ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

​រដ្ឋបាល​របស់​ប្រធានា​ធិបតី​ត្រាំ​កាត់​បន្ថយ​ជន​អន្តោប្រវេសន៍​ស្រប​ច្បាប់


រូបឯកសារ៖ អ្នក​ដំណើរ​ត្រូវ​បាន​ស្វាគមន៍​ដោយ​មន្ត្រីគយ​និង​ការពារ​ព្រំដែន​នៅព្រលាន​យន្ត​ហោះអន្តរជាតិ Hartsfield-Jackson ក្នុង​ទីក្រុង​ Atlanta រដ្ឋ Georgia។

លោក ​J.B ​មក​ពី​ប្រទេស​ប៊ុលហ្គារី​ដើម្បី​សិក្សា​នៅ​ឯ​សាកល​​វិទ្យាល័យ​ American University ​កាល​ពី​១៣ឆ្នាំ​មុន។ លោក​បាន​ទទួល​សញ្ញាប័ត្រ​អនុ​បណ្ឌិត​បន្ទាប់​មក​សញ្ញាប័ត្រ​បណ្ឌិត។

​លោក​ J.B. ​ដែល​មិន​ចង់​ប្រាប់​ឈ្មោះ​ពិត​របស់​លោក ​បាន​ប្រាប់​ VOA ​ថា ​ជីវិត​ក្នុង​សហរដ្ឋ​អាមេរិក​អស្ចារ្ស​ណាស់។​ លោក​បាន​ធ្វើ​ការ​ជា​សាស្រ្តាចារ្យ​គោលចរណ៍​ឲ្យ​មហា​វិទ្យាល័យ​អាមេរិកាំង។

លោក​បាន​និយាយ​ថា «ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​កំពុង​ធ្វើ​ការ​ជាមួយ​សាកល​វិទ្យា​ល័យ​របស់​ខ្ញុំ។ ខ្ញុំ​ស្រឡាញ់​ការងារ​របស់​ខ្ញុំ។ ​ខ្ញុំ​ស្រឡាញ់​និស្សិតនិង​មហា​វិទ្យាល័យ​របស់​ខ្ញុំ​ដែល​ខ្ញុំ​ធ្វើការ»។

រហូត​មក​ទល់​ឥឡូវ​នេះ ​លោក ​J.B. ​បានត្រូវ​គេ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ដោយ​ប្រើ​ទិដ្ឋា​ការ​និស្សិត ​ហើយ​សាកល​វិទ្យា​ល័យ​របស់​លោក​បាន​ផ្តល់​ការងារ​រយៈ​ពេល​យូរ ​ប្រសិន​បើ ​លោក​អាច​ទទួល​បាន​ទិដ្ឋាការ​ធ្វើ​ការងារ។​ ក៏ប៉ុន្តែ លោក​មិន​ខ្លាច​ការ​ដាក់​ពាក្យសុំ​របស់​លោក​នឹង​មិន​បាន​ទទួលការ​យល់​ព្រម​នោះ​ទេ។

ការភ័យ​ខ្លាច​របស់​លោក​ J.B. ​មាន​ហេតុ​ផល​ត្រឹម​ត្រូវ ​នេះ​បើ​តាម​មេធាវី​អន្តោប្រ​វេសន៍​៣​នាក់​ដែល​បាន​ប្រាប់​ VOA ​ថា ​ពួក​គេ​លោក ​បាន​ឃើញ​ករណី​ទាំង​នេះ​ដែល​ការ​ផ្តួច​ផ្តើម​របស់​រដ្ឋ​បាល​លោក​ ត្រាំ​ កំពុង​ទប់​ស្កាត់​ជនអន្តោ​ប្រវេសន៍​ត្រឹម​ត្រូវ​តាម​ច្បាប់​មកពី​គ្រប់​ទីកន្លែង​ទាំង​អស់។

​លោក​ Shabnam Lotfi ​មេធាវី​អន្តោ​ប្រវេសន៍​បាន​និយាយ​ថា «គ្មាន​នរណា​ម្នាក់​ដឹងថា ​នឹង​មាន​អ្វី​កើត​មាន​ឡើង​ទេ។​ ពួក​មន្រ្តី​មាន​អារម្មណ៍​ច្របូក​ច្របល់។ អ្នក​ដាក់​ពាក្យ​សុំ​មាន​អារម្មណ៍​ច្របូក​ច្របល់។ មេធាវី​មិន​ដឹង​ថា​តើ​នឹង​មាន​អ្វី​កើត​មាន​ឡើង។ វា​មាន​ភាព​ស្មុគ្រ​ស្មាញ​ណាស់។ ខ្ញុំ​គិត​ថា វា​មាន​ដំណើរ​ការ​មិន​ប្រក្រតី​នៅ​ថ្នាក់​ជាតិ។

​ច្បាស់​ជាង​នេះ​ទៀត ​លោក​ស្រី​ Jennifer Minear ​ដែល​ជា​មេធាវី​របស់​លោក​ J.B.និយាយ​ថា ​សេវាកម្ម​ចូល​សញ្ជាតិ​និង​អន្តោ​ប្រវេសន៍​សហរដ្ឋ​អាមេរិក ​(USCIS) ​បានចាប់​ផ្តើម​បដិសេធ​ពាក្យ​សុំ​សម្រាប់​អ្នក​ដែល​សង្ឃឹម​ថា នឹងផ្លាស់​ប្តូរ​ឋានៈ​ពី​ប្រ​ភេទ​ទិដ្ឋាការ​និស្សិត​ប្រភេទ​ F-1​ ទៅ​ប្រភេទ​ទិដ្ឋាការ​ងារ ​H-1B ​បើ​ពួក​គេ​ទទួល​បានអ្វី​ដែលសេវាកម្ម​ចូល​សញ្ជាតិ​និង​អន្តោ​ប្រវេសន៍សហរដ្ឋ​អាមេរិក ​(USCIS) បាន​ចាត់​ទុក​ជា​ថា ​ការបណ្តុះ​បណ្តាល​ជាក់​ស្តែងជាង​១២​ខែ​ក្នុង​អំឡុង​នៃ​កម្មវិធី​ទទួល​សញ្ញា​ប័ត្រ​នោះ។

យោង​តាម​មន្រ្តី​សេវាកម្ម​ចូល​សញ្ជាតិ​និង​អន្តោ​ប្រវេសន៍​អាមេរិក ​(USCIS) ​ដែល​បាន​ថ្លែង​ប្រាប់ ​VOA ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ​ទីភ្នាក់​ងារ​នោះ​បាន​សើ​រើ​ពិនិត្យ​មើល​ឡើង​វិញនូវ​គោល​នយោបាយនិង​បទប្បញ្ញត្តិ​មួយ​ចំនួន​ដើម្បី​ផ្លាស់​ប្តូរ​បទ​បញ្ជា​ប្រធានា​ធិបតី​របស់​ប្រធានា​ធិបតី​ «ទិញ​របស់​អាមេរិក​ ជួល​ជន​ជាតិ​អាមេរិកាំង»។

ក៏ប៉ុន្តែ ​មនុស្ស​ដូចជា​លោក ​J.B. ​ដែល​បាន​ធ្វើ​តាម​បទប្បញ្ញត្តិ​និង​ច្បាប់​អន្តោ​ប្រវេសន៍​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​ស្មុគ្រ​ស្មាញ​មួយ។

​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​របស់​លោកក្នុង​មុខ​វិជ្ជាសង្គម​វិជ្ជា​និង​សេដ្ឋ​កិច្ច ​លោក​បាន​ដាក់​ពាក្យ​សុំ​កម្មវិធី​បណ្តុះ​បណ្តាលជំនាញ​ការងារ​សម្រាប់​និស្សិត​បរទេស​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ឬ​ Optional Practical Training (OPT) ​ដែល​អនុញ្ញាត​ឲ្យ​និស្សិត​អន្តរជាតិ​មាន​ទិដ្ឋាការ​ប្រភេទ​ F1 ​ធ្វើ​ការ​ពេញ​ម៉ោង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​រហូត​ដល់​មួយ​ឆ្នាំ​ក្នុង​ជំនាញ​ដែល​ទាក់​ទិន​នឹង​ការ​សិក្សា​របស់​ពួក​គេ​ បន្ទាប់​ពីការ​បញ្ចប់​ការ​សិក្សា។ ក្នុង​ឋានៈ​ជា​និស្សិត ​លោក​ J.B ​បាន​ធ្វើ​ការ​នៅ​ក្រោម​កម្មវិធី​បណ្តុះ​បណ្តាល​ជំនាញ​ក្នុង​ពេល​កំពុង​សិក្សា​ឬ​ Curricular Practical Training (CPT)។

​ការ​ធ្វើ​ការ​ស្រប​ច្បាប់ក្នុង​ជំនាញ​របស់​លោក​នៅ​ក្រោម​កម្ម​វិធី​បណ្តុះ​បណ្តាលជំនាញ​ការងារ​សម្រាប់​និស្សិត​បរទេស​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ឬ Optional Practical Training (OPT) ​និង​កម្មវិធី​បណ្តុះ​បណ្តាលជំនាញ​ក្នុង​ពេល​កំពុង​សិក្សា​ឬ​ Curricular Practical Training (CPT) ​បាន​ធ្វើ​ឲ្យ​លោក ​J.B ​មាន​រយៈ​ពេល​១២​ខែ​ សម្រាប់​ការ​បណ្តុះ​បណ្តាញ​ជំនាញ​ដែល​នឹង​ស្រប​ទៅ​តាម​គោល​ការណ៍​អន្តោ​ប្រវេសន៍​នៅ​ពេល​បច្ចុប្បន្ន​នេះ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មេធាវី​របស់លោក​មាន​ការ​ព្រួយ​បារម្ភថា ​នីតិ​វិធី​ថ្មី​ត្រូវ​បាន​រៀប​ចំ​ឡើង​ដែល​នឹង​ធ្វើ​ឲ្យ​ការ​ដាក់​ពាក្យ​សុំដែល​អាច​ទទួល​ការ​យល់ព្រម​កាល​ពីពេល​មុន​ក្លាយ​ទៅ​ជា​ការ​ដាក់​ពាក្យ​ដែល​មិន​អាច​ទទួល​យល់​ព្រម​ទៅ​វិញ។

​ទោះ​ជា​មិន​មាន​ការ​ប្រកាស​ឲ្យ​ដឹង​ក៏ដោយ ​លោក​ស្រី ​Minear ​បាន​និយាយ​ថា ​សេវាកម្មចូល​សញ្ជាតិ​និង​អន្តោ​ប្រវេសន៍​អាមេរិក ​(USCIS)​ បាន​ចាប់​ផ្តើម​បដិសេធសំណើ​ផ្លាស់​ប្តូរ​ឋានៈ​ភាព​សម្រាប់​និស្សិត​មាន​ប្រភេទទិដ្ឋាការ F-1 ​ដែល​បាន​ធ្វើ​ការ​អស់​រយៈ​ពេល​ជាង​១២​ខែ។

លោកស្រី​បាននិយាយ​ទៀត​ថា៖ «ដូច្នេះ USCIS ​កំពុង​ប្រាប់​នរណា​ដែល​ឋានៈភាព​របស់​គេ​ត្រូវ​បាន USCIS យល់​ព្រម​រួច​ហើយ​នោះ​ថា ពួក​គេ​បាន​ធ្វើ​ខុស​ក្នុង​ការផ្តល់​ការ យល់​ព្រម​ដល់​ឋានៈ​ភាព​នោះ។ ហើយ​ជា​លទ្ធផល ​បុគ្គល​នោះ​នៅ​ពេល​ឥឡូវ​នេះ​នឹង​អស់​ឋានៈ​ភាព​ហើយ​ត្រូវ​តែ​ចាក​ចេញ​ពី​សហរដ្ឋ​អាមេរិក​មុន​ការ​ចាប់ផ្តើម​ការងារ​ដែល​មិន​មាន​នរណា​នឹង​មិន​យល់​ព្រម​ថា ​ជន​នោះ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​បាន​ឋានៈ​ភាព​នោះ​ ហើយ​បាន​បំពេញ​ទៅ​តាម​លក្ខ​ខណ្ឌ​សម្រាប់​ឋានៈ​ភាព​ទិដ្ឋាការ​ប្រភេទ​ H-1B។​ វាជា​រឿង​ក្រឡាប់​ចាក់​មួយ»។

អ្នក​នាំ​ពាក្យ​សេវាកម្ម​ចូល​សញ្ជាតិ​និង​អន្តោ​ប្រវេសន៍​អាមេរិក ​USCIS​ ដែល​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា «បើ ​និស្សិត​នោះ​ទទួលបាន​កម្មវិធី​បណ្តុះ​បណ្តាល​ជំនាញ​ក្នុង​ពេល​កំពុង​សិក្សា​ឬ​ Curricular Practical Training (CPT)សម្រាប់​រយៈ​ពេល​១ឆ្នាំ​ឬ​ច្រើន​ជាង​នោះ ​រួច​ហើយ និស្សិតនោះ​មិន​មាន​លទ្ធភាព​ក្រោយ​កម្ម​វិធី​បណ្តុះ​បណ្តាលជំនាញ​ការងារ​សម្រាប់​និស្សិត​បរទេស​សិក្សា​នៅ​សហ រដ្ឋ​អាមេរិក​ឬ ​Optional Practical Training (OPT) ទេ។ ខណៈ​ដែល​រដ្ឋបាល​របស់​លោក​ត្រាំ​បាន​គាំទ្រ​ច្បាប់​ដែល​នឹង​កាត់​បន្ថយជន​អន្តោ​ប្រវេសន៍​ស្រប​ច្បាប់ ​វិធានការ​នោះ​បាន​បរាជ័យ​នៅ​ក្នុង​សភា​សហរដ្ឋ​អាមេរិក។ ​ក្នុង​ខណៈ​នោះ​ដែរ ​ពួក​មន្រ្តី​អាច​ប្រើការ​ណែនាំ​ខាង​រដ្ឋ​បាល​ដើម្បី​ផ្លាស់​ប្តូរ​របៀប​ដែល​ពួកមន្រ្តី​អន្តោ​ប្រវេសន៍​ចាត់​ការ​រឿង​ក្តី​និង​ការ​ដាក់​ពាក្យ​សុំ​នោះ។

រដ្ឋបាលរបស់​លោក ​ត្រាំ ​នៅ​តែ​ព្យាយាម​រឹត​បន្តឹង​ច្បាប់​សុំសិទ្ធិ​ជ្រក​កោន​ជា​បន្ត។

លោក​ Jeff Sessions​ រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌​អាមេរិក​ ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​សម្រេច​ថា ​ជន​រងគ្រោះ​ដោយ​សារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​មិន​អាច​ទទួល​បាន​សិទ្ធិជ្រក​កោន​ទេ។ ក្រោយ​មក សេវាកម្ម​ចូល​សញ្ជាតិ​និង​អន្តោ​ប្រវេសន៍​អាមេរិក ​(USCIS) ​បាន​ពង្រីក​ការ​សម្រេច​នោះ​ដោយ​រួម​បញ្ចូល​ទាំង​ជន​រងគ្រោះ​នៃអំពើ​ហិង្សា​ដោយ​ជន​អន្ធពាល ​ជា​ហេតុផល​ដែល​សំអាង​ដោយ​ជន​អន្តោ​ប្រវេសន៍​ជា​ច្រើន​ដែល​រត់​គេច​ខ្លួន​ពី​ការ​បង្ហូរ​ឈាមក្នុង​តំបន់​អាមេរិក​កណ្តាល។

​លោកស្រី ​Minear ​និយាយ​ទៀត​ថា ​មាន​សេចក្តី​ណែនាំ​ដ៏​ច្បាស់​លាស់​មក​ពី​រដ្ឋ​បាល​នេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​រាល់​ពាក្យ​សុំ​ត្រូវ​តែ​ពិនិត្យ​ឆេកឆេរ​ដោយ​ផ្តោត​លើ​ការ​បដិសេធ​នេះ។

​លោកស្រីនិយាយ​ទៀត​ថា៖ «មិន​មាន​អ្វី​ខុស​ទេ​ដើម្បី​ស្វែង​រក​ការ​បន្លំ​ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​បន្លំ​មិន​មាន​នៅ​ទី​នោះ​ ក៏ប៉ុន្តែ ​យើង​ចាំ​បាច់​អនុវត្ត​ច្បាប់​នៅ​ពេល​ដែល​ច្បាប់​មាន​ដើម្បី​ផ្តល់​ការ​យល់​ព្រម​ការ​ដាក់​ពាក្យ​សុំ​ដែល​មាន​ភាព​ត្រឹម​ត្រូវ​ហើយ​រដ្ឋបាល​នេះ​មិន​គិត​គូរ​អំពី​រឿង​នេះ​ទាល់​តែសោះ»។

តាម​ការ​វិភាគ​របស់​កាសែត ​Washington Post ​ពី​ទិន្នន័យ​របស់​ក្រសួងការ​បរ​ទេស​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ចំនួន​មនុស្ស​ដែល​ទស្សនា​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​ចំនួន​១២​ភាគរយ​នៅ​ក្នុង​ការ​កាន់​ដំណែង​រយៈ​ពេល​២ឆ្នាំ​ដំបូង​របស់​ប្រធានា​ធិបតី ​ដូណាល់ ត្រាំ។

​ប្រទេស​យ៉េមែន ​ស៊ីរី ​អ៊ីរ៉ង់ លីប៊ី​ និង​ប្រទេស​សូម៉ាលី ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​រង​ផល​ប៉ះ​ពាល់​ខ្លាំង​បំផុត ​បណ្តាល​មក​ពី​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ។​ កាសែត​នោះ​បាន​រាយការណ៍​ទៀត​ថា ​មានការ​ធ្លាក់ចុះពួក​ទេសចរណ៍​និង​ជនអន្តោ​ប្រវេសន៍​ចំនួន​៨១​ភាគ​រយ​មក​ពី​ប្រទេស​ទាំង​នោះ​នៅ​ចុង​ឆ្នាំ​សារពើ​ពន្ធ​២០១៧។

​រដ្ឋ​បាល​របស់​លោក​ត្រាំ ​ក៏​បាន​ប្រកាស​ផែន​ការ​លប់​ចោល​លិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​របស់​អ្នកកាន់​ប្រភេទ​ទិដ្ឋាការ​ H-4 ​ដែល​ត្រូវ​ទុក​សម្រាប់​ប្តីឬ​ប្រពន្ធ​របស់អ្នក​កាន់​ប្រភេទ​ធ្វើ​ការងារ​ H-1B។

​នៅ​ឆ្នាំ​២០១៥ ​រដ្ឋបាល​របស់ប្រធានា​ធិបតី​ អូបាម៉ា ​បាន​អនុញ្ញាត​ឲ្យ​ប្រភេទ​ទិដ្ឋា​ការ H-4s ​ធ្វើ​ការងារ​បាន។ អ្នក​កាន់​ប្រភេទ​ទិដ្ឋាការ​នោះ​ប្រហែល​៩ម៉ឺន​១ពាន់​នាក់​ ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​ជា​ប្តីប្រពន្ធ​មាន​ជំនាញ​បាន​ឆ្លៀត​យក​ឱកាស​នោះ។​សេវាកម្ម​ចូល​សញ្ជាតិ​និង​អន្តោ​ប្រវេសន៍​អាមេរិក (USCIS) មិន​ទាន់​បាន​ធ្វើ​ការ​សម្រេច​ចុងក្រោយ​អំពី​លិខិត​ធ្វើ​ការងារ​ H-4 ​នោះ​ទេ។

VOA ​បានផ្ទៀង​ផ្ទាត់អត្តសញ្ញាណ​របស់​លោក​ J.B. ​និង​មហាវិទ្យាល័យ​ដែល​ជួល​លោកធ្វើ​ការ។​ លោក​និង​មហាវិទ្យាល័យ​នោះ​សុំ​កុំ​ឲ្យ ​VOA​ បញ្ចេញ​អត្តសញ្ញាណ​របស់​ពួកគេ​ដើម្បី​បញ្ចៀស​ភាពគ្រោះ​ថ្នាក់​ដល់​ឱកាស​របស់​លោក​ J.B. ​ដើម្បី​ទទួល​ទិដ្ឋាការ​ប្រភេទ​H-1B។​ បើ​សិន​ជា​លោក​មិន​ទទួល​បាន​ទិដ្ឋាការ​ប្រ​ភេទ ​H-1Bទេ​លោក​នឹង​ត្រូវចាក​ចេញ​ពី​សហរដ្ឋ​អាមេរិក។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​អាច​ត្រូវ​បាន​គេ​សុំ​ឲ្យ​ចាក​ចេញ ​ប្រសិន​បើ​សេ​វា​កម្ម​ចូល​សញ្ជាតិ​និង​អន្តោ​ប្រវេសន៍​អាមេរិក (USCIS) កំណត់​ថា ​លោក​បាន​រំលោភ​ឋានៈ ភាព​ប្រភេទ​ទិដ្ឋាការ​ F-1​ របស់​លោក។ បើសិន​ជា​មាន​ករណី​នេះ​កើត​ឡើង សេវា​កម្ម​ចូល​សញ្ជាតិ​និង​អន្តោ​ប្រវេសន៍​អាមេរិក (USCIS) មិន​អាច​ផ្លាស់ប្តូរ​ឋានៈ​ភាព​របស់​លោក​ទៅប្រភេទ​ទិដ្ឋាការ​ការងារ​ទេ ​ខណៈ​ដែល​លោក​ស្ថិត​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​នោះ។

លោកស្រី Minear​ និយាយ​ថា៖ «ប្រសិន​បើ ​លោក​ J.B. ​មិន​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ផ្លាស់​ប្តូរ​ឋានៈ​ភាព​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទេ លោក​ត្រូវ​តែ​ធ្វើ​ឲ្យ​ការ​ដាក់​ពាក្យ​សុំ​បាន​ទទួល​ការ​យល់​ព្រម ​លោក​ត្រូវ​ចាក​ចេញ​ពី​សហរដ្ឋ​អាមេរិក​ដើម្បីឲ្យ​ទទួល​បាន​ការ​បោះ​ត្រា​លើ​ទិដ្ឋាការ​ប្រភេទ​ H-1B ​ហើយ​នឹង​ចូល​ក្នុងសហ​រដ្ឋ​អាមេរិក​វិញ​ដើម្បី​ឲ្យ​ប្រភេទ​ទិដ្ឋាការ​ H-1B ​ថ្មី​នោះ​មាន​សុពលភាព​ហើយ​ចាប់​ផ្តើម​ធ្វើការ។

​មន្រ្តី​មហាវិទ្យាល័យ​ម្នាក់​បាន​ប្រាប់ ​VOA ​ថា ​ការ​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​លោក ​J.B. ​ត្រឡប់​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​វិញ ​អាច​ប៉ះ​ពាល់​ដល់​និស្សិត​និង​សាស្រ្តាចារ្យ​ផ្សេង​ទៀត​ នៅ​ពេល​ដែល​បន្ទុក​ការងារ ​នឹង​ត្រូវធ្លាក់​ទៅ​លើ​គ្រូបង្រៀន​នា​នា។ ថ្នាក់​រៀន​ថែម​ទាំង​អាច​ត្រូវ​ផ្អាក​ទៀត​ផង។

មន្រ្តី​ម្នាក់​បាន​និយាយ​នៅ​ក្នុង​កិច្ចសម្ភាសន៍​តាម​ទូរស័ព្ទ​ថា៖ «យើង​បាន​ជួល​គាត់ ​ពី​ព្រោះ​គាត់​ជា​បេក្ខជន​មាន​គុណ​សម្បត្តិ​ខ្លាំង​បំផុត»។

​លោកស្រី ​Minear ​បាន​និយាយ​ទៀត​ថា ​ពួក​គេ​រំពឹង​ថា​នឹង​បាន​ទទួល​ដំណឹងពី​មន្រ្តី​អន្តោ​ប្រ​វេសន៍​នៅ​ក្នុង​រយៈ​ពេល​២​សប្តាហ៍​ទៀត។

លោក J.B.​ និយាយ​ថា៖ «ខ្ញុំ​មាន​ជីវិត​ ឆ្កែ​ ប្រាក់​សន្សំ​និង​ផ្ទះ​របស់​ខ្ញុំ​នៅ​ទីនេះ។ នេះ​ជា​ផ្ទះ​របស់​ខ្ញុំ»៕

ប្រែ​សម្រួល​ដោយជឹង ​ប៉ូជីន

XS
SM
MD
LG