ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​កាត់​ពី​លើ​ប្រទេស​ជប៉ុន


លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង​សប្បាយ​រីករាយ​ក្នុង​ពេល​បាញ់​រ៉ុក្កែត​យុទ្ធសាស្ត្រ Hwasong-12 នៅ​ក្នុង​រូបភាព​ដែល​ចេញ​ផ្សាយ​ដោយ​ភ្នាក់ងារ Korean Central News Agency កាលពី​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។
លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង​សប្បាយ​រីករាយ​ក្នុង​ពេល​បាញ់​រ៉ុក្កែត​យុទ្ធសាស្ត្រ Hwasong-12 នៅ​ក្នុង​រូបភាព​ដែល​ចេញ​ផ្សាយ​ដោយ​ភ្នាក់ងារ Korean Central News Agency កាលពី​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង​មីស៊ីល ដែល​ហោះ​ពី​លើ​ប្រទេស​ជប៉ុន ដែល​ការ​បាញ់​លើក​នេះ​ត្រូវ​បាន​អ្នក​វិភាគ​នានា​និយាយ​ថា ស្រដៀង​ទៅ​នឹង​គម្រោង​ដែល​ត្រូវ​បាន​ពន្យារពេល​នា​ពេល​ថ្មីៗ​នេះ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ដែល​ចង់​បាញ់​មីស៊ីល​ទៅ​ជិត​កោះ Guam របស់​សហរដ្ឋ​អាមេរិក។ ការ​បាញ់​មីស៊ីល​លើក​នេះ​ក៏​ជំរុញ​ឲ្យ​មាន​ប្រតិកម្ម​ពី​សំណាក់​មេដឹកនាំ​ប្រទេស​ជប៉ុន និង​មេដឹកនាំ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ។

ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​លើក​នេះ​ត្រូវ​បាន​គេ​ជឿ​ថា ជា​ការ​សាកល្បង​ដ៏​ជោគជ័យ​លើក​ទី​ពីរ​នៃ​គ្រាប់​ផ្លោង​មីស៊ីល Hwasong 12 ដែល​អាច​ហោះ​បាន​ចម្ងាយ​មធ្យម​រវាង​ពី ៣ ពាន់​គីឡូម៉ែត្រ ទៅ ៥ ពាន់​គីឡូម៉ែត្រ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​ខាង​គ្រាប់​ផ្លោង​មីស៊ីល​លោក Jeffrey Lewis ដែល​ជា​ប្រធាន​កម្មវិធី​រារាំង​អាវុធ​នុយក្លេអ៊ែរ​នៅ​តំបន់​អាស៊ី​បូព៌ា នៃ​វិទ្យាស្ថាន​សិក្សា​កិច្ចការ​អន្តរជាតិ Middlebury ក្នុង​រដ្ឋ California សហរដ្ឋ​អាមេរិក។ ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល Hwasong 12 ដែល​ទទួល​បាន​ជោគជ័យ​លើក​ដំបូង​របស់​កូរ៉េ​ខាង​ជើង បាន​ធ្វើ​ឡើង​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ។

គ្រាប់​ផ្លោង​មីស៊ីល​នេះ​បាន​ហោះ​ខ្ពស់​រំលង​ពី​លើ​ប្រទេស​ជប៉ុន ក្នុង​រយៈពេល​ប្រហែល ១០ នាទី​ក្រោយ​មក បន្ទាប់​ពី​បាន​បាញ់​ចេញ​ពី​កូរ៉េ​ខាង​ជើង ហើយ​វា​បាន​បំបែក​ចេញ​ជា ៣ ចំណែក និង​ធ្លាក់​ចូល​ទៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​កោះ Hokkaido របស់​ជប៉ុន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​ជប៉ុន។

គ្រាប់​ផ្លោង​មីស៊ីល​ដែល​បាញ់​ចេញ​ពី​មូលដ្ឋាន​ចល័ត​ក្នុង​សង្កាត់ Sunan ជិត​ប្រលាន​យន្តហោះ​អន្តរជាតិ​ព្យុងយ៉ាង​នេះ ហោះ​បាន​ចម្ងាយ​ជាង ២ ពាន់ ៧ រយ​គីឡូម៉ែត្រ ក្នុង​រយៈ​កម្ពស់​អតិបរមា​ប្រហែល ៥៥០ គីឡូម៉ែត្រ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អគ្គសេនាធិការ​ចម្រុះ​កូរ៉េ​ខាង​ត្បូង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG