ប្រទេសឥណ្ឌាគ្រោងនឹងចំណាយថវិការរាប់ពាន់លានដុល្លារសម្រាប់ស្តារវិស័យកសិកម្មដោយបង្កើនការចំណាយលើការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កើតការងារនិងការបន្ថយការយកពន្ធក្នុងគោលបំណងដើម្បីជំរុញឱ្យសេដ្ឋកិច្ចងើបស្ទុះឡើងវិញបន្ទាប់ពីកំណើនសេដ្ឋកិច្ចមានស្ថានភាពអាក្រក់បំផុតនៅក្នុងរយៈពេលមួយទសវត្សរ៍នេះ។
កាលពីថ្ងៃទី១ខែកុម្ភៈនេះរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌាលោក Nirmala Sitharaman បានថ្លែងក្នុងកិច្ចប្រជុំសភាស្តីពីការលាតត្រដាងខ្ទង់ថវិកាជាតិប្រចាំឆ្នាំ២០២០ថា៖«នេះជាថវិកាសម្រាប់បង្កើនប្រាក់ចំណូលនិងលទ្ធភាពសរុបក្នុងការទិញ។ យើងចង់ធានាថាថវិកាបានដល់ដៃរបស់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋដែលមានមានជីវភាពមធ្យមនិងជីវភាពមធ្យមកម្រិតទាប»។
ទោះជាយ៉ាងនេះក្តី ក្រុមសេដ្ឋវិទូព្រមានថា ចំណាត់ការបត់លឿនបែបនេះទំនង មិនអាចទៅរួចទេសម្រាប់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំទី៣នៅតំបន់អាស៊ីមួយនេះ(បន្ទាប់ពីចិននិងជប៉ុន)។ លោក Santosh Mehrotra សាស្រ្តាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យJawaharlal Nehru នៅទីក្រុងញូវដែលីបានថ្លែងថា៖
«ខ្ញុំមើលឃើញថាសេដ្ឋកិច្ចមិនអាចងើបស្ទុះឡើងក្នុងរយៈពេល១ឆ្នាំនេះទេ វាមិនអាចទៅរួចទេហើយវាក៏ជាការរំពឹងខ្លាំងពេកជាការវាយតម្លៃសុទិដ្ឋិនិយមពេក។ ស្ថានភាពសេដ្ឋកិច្ចនៅបន្តស្ថិតក្នុងស្ថានភាពអាក្រក់នៅឡើយ»។
ក្រុមអ្នកវិភាគនយោបាយថ្លែងថា ការធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញគឺមានសារៈសំខាន់សម្រាប់លោកនាយករដ្ឋមន្ដ្រី Narendra Modiដែលចូលកាន់តំណែងតាំងពី៦ឆ្នាំមុនដោយសន្យាធ្វើឱ្យសេដ្ឋកិច្ចឥណ្ឌាកើនឡើងខ្ពស់ ហើយបានសន្យាបង្កើតការងាររាប់លានប៉ុន្តែលោកកំពុងរងការរិះគន់លើការផ្តោតលើកិច្ចការជាតិនិយមហិណ្ឌូក្នុងអាណត្តិទី២របស់លោក។
ប្រទេសឥណ្ឌាធ្លាប់ជាប្រទេសដែលមានសេដ្ឋកិច្ចកើនឡើងលឿនបំផុតក្នុងពិភពលោក រហូតដល់ឆ្នាំ២០១៩ សេដ្ឋកិច្ចឥណ្ឌាបានធ្លាក់ចុះយ៉ាងគំហុកមកស្ថិតនៅក្រោម៥ភាគរយនៅប៉ុន្មានខែចុងក្រោយនេះ។ ការស្ទង់មតិមួយរបស់រដ្ឋាភិបាលទស្សន៍ទាយថា សេដ្ឋកិច្ចនឹងកើនឡើងនៅឆ្នាំក្រោយពីចន្លោះ៦ទៅ៦,៥ភាគរយ។
ផលិតផលក្នុងស្រុកសរុបឬ GDP របស់ឥណ្ឌាស្ថិតក្នុងកម្រិតទាបបំផុតក្នុងរយៈពេល៦ឆ្នាំនេះហើយការរីកលូតលាស់ក្នុងវិស័យឧស្សាហកម្មចម្រុះចម្បងផ្សេងៗក៏មានការថយចុះផងដែរ។ កំណើនសេដ្ឋកិច្ចក្នុងឆ្នាំសារពើពន្ធ២០១៩របស់ឥណ្ឌាគិតពីខែមេសា ឆ្នាំ២០១៩ ដល់ខែមីនាឆ្នាំ២០២០ ត្រូវបានគេព្យាករណ៍ថាស្ថិតក្រោម៥ភាគរយ។ ទិន្នន័យដែលមានគឺមានតែត្រីមាសចុងក្រោយ គិតពីខែកក្កដា ដល់ខែកញ្ញាឆ្នាំ២០១៩ មានកំណើន៤,៥ភាគរយ។
ការធ្លាក់ចុះយ៉ាងគំហុកក្នុងការចាយវាយរបស់ប្រជាជន១,៣ពាន់លាននាក់ដែលកំពុងស៊ូទ្រាំនឹងប្រាក់ចំណូលដែលតិចទៅៗហើយការអត់ការងារធ្វើកំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចឥណ្ឌាដែលពឹងផ្អែកទាំងស្រុងលើការប្រើប្រាស់ក្នុងស្រុក ខុសពីប្រទេសផ្សេងៗក្នុងតំបន់អាស៊ីដែលសេដ្ឋកិច្ចពឹងផ្អែកលើការនាំចេញ។
រដ្ឋាភិបាលថានឹងចំណាយថវិកាប្រមាណ៤០ពាន់លានដុល្លារលើវិធានការនានាដែលអាចធ្វើឱ្យប្រាក់ចំណូលប្រជាជននៅតាមតំបន់ជនបទមានភាពប្រសើរឡើង។ រដ្ឋាភិបាលថានឹងជួយកសិករបំពាក់ឧបករណ៍បំលែងថាមពលព្រះអាទិត្យនិងបង្កើតឃ្លាំងក្លាសេទំនិញ ដើម្បីផ្ទុកទំនិញដែលងាយស្អុយរលួយដូចជាផ្លែឈើ និងបន្លែដែលកសិករជាញឹកញាប់បង្ខំចិត្តលក់ក្នុងតម្លៃទាប។
ទោះបីជាវិស័យកសិកម្មរួមចំណែកត្រឹម១៥ភាគរយដល់ផលិតផលក្នុងស្រុកសរុបក៏ដោយ វិស័យនេះអាចផ្គត់ផ្គង់ប្រជាពលរដ្ឋ២ភាគ៣នៅក្នុងប្រទេស។
ការកាត់បន្ថយពន្ធសម្រាប់ពលរដ្ឋក៏ជាវិធីសាស្រ្តទាក់ទាញឲ្យអ្នកទិញដូរចាយវាយប្រាក់កាសទៅលើទិញរថយន្ត និងផ្ទះសម្បែងផងដែរ។ រដ្ឋាភិបាលក៏គ្រោងនឹងជំរុញឲ្យមានគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដើម្បីបង្កើតការងារដល់អ្នកដែលអត់មានការងារធ្វើ។ អត្រាអ្នកអត់ការងារធ្វើមានកម្រិតខ្ពស់បំផុតនៅជាង៤ទសវត្សរ៍ចុងក្រោយនេះ។
កំណើនសេដ្ឋកិច្ចយឺតបែបនេះក៏ជាការដាក់សម្ពាធបន្ថែមលើលោកនាយករដ្ឋមន្ត្រីModi ស្របពេលដែលរដ្ឋាភិបាលលោកប្រឈមនឹងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងក្លាបំផុតតាំងពីលោកចូលកាន់តំណែង។
ការប្រឆាំងតវ៉ាកាន់តែរីករាលដាលដោយសារតែច្បាប់សញ្ជាតិថ្មីដែលក្រុមអ្នករិះគន់បានរិះគន់យ៉ាងខ្លាំងថាជាហេតុធ្វើឲ្យមានការបែកបាក់គ្នា ពីព្រោះច្បាប់នោះមិនផ្តល់សញ្ជាតិដល់អ្នកកាន់សាសនាឥស្លាមដែលធ្វើអន្តោប្រវេសន៍ពីប្រទេសប៉ាគីស្ថាន អាហ្វានីស្ថាន និងបង់ក្លាដេសនោះទេ។ អ្នកវិភាគនយោបាយ ព្រមានថាភាពចលាចលដែលកើតមានកាលនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះអាចធ្វើឲ្យរដ្ឋាភិបាលភ្លេចផ្តោតការយកចិត្តទុកដាក់លើស្ថានភាពសេដ្ឋកិច្ចដែលកំពុងចុះអន់ថយនេះ៕
ប្រែសម្រួលដោយ កោះ សុគន្ធី