រដ្ឋបាលលោក ត្រាំ បានប្រកាសគោលនយោបាយថ្មីមួយកាលពីថ្ងៃចន្ទថា ខ្លួននឹងរារាំងដល់ជនអន្តោប្រវេសន៍ដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិក មិនឲ្យទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ឬសញ្ជាតិអាមេរិកបានឡើយ ប្រសិនបើពួកគេទទួលបានអត្ថប្រយោជន៍សាធារណៈ ដូចជា សេវាថែទាំសុខភាព Medicaid ប័ណ្ណទិញម្ហូបអាហារ ឬកន្លែងស្នាក់នៅ។
លោក Ken Cuccineli នាយកស្ដីទីនៃទីភ្នាក់ងារផ្ដល់សញ្ជាតិនិងអន្តោប្រវេសន៍អាមេរិកបានប្រកាសអំពីបទបញ្ញត្តិថ្មីនេះ នៅក្នុងអំឡុងពេលនៃសន្និសីទកាសែតមួយនៅឯសេតវិមាន ដោយលោកបានគូសបញ្ជាក់ថា គោលនយោបាយថ្មីនេះនឹងលើកទឹកចិត្តឲ្យមានការពឹងផ្អែកលើខ្លួនឯង សម្រាប់អ្នកដែលព្យាយាមមក ឬចង់ស្នាក់នៅក្នុងសហរដ្ឋអាមេរិក។
បទបញ្ញត្តិថ្មីនេះនឹងមានសុពលភាពនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។ យោងតាមបទបញ្ញត្តិនេះ ការទទួលបានអត្ថប្រយោជន៍សាធារណៈគឺសំដៅទៅលើបុគ្គលណាម្នាក់ដែលទទួលបានអត្ថប្រយោជន៍សាធារណៈមួយឬច្រើនជាងនេះអស់រយៈពេលលើកពី១២ខែ ក្នុងរយៈពេល៣៦ខែ។ អ្នកដែលទទួលបានអត្ថប្រយោជន៍ពីរក្នុងរយៈពេលមួយខែ ត្រូវបានចាត់ទុកថាពីរខែ។
លោក Cuccinelli បានថ្លែងថា រដ្ឋបាលលោក ត្រាំ ចង់ចៀសវាងមិនឲ្យអ្នកដែលទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ឬសញ្ជាតិក្លាយជាអ្នកដែលពឹងផ្អែកលើសេវាអត្ថប្រយោជន៍សាធារណៈនៅពេលអនាគត៕