ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួយការប្រធានាធិបតីអាមេរិកបានព្រមានមុនដំបូងស្តីពីការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិក


រូបឯកសារ៖ លោក Peter Navarro ទីប្រឹក្សាពាណិជ្ជកម្មរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកថ្លែងអំឡុងពេលសម្ភាសន៍មួយនៅសេតវិមាន កាលពីថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Peter Navarro ទីប្រឹក្សាពាណិជ្ជកម្មរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកថ្លែងអំឡុងពេលសម្ភាសន៍មួយនៅសេតវិមាន កាលពីថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។

លោក Peter Navarro ទីប្រឹក្សាពាណិជ្ជកម្មរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់​ ត្រាំ បានព្រមានក្នុងអនុស្សារណៈរបស់សេតវិមានដែលបានចេញផ្សាយក្នុងខែមករានិងកុម្ភៈពីផលវិបាកដ៏ធ្ងន់ធ្ងរនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិក ក៏ប៉ុន្តែ​លោកត្រាំបានបន្តនិយាយសម្រាលជាសាធារណៈអស់ពីរសប្តាហ៍អំពីមេរោគនេះ។

កាលពីចុងខែមករា លោក Navarro បានប៉ាន់ស្មានថា ពលរដ្ឋអាមេរិកាំងរហូតដល់​៥សែន​៤ម៉ឺន​៣ពាន់​នាក់ អាចស្លាប់មកពីការរាលដាលមេរោគជាសាកលដែលបានផ្ទុះមុនដំបូងនៅក្នុងប្រទេសចិន ហើយមួយខែក្រោយមក លោកបាននិយាយទៀតថា មេរោគកូរ៉ូណាអាចសម្លាប់ពលរដ្ឋអាមេរិកាំង​ពី១លានទៅ២លាននាក់។

លោក Navarro បានសរសេរក្នុងអនុស្សារណៈរបស់លោកកាលពីចុងខែមករាថា «ការខ្វះការការពារជំងឺឬការព្យាបាលដែលមានស្រាប់ឬថ្នាំវ៉ាក់សាំងនឹងធ្វើឲ្យពលរដ្ឋអាមេរិកាំងគ្មានការការពារក្នុងករណីមេរោគកូរ៉ូណាផ្ទុះឡើងយ៉ាងខ្លាំងនៅលើទឹកដីសហរដ្ឋអាមេរិក។ ការខ្វះការការពារនេះបង្កើនភាពគ្រោះថ្នាក់នៃមេរោគកូរ៉ូណាវិវត្តិន៍ទៅជាការរាលដាលសាកលដ៏ខ្លាំងមួយ ធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋអាមេរិកាំងរាប់លាននាក់»។

អនុសារណៈរបស់លោក Navarro បានចេញផ្សាយនៅក្នុងកាសែត The New York Times កាលពីថ្ងៃអង្គារម្សិលមិញហើយនឹងក្នុងប្រព័ន្ធព័ត៌មាន Website Axios ជាការចង្អុលប្រាប់នៅពេលថ្មីៗនេះថា ទីប្រឹក្សាសេតវិមានខ្លះបានឲ្យសញ្ញាដល់ប្រធានាធិបតីដូណាល់ ត្រាំថា ពួកគេបានព្រួយបារម្ភអំពីមេរោគកូរ៉ូណាជាយូរមកហើយមុនពេលលោកប្រធានាធិបតី បានសម្តែងការព្រួយកង្វល់ជាសាធារណៈ។

ក្នុងអនុស្សារណៈកាលពីខែមករា លោក Navarro បានសរសេរទៀតថា រដ្ឋបាលរបស់លោកប្រធានាធិបតីត្រាំ ត្រូវតែសម្រេចយ៉ាងខ្លាំងដើម្បីឆ្លើយតបទៅនឹងការលេចចេញឡើងនូវមេរោគកូរ៉ូណានៅពេលនោះយ៉ាងដូចម្តេច។ លោកនិយាយទៀតថា ចំនួនមនុស្សដែលត្រូវបានសម្លាប់ដោយវីរុសនោះនិងការខូចខាតសេដ្ឋកិច្ចនឹងមានតិចតួច បើមេរោគកូរ៉ូណាមានភាពខ្លាំងជាងគ្រុនផ្តាសាយនោះ៕

XS
SM
MD
LG