ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិកសុខាភិបាលហ្វីលីពីនប្រយុទ្ធនឹងវីរុសកូរ៉ូណា និងការរំខានយាយីក្នុងពេលតែមួយ


រូបឯកសារ៖ បុគ្គលិកសុខាភិបាលពាក់ម៉ាសនិងលើកបដាខាងក្រៅមន្ទីរពេទ្យមួយនៅក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិកសុខាភិបាលពាក់ម៉ាសនិងលើកបដាខាងក្រៅមន្ទីរពេទ្យមួយនៅក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។

នៅពេលដែលបុគ្គលិកសុខាភិបាលហ្វីលីពីនបញ្ចប់វេនការងារប្រចាំថ្ងៃរបស់ខ្លួននៅមន្ទីរពេទ្យ ពួកគេប្តូរគ្រោះថ្នាក់នៃមេរោគកូវីដ១៩ទៅនឹងគ្រោះថ្នាក់ដែលពួកគេ អាចត្រូវបានគេជះថ្នាំពណ៌សលើមុខរបស់ខ្លួនឬត្រូវគេបណ្តេញចេញពីទីកន្លែងសាធារណៈ។

បុគ្គលិកសុខាភិបាលទាំងនោះបានរាយការណ៍ថា ពួកគេបានត្រូវគេបណ្តេញចេញពីផ្ទះសម្បែង បដិសេធមិនឲ្យជិះរថយន្តក្រុង និងដេញចេញពីភោជនីយដ្ឋាននៅពេលដែលពលរដ្ឋព្រួយបារម្ភអំពីឆ្លងមេរោគកូវីដ១៩។ ពួកអ្នករិះគន់និយាយថា ការមើលងាយនេះ មានតាំងពីក្រោមរហូតដល់ថ្នាក់លើ ដោយប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte និយាយថា បុគ្គលិកសុខាភិបាលទាំងអស់នោះ មានសំណាងដោយបានស្លាប់ដើម្បីប្រទេសជាតិ ទោះបីលោកបានថ្កោលទោសការរើសអើងក៏ដោយ។

ក្រសួងសុខាភិបាលហ្វីលីពីនបានប្រាប់ឲ្យដឹងថា ខ្លួននឹងធ្វើការស៊ើបអង្កេតលើការប្រព្រឹត្តលើបុគ្គលិកសុខាភិបាល។ ហើយរដ្ឋាភិបាលក្រុងម៉ានីលបានអនុម័តបទបញ្ញត្តិមួយដែលចាត់ទុកថាជាការខុសច្បាប់ចំពោះការើសអើងប្រឆាំងនឹងបុគ្គលិកពេទ្យនិងអ្នកជំងឺផ្ទុកមេរោគកូវីដ១។ បទបញ្ញត្តិដែលបានអនុម័តកាលពីពេលថ្មីៗនេះធ្វើការផាកពិន័យប្រាក់ជិត១រយដុល្លារនិងជាប់គុក៦ខែ។

ក្រសួងសុខាភិបាលបានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងកំពុង ទទួលបានរបាយការណ៍របស់បុគ្គលិកសុខាភិបាលយើងនៅទូទាំងប្រទេសត្រូវបានគេវាយប្រហារលើរាង្គកាយ រួមទាំងការជះថ្នាំក្លរីនដាក់។ បន្ថែមពីនេះ មានរបាយការណ៍ថា បុគ្គលិកសុខាភិបាលត្រូវបានគេបដិសេធមិនឲ្យប្រើសេវានានាដូចជាការដឹកជញ្ជូននិងកន្លែងបោកសម្លៀកបំពាក់ រារាំងនិងផាកពិន័យនៅចំណុចឆែកឆេរ និងបណ្តេញចេញពីផ្ទះរបស់ខ្លួន»។

កាលពីខែកុម្ភៈ ហ្វីលីពីនបានក្លាយជាប្រទេសទី១រាយការណ៍ពីជំងឺកូវីដ១៩នៅក្រៅប្រទេសចិន ដែលជាទីកន្លែងដែលជំងឺនោះ បានលេចចេញឡើងមុនដំបូងគេ។ ចាប់តាំងពីនោះមក វីរុសនោះបានរាលដាលឆ្លងមនុស្ស៣ពាន់៧រយ៦៤នាក់នៅក្នុងប្រទេសនោះ នាំឲ្យមនុស្ស១៨០នាក់ស្លាប់ ហើយបានគំរាមកំហែងយ៉ាងខ្លាំងដល់ប្រព័ន្ធថែទាំសុខភាព៕

XS
SM
MD
LG