ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌា បានប្រកាស នៅក្នុងថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ៣ពាន់លានដុល្លារ ដើម្បីលក់ឧត្ថម្ភាគចក្រនិងសម្ភារៈយោធាអាមេរិកផ្សេងទៀតទៅឲ្យយោធាឥណ្ឌា។
លោកត្រាំបានធ្វើការប្រកាសនេះក្នុងពេលអំឡុងពេលលោកថ្លែងសុន្ទរកថាទៅកាន់ពលរដ្ឋឥណ្ឌាប្រមាណ១០០.០០០ (១សែន)នាក់ ដែលបានជួបជុំគ្នានៅក្នុងទីក្រុង Ahmeddabad ដើម្បីស្តាប់សុន្ទរកថារបស់លោកនិងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi។
នៅមុនទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឥណ្ឌា លោកត្រាំបានថ្លែង លោកមិនមានគម្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់មួយរវាងប្រទេសទាំងពីរទេ នៅក្នុងអំឡុងទស្សនកិច្ចនេះ។ ប៉ុន្តែនៅក្នុងសុន្ទរកថាលោកក្នុងថ្ងៃចន្ទ លោកប្រធានាធិបតីត្រាំបានសន្យាថាប្រទេសទាំងពីរនឹងសម្រេចបានកិច្ចព្រមព្រៀងដែលធំបំផុត និងសម្តែងសុទិដ្ឋិនិយមថាលោកនិងលោក Modi នឹងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ល្អនេះសម្រាប់ប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ក៏បានសម្តែងសុទិដ្ឋិនិយមចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះដែរ ដោយលោកបញ្ជាក់ថា ឥណ្ឌានិងសហរដ្ឋអាមេរិកកំពុងពង្រីកទំនាក់ទំនងនៅក្នុងវិស័យជាច្រើន រួមទាំងវិស័យថាមពលនិងបច្ចេកវិទ្យាព័ត៌មានហើយ។ លោក Modi ប្រទេសឥណ្ឌាដែលកាន់តែលូតលាស់នឹងផ្តល់ឱកាសថ្មីៗដល់សហរដ្ឋអាមេរិក។
ដោយហៅប្រទេសទាំងពីរថាជា «ដៃគូពីធម្មជាតិ» នាយករដ្ឋមន្ត្រីឥណ្ឌារូបនេះថា ប្រទេសទាំងពីរអាចជួយនាំសន្តិភាព វិបុលភាពនិងសន្តិសុខមិនត្រឹមតែមកកាន់តំបន់ «ឥណ្ឌូប៉ាស៊ីហ្វិក» ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភពលោកទាំងមូលទៀតផង។
លោក Donald Trump ជាប្រធានាធិបតីអាមេរិកទី៤បន្តបន្ទាប់គ្នាដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ដែលបន្តការផ្លាស់ប្តូរនយោបាយការទូតអាមេរិកដែលកាន់តែខិតទៅរកប្រទេសឥណ្ឌា និងងាកចេញសម្ព័ន្ធភាពជាមួយប្រទេសប៉ាគីស្ថាន ដែលជាសត្រូវជិតខាងរបស់ឥណ្ឌា៕