ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ និង​ជំនួយការ បដិសេធ​ចំពោះ​សៀវភៅ​ដែល​បង្ហាញ​ពី​ភាព​ចលាចល​ក្នុង​សេតវិមាន


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​បន្ទាយ Camp David កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​ជំនួយការ​របស់​លោក កាល​ពី​ថ្ងៃ អាទិត្យ បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​សៀវភៅ​ថ្មី​មួយ ដែល​បរិយាយ​លម្អិត​អំពី​ភាព​ចលាចល​ក្នុង​ឆ្នាំ​ទី​មួយ​នៃ​ការ​កាន់​តំណែង​ក្នុង​សេតវិមាន​របស់​លោក ត្រាំ ហើយ​សៀវភៅ​នោះ​ក៏​បាន​លើកឡើង​ថា លោក ត្រាំ មិន​មាន​សតិបញ្ញា​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ជា​មេដឹកនាំ​សហរដ្ឋអាមេរិក​នោះ​ទេ។

លោក ត្រាំ បាន​និយាយ​នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​មួយ​លើ​បណ្តាញ​សង្គម​ Twitter ថា «ខ្ញុំ​ត្រូវ​ប្រឆាំង​នឹង​ព័ត៌មាន​ប្រឌិត​តាំង​ពី​ថ្ងៃ​ទីមួយ​ដែល​ខ្ញុំ​ប្រកាស​ថា ខ្ញុំ​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី។ ហើយ​ឥឡូវ​នេះ ខ្ញុំ​ត្រូវ​ប្រឆាំង​នឹង​សៀវភៅ​ប្រឌិត​មួយ​ក្បាល ដែល​សរសេរ​ឡើង​ដោយ​អ្នក​និពន្ធ​ម្នាក់​ដែល​មិន​មាន​គុណសម្បត្តិ​ទាល់តែ​សោះ‍»។​

លោក ត្រាំ គឺ​ចង់​ថា​ឲ្យ​លោក Michael Wolff ដែល​ជា​អ្នក​កាសែត​ម្នាក់ ដែល​បាន​សរសេរ​សៀវភៅ Fire and Fury: Inside the Trump White House ដោយ​ផ្អែក​ទៅ​លើ​ការ​សម្ភាសន៍​ចំនួន២០០​ទៅ​លើ​លោក ត្រាំ និង​ជំនួយការ​របស់​លោក​ជាច្រើន​នាក់ទៀត។ សៀវភៅ​ដែល​បាន​ចេញ​លក់​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នេះ បាន​ពណ៌នា​ពី​ប្រតិបត្តិការ​មិន​ប្រក្រតី​នៅ​ក្នុង​សេតវិមាន។ ​

លោក ត្រាំ បាន​មាន​ប្រសាសន៍​ថា កាល​ពី​៣០​ឆ្នាំ​មុន ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ម្នាក់​គឺ​លោក Ronald Reagan ក៏​បាន​ប្រឈម​មុខ​នឹង​ការ​ចោទសួរ​អំពី​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​របស់​លោក​ដែរ ប៉ុន្តែ​លោក​អាចដោះស្រាយ​បញ្ហា​នោះ​បាន ដូច្នេះ​លោក ត្រាំ ថ្លែង​ថា លោក​ក៏​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ដូចគ្នា​ដែរ។ ​

លោក Stephen Miller ទីប្រឹក្សា​គោលនយោបាយ​កំពូល​របស់​លោក ត្រាំ បាន​និយាយ​វាយប្រហារ​ទៅ​លើ​អត្ថាធិប្បាយ​របស់​លោកStephen Bannon ដែល​ជា​អតីត​ប្រធាន​យុទ្ធសាស្ត្រ​របស់​លោក ត្រាំ នៅ​ក្នុង​សៀវភៅ​នោះ ដែល​ចោទប្រកាន់​លោក Donald Trump Jr. ដែល​ជា​កូនប្រុស​ច្បង​របស់​លោក​ ត្រាំ លោក Jared Kushner ដែល​ជា​កូនប្រសារ​របស់​លោក ហើយ​បច្ចុប្បន្ន​នេះ​ជា​ទីប្រឹក្សា​សេតវិមាន​ដ៏​សំខាន់​មួយ​រូប ហើយ​និង​លោក Paul Manafort ដែល​ជា​អតីត​ប្រធាន​យុទ្ធនាការ​ ថា​ក្បត់​ជាតិ​ចំពោះ​ជំនួប​កាល​ពីក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ប្រធានាធិបតី​ឆ្នាំ​២០១៦ ជាមួយ​នឹង​រុស្ស៊ី ដោយ​អះអាង​ថា​ មាន​ព័ត៌មាន​ចោទប្រកាន់​ទៅ​លើ​លោកស្រី Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គូប្រជែង​របស់​លោក ត្រាំ៕

XS
SM
MD
LG