ទោះជាយ៉ាងនោះក៏ដោយ ពួកគណបក្សសាធារណរដ្ឋបានសម្តែងនូវទំនុកចិត្តថា ប្រជាពលរដ្ឋអាមេរិកកាំងនឹងឲ្យតម្លៃលើការកាត់បន្ថយពន្ធជាអចិន្រ្តៃយ៍សម្រាប់ក្រុមហ៊ុនសាជីវកម្មនិងជាបណ្តោះអាសន្នសម្រាប់អ្នកធ្វើការងារនៅពេលដែលច្បាប់នោះចូលជាធរមាន។
លោក Paul Ryan ជាតំណាងរាស្រ្តសហរដ្ឋអាមេរិកមកពីរដ្ឋ Wisconsinនិងជាប្រធានសភាតំណាងរាស្រ្តបាននិយាយថា «លទ្ធផលនឹងធ្វើឲ្យច្បាប់នេះមានប្រជាប្រិយភាព»។
លោក Mitch McConnell សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Kentucky និងជាមេដឹកនាំសំឡេងភាគច្រើនរបស់ព្រឹទ្ធសភាបាននិយាយថា «ប្រសិនបើ យើងមិនអាចធ្វើច្បាប់នេះឲ្យពលរដ្ឋអាមេរិកាំងជឿជាក់ទេ យើងគួរតែរកការងារផ្សេងទៀតធ្វើ»។ពួកខាងគណបក្សប្រជាធិបតេយ្យបានទស្សន៍ទាយថា ច្បាប់ពន្ធដារនេះ នឹងតាមបន្លាចពួកគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨។
លោក Chuck Schumer សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋញូវយ៉កនិងជាមេដឹកនាំសំឡេងភាគតិចរបស់ព្រឹទ្ធសភានិយាយថា «ដោយសារច្បាប់ពន្ធដារនេះ សហការីខាងគណបក្សសាធារណរដ្ឋរបស់យើងបានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់យើងខាងគណបក្សប្រជាធិបតេយ្យ។ ពលរដ្ឋអាមេរិ កាំងនឹងមានឱកាសនៅឆ្នាំ២០១៨ដើម្បីច្រានចោលទស្សននេះហើយជំរុញប្រ ទេសរបស់យើងនៅក្នុងទិសដៅដែលមានការផ្លាស់ប្តូរយ៉ាងខ្លាំង»។
នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោកទៅកាន់សភាកាលពីខែកុម្ភៈ ប្រធានាធិបតីត្រាំបានលាតត្រដាងរបៀបវារៈប្រកបដោយមហិច្ឆិតាសម្រាប់ពួកគណបក្សសាធារណរដ្ឋដែលមានសំឡេងភាគច្រើននៅក្នុងសភាដើម្បីដោះស្រាយ រួមមានការកាត់បន្ថយពន្ធដារ ការធ្វើកំណែទម្រង់ខាងសុខភាព ការចំណាយលើហេដ្ឋា រចនាសម្ព័ន្ធ ការសាងសង់របងនៅតាមព្រំដែន ការធ្វើកំណែទម្រង់អន្តោប្រវេសន៍ហើយនឹងការពង្រីកឱកាសខាងសិក្សាអប់រំ។
លោកស្រី Molly Reynolds អ្នកវិភាគខាងនយោបាយនៅវិទ្យាស្ថាន Brookings បាននិយាយថា «ប្រសិនបើ យើងគិតអំពីច្បាប់នោះ ពួកគណបក្សសាធារណរដ្ឋមិនបានបង្ហាញនូវការបង្រួបបង្រួមគណបក្សដើម្បីត្រួតត្រាទេ។ ពួកគេបានចំណាយពេលប្រហែល៧ខែក្នុងមួយឆ្នាំលើការខំប្រឹងប្រែងមិនបានជោគជ័យដើម្បីលុបចោលនិងជំនួសច្បាប់ថែទាំសុខភាព Obamacare។ ពួកគេនឹងត្រូវមានអ្វីដើម្បីបង្ហាញខ្លួនឯងដូចជាច្បាប់ពន្ធដារ ក៏ប៉ុន្តែ ដំណើរការនេះក៏មិនមានភាពរលូនដូចដែលពួកគេចង់បានទេ»។
ពួកខាងគណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភា អាចមានអ្វីច្រើនទៀតដើម្បីបង្ហាញពួកអ្នកគាំទ្រអភិរក្សនិយមរបស់ខ្លួនច្រើនជាងពួកគណបក្សសាធារណរដ្ឋនៅសភាតំណាងរាស្រ្តដោយសាររដ្ឋធម្មនុញ្ញដាក់ភារៈកិច្ចឲ្យព្រឹទ្ធសភាផ្តល់ការយល់ព្រមដល់ការតែងតាំងបេក្ខជនប្រធានាធិបតី។ នៅឆ្នាំ២០១៧ព្រឹទ្ធសភាផ្តល់ការយល់ព្រមដល់អ្នកទទួលការតែងតាំងនិយមស្តាំដោយប្រធានាធិបតីត្រាំនៅគ្រប់កម្រិតនៃតុលាការសហព័ន្ធ ជាពិសេសគឺលោក Neil Gorsuch ចៅក្រមតុលាការកំពូល។
លោក McConnell មេដឹកនាំសំឡេងភាគច្រើនរបស់ព្រឹទ្ធសភា បាននិយាយថា «នេះជាឆ្នាំសម្រេចជោគជ័យដ៏អស្ចារ្សមួយ។យើងបានពង្រឹងតុលាការកំពូលដែលស្ថិតនៅខាងស្តាំនិយមសម្រាប់មនុស្សមួយជំនាន់»។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលពួកគណបក្សសាធារណរដ្ឋមើលឃើញថាជាការសម្រេចជោគជ័យនោះ ពួកមានគំនិតជឿនលឿននិយមមើលឃើញថាជា យល់ដឹងដើម្បីបោះឆ្នោតជ្រើសរើសបេក្ខជនឆ្វេងនិយមកណ្តាលនៅខែវិច្ឆិកាឆ្នាំក្រោយ។
ក្រុមគាំទ្រសិទ្ធិស្រ្តីពន្លូតទារកហៅថា NARAL Pro-Choice American បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះថា «យើងបានឃើញម្តងហើយម្តងទៀតថា ពួកគណបក្សសាធារណរដ្ឋដែលប្រឆាំងការពន្លូតទារកមានគោលបំណងធ្វើឲ្យប៉ះពាល់ស្រ្តីនិងក្រុមគ្រួសារ។ យើងនឹងបន្តរៀបចំនិងធ្វើឲ្យពួកគេទទួលខុសត្រូវនៅឆ្នាំ២០១៨»។
សេដ្ឋកិច្ចជារឿយៗជាកត្តាដ៏សំខាន់មួយសម្រាប់លទ្ធផលនៃការបោះឆ្នោត។ការរីកលូតលាស់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកស្ថិតក្នុងល្បឿនមធ្យមក្នុងអំឡុងឆ្នាំទី១នៃការកាន់ដំណែងរបស់ប្រធានាធិបតីត្រាំ ហើយពួកគណបក្សសាធារណ រដ្ឋកំពុងទស្សន៍ទាយពីការរីកលូតលាស់សេដ្ឋកិច្ចនៅពេលដែលពន្ធដារត្រូវបានកាត់បន្ថយ រួមផ្សំជាមួយការរុះរើបទបញ្ញត្តិសហព័ន្ធដែលចូលជាធរមានផង។
លោក McConnell មេដឹកនាំសំឡេងភាគច្រើនរបស់ព្រឹទ្ធសភា បាននិយាយថា «ប្រទេសអាមេរិកប្រុងប្រៀបខ្លួនចាប់ចេញដំណើរហើយ។ យើងមានការរីកលូត លាស់សេដ្ឋកិច្ចចំនួន៣ភាគរយក្នុង២ត្រីមាសជាប់ៗគ្នា។ ផ្សារភាគហ៊ុនបានឡើងថ្លៃ។ សុទិដ្ឋិនិយមមានកម្រិតខ្ពស់។ដោយមានការគួបផ្សំការធ្វើកំណែទម្រង់ពន្ធ ដារនេះ អាមេរិកកំពុងប្រុងប្រៀបចាប់ផ្តើមដ៏ល្អ»។
លោកEven Kraft ជាសេដ្ឋវិទូនៃសាកលវិទ្យាល័យ American University បាននិយាយថា «ខ្ញុំប្រហែលមើលឃើញច្បាប់ពន្ធដារបស់គណបក្សសាធារណរដ្ឋនឹងទទួលបានការឡកមកវិញ។ ខ្ញុំមិនមើលឃើញជាការធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើននៅក្នុងរយៈពេលខ្លីទេ។ ក្នុងរយៈពេលយូរ ខ្ញុំមើលឃើញច្បាប់ពន្ធដារនេះមានភាពអវិជ្ជមានយ៉ាងខ្លាំង ពីព្រោះវាប៉ះពាល់ដល់វិស័យជាច្រើនដូចជា ការសិក្សាអប់រំជាន់ខ្ពស់ សុខភាពដែលជាការសំខាន់ដល់ការរីកលូតលាស់សេដ្ឋកិច្ចរយៈពេលយូរ»។
ប្រធានាធិបតីត្រាំ បាននិយាយថា លោករំពឹងថានឹងមានចំណាត់ការបន្ថែមទៀតពីសភានៅឆ្នាំ២០១៨។ប្រធានាធិបតីត្រាំបានផ្ញើរសារតាមប្រព័ន្ធTwitterថា «ក្រុមរបស់យើងនឹងធ្វើឲ្យមនុស្សជាច្រើនបានទទួលជោគជ័យកាន់តែច្រើនឡើង»។
ក៏ប៉ុន្តែ ប្រសិនបើ របៀបវារៈរបស់ប្រធានាធិបតីត្រាំបានជួបប្រទះបញ្ហានៅវិមានរដ្ឋសភា Capitol Hill នៅឆ្នាំ២០១៧នេះ ប្រវត្តិសាស្រ្តប្រាប់ឲ្យដឹងថា ឆ្នាំ២០១៨នឹងមិនមានភាពប្រសើរទេ។
លោកReynoldបាននិយាយថា «យើងកម្ររំពឹងថា សភានឹងធ្វើកិច្ចការបានច្រើនបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនោះ។ ការណ៍នេះនឹងមានភាពប្រសើរឡើងនៅក្នុងការប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០១៨ដែលមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់សភាដើម្បីធ្វើកិច្ចការ ហើយពួកសមាជិកសភានឹងមានប្រយ័ត្នប្រយែងកាន់តែខ្លាំងឡើងពីការបោះឆ្នោតដ៏លំបាកដែលនឹងត្រូវគេប្រើប្រាស់ដើម្បីប្រឆាំងនឹងពួកគេនៅក្នុងយុទ្ធនាការឈរឈ្មោះបោះឆ្នោតឡើងវិញនៅខែវិច្ឆិកា៕
ប្រែសម្រួលដោយជឹង ប៉ូជីន