នៅថ្ងៃអាទិត្យស្អែកនេះដើម្បីជួបជាមួយមេដឹកនាំរុស្សី Vladimir Putin ដោយចាកចេញពីពួកសម្ព័ន្ធមិត្តនៃអង្គការអូតង់របស់លោក—ដោយមានរួមបញ្ចូលទាំងប្រទេសអង់គ្លេសផង។
អង់គ្លេសមានការរង្គាសចិត្តព្រមទាំងមានការងឿងឆ្ងល់អំពីថាតើត្រូវធ្វើបែបណាដើម្បីទាក់ទងជាមួយប្រធានាធិបតីអាមេរិកាំងរូបនេះដែលមានរបៀបធ្វើការងារប្លែកពីរបៀបធម្មតាហើយដែលហាក់ដូចជាគ្មានមនោសញ្ចេតនាអំពីសម្ព័ន្ធភាពនៃក្រុមបស្ចឹមប្រទេសព្រមទាំងមិនបានគិតគូរអំពីសុជីវធម៌ខាងការទូតឡើយ។
នៅក្រោយការប្រជុំគ្នាកាលពីពាក់កណ្តាលសប្តាហ៍នៅក្នុងក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ដែលនៅទីនោះលោក ត្រាំ បានចោទប្រកាន់ពួកអឺរ៉ុបថាមិនអើពើនឹងកាតព្វកិច្ចរបស់ខ្លួន ហើយមានគេបានរាយការណ៍មកថាលោកក៏បានព្រលយពាក្យដែរថាស.រ.អា.ប្រហែលដកខ្លួនថយចេញពីអង្គការអូតង់ប្រសិនបើពួកប្រទេសជាសមាជិកនៃអង្គការនេះក្នុងទ្វីបអឺរ៉ុបមិនបង្កើនចំណាយខាងកិច្ចការពារប្រទេសពួកគេឱ្យបានឆាប់រហ័សទេនោះ។
ពួកមន្ត្រីអឺរ៉ុបខ្លះនិយាយថា នៅពេលនេះទ្វីបអឺរ៉ុបគួរចាប់ផ្តើមគិតគូរអំពីផែនការការពារប្រទេសដោយគោរពតាមគោលការណ៍នៃអង្គការអូតង់។
ការផ្តើមគំនិតខាងកិច្ចការពារប្រទេសឆ្លងកាត់ព្រដែនអឺរ៉ុបបានត្រូវគ្រោងរួចស្រេចហើយដូចជាកងកម្លាំងប្រតិកម្មរហ័សអង់គ្លេស-បារាំងជាដើមទំនងជានឹងត្រូវជំរុញលឿនជាងមុនដោយរដ្ឋាភិបាលអឺរ៉ុបនៅក្រោយសន្និសីទកំពូលនៃអង្គការអូតង់ក្នុងសប្តាហ៍នេះ៕