ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ដូណាល់ ​ត្រាំ​ និយាយថា​​ ជម្រើស​ទាំង​អស់​ស្ថិត​នៅ​លើ​តុ​ចរចា​បន្ទាប់​ពី​ការ​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង


លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង​ពិនិត្យ​មើល​ការ​បាញ់​បង្ហោះ​មីស៊ីល​ផ្លោង​វង់ប្រតិបត្តិ​ចម្ងាយ​មធ្យម និង​វែង​ នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង​ កាលពី​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។
លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង​ពិនិត្យ​មើល​ការ​បាញ់​បង្ហោះ​មីស៊ីល​ផ្លោង​វង់ប្រតិបត្តិ​ចម្ងាយ​មធ្យម និង​វែង​ នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង​ កាលពី​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។

លោក​ប្រធានា​ធិបតីអាមេរិក​ដូណាល់ ត្រាំ​និយាយ​ថា ជម្រើស​ទាំងអស់​ស្ថិត​នៅ​លើ​តុ​ចរចា «បន្ទាប់ពី​ការបាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នៅ​ពេល​ថ្មីៗ​នេះ‍»។​

កាំជ្រួច​មីស៊ីល​ដែល​បាន​ហោះ​យ៉ាង​ខ្ពស់​ឆ្លង​កាត់​តំបន់​ភាគ​ខាង​ជើង​របស់​ប្រទេស​ជប៉ុន​ដែល​ជាសម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​កាល​ពីព្រឹក​ថ្ងៃ​អង្គារ​ដែល​ត្រូវ​នឹង​ម៉ោង​នៅ​អាស៊ី ​ទំនង​ជា​កាំជ្រួច​មីស៊ីល​ផ្លោង​វង់​ប្រតិបត្តិការ​មធ្យម ​នេះ​យោង​តាម​ពួក​មន្ត្រី​សហរដ្ឋ​អាមេរិក។

លោក​ប្រធានា​ធិបតី​អាមេរិក​ត្រាំ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បានចេញ​ផ្សាយ​ដោយ​សេតវិមាន​ថា កូរ៉េខាង​ជើង​បាន​ផ្តល់​សញ្ញា​ពី​ការ​មិន​ពេញ​ចិត្តដល់​ប្រទេស​ជិត​ខាង​របស់​ខ្លួន និង​ប្រទេស​ទាំងអស់​ជា​សមា​ជិក​របស់​អង្គការ​សហប្រជាជាតិ ​ហើយ​និង​បទដ្ឋាន​អប្បរមា​នៃ​ការ​សុខចិត្ត​ទទួល​យក​ឥរិយាបទ​របស់​អន្តរជាតិ»។

សេចក្តី​ថ្លែងការណ៍​របស់​ប្រធានា​ធិបតី​បាន​បញ្ចប់​ថា «ជម្រើស​ទាំងអស់​ស្ថិត​នៅ​លើ​តុ‍​ចរចា»។

នៅ​ពេល​ដែល​ VOA ​សួរ​កាលពី​ព្រឹកថ្ងៃ​អង្គារ​ម្សិលមិញ​អំពី​ភាព​ជាក់លាក់​ដែល​ប្រធានា​ធិបតី​មាន​ផែនការ​នឹង​ធ្វើអំពី​កូរ៉េខាង​ជើង​នោះ ​លោក​ប្រធានា​ធិបតីត្រាំ​បាន​ឆ្លើយតប​ដោយ​មិនផ្តល់​សេចក្តី​លម្អិត​មុន​ពេល​ឡើង​ឧទ្ធម្ភាគចក្រ Marine One នៅ​សួនច្បារ​ខាង​ត្បូង​សេតវិមាន​ថា «យើង​នឹង​ឃើញ ​យើង​នឹង​ឃើញ‍»។ ថ្លែង​ប៉ុន្មាន​ម៉ោង​មុន​ពេល​ជំនួប​ក្នុង​គ្រា​អាសន្ន​របស់​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ លោក​ស្រី Nikki Haley ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​បាន​មាន​ប្រសាសន៍​ថា ពួក​អ្នក​ការទូត​នឹង​ពិភាក្សា​អំពី​អ្វី​ដែល​នៅ​សេសសល់​ទៀត​ដើម្បី​ចាត់​វិធានការ​ប្រឆាំង​នឹង​កូរ៉េខាង​ជើង៕

XS
SM
MD
LG