រដ្ឋាភិបាលចិនបានបដិសេធចំពោះទណ្ឌកម្មថ្មីៗដែលសហរដ្ឋអាមេរិកបានដាក់ប្រឆាំងក្រុមហ៊ុនចិន និងក្រុមហ៊ុនរុស្ស៊ីមួយចំនួន សម្រាប់ការណ៍ដែលក្រុមហ៊ុនទាំងនេះគាំទ្រកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បាននិយាយនៅឯសន្និសីទព័ត៌មានមួយថា ការដាក់ទណ្ឌកម្មទាំងនេះមិនបានជួយដល់កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក្នុងការរារាំងសកម្មភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះទេ។
លោកស្រីបានបន្ថែមថា សហរដ្ឋអាមេរិកគួរតែកែប្រែកំហុសរបស់ខ្លួនឲ្យបានឆាប់ និងបានបញ្ជាក់សារជាថ្មីអំពីការអំពាវនាវរបស់រដ្ឋាភិបាលចិនឲ្យមានការដាក់កំហិត និងការចរចា ដើម្បីដោះស្រាយបញ្ហាជាមួយនឹងប្រទេសកូរ៉េខាងជើង។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានប្រកាសអំពីការដាក់ទណ្ឌកម្មទាំងនេះកាលពីថ្ងៃអង្គារម្សិលមិញ ដោយបានលើកឡើងថា ទណ្ឌកម្មទាំងនេះគឺជាការបំពេញបន្ថែមទៅនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានអនុម័តកាលពីដើមខែនេះ ក្នុងគោលបំណងដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសកូរ៉េខាងជើង និងថ្កោលទោសការសាកល្បងគ្រាប់ផ្លោងមីស៊ីលរបស់ប្រទេសនេះ។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានបញ្ចូលក្រុមហ៊ុនចំនួន ១០ និងបុគ្គលចំនួន ៦ រូប ចូលទៅក្នុងបញ្ជីដាក់ទណ្ឌកម្ម ដែលក្នុងនោះមានទាំងក្រុមហ៊ុនធ្យូងថ្ម ក្រុមហ៊ុនដែកថែប និងក្រុមហ៊ុនហិរញ្ញវត្ថុរបស់ចិនផងដែរ៕