ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ឆ្មក់​ចាប់​ខ្លួន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ធ្វើ​ឡើង​ក្នុង​ទ្រង់ទ្រាយ​តូច​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ


មនុស្សម្នា​ចូលរួម​ក្នុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​អនុវត្ត​ច្បាប់​របស់​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ នៅ​ក្នុង​សង្កាត់ Manhattan បុរី​ញូវយ៉ក កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។
មនុស្សម្នា​ចូលរួម​ក្នុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​អនុវត្ត​ច្បាប់​របស់​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ នៅ​ក្នុង​សង្កាត់ Manhattan បុរី​ញូវយ៉ក កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

ការ​ឆ្មក់​ចាប់​ខ្លួន​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ដែល​មាន​បំណង​សំដៅ​លើ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចំនួន​ប្រហែល ២ ពាន់​នាក់ ដើម្បី​អាច​បញ្ជូន​ពួកគេ​ទៅ​កាន់​ប្រទេស​កំណើត​វិញ បាន​ចាប់ផ្ដើម​ក្នុង​ទ្រង់ទ្រាយ​តូច​ស្ទើរតែ​គ្មាន​ការ​ចាប់​អារម្មណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

លោក Matt Albence នាយក​ស្ដីទី​នៃ​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ បាន​និយាយ​ថា៖ «យើង​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​បុគ្គល​មួយ​ចំនួន​ដែល​ជាប់​ពិរុទ្ធ​រឿង​អន្តោប្រវេសន៍ និង​ដែល​ត្រូវ​បាន​ចៅក្រម​អន្តោប្រវេសន៍​បញ្ជា​ឲ្យ​បញ្ជូន​ពួកគេ​ចេញ​ពី​សហរដ្ឋ​អាមេរិក»។

លោក​មិន​បាន​ផ្ដល់​ព័ត៌មាន​ណា​មួយ​អំពី​ថា​តើ​ការ​ចាប់​ខ្លួន​ជន​ទាំង​នេះ​ធ្វើ​ឡើង​នៅ​ទីណា ឬ​ក៏​ថា​តើ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នោះ​ទេ។

ប៉ុន្តែ ការ​ភ័យ​ខ្លាច​ក្នុង​ចំណោម​សហគមន៍​អន្តោប្រវេសន៍​នៅ​តាម​ទីក្រុង​ធំៗ​អំពី​ការ​ឆ្មក់​ចូល​ចាប់​ខ្លួន​ពួកគេ​មិន​មាន​នោះ​ទេ។

គេ​ឃើញ​មាន​សេចក្ដី​រាយការណ៍​ថា មិន​មាន​សកម្មភាព​ឆ្មក់​ចាប់​ខ្លួន​ណា​មួយ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ នៅ​តាម​ទីក្រុង​ធំៗ​មួយ​ចំនួន​ដូចជា​ទីក្រុង Miami ទីក្រុង New York ទីក្រុង Atlanta និង​ទីក្រុង Baltimore ជា​ដើម​នោះ​ទេ។ ទីក្រុង​ទាំង​នេះ​គឺ​ជា​ទីក្រុង​ដែល​ព្រះ​វិហារ​គ្រិស្ត​សាសនា និង​មេធាវី​ចេញ​មុខ​ការពារ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់។ ព្រះ​វិហារ​គ្រិស្ត​សាសនា និង​មេធាវី​បាន​ប្រាប់​អ្នក​ដែល​ត្រូវ​គេ​ចាប់​ខ្លួន​មិន​ឲ្យ​និយាយ ឬ​ក៏​ធ្វើ​សញ្ញា​អ្វី​នោះ​ទេ ប្រសិនបើ​គ្មាន​វត្តមាន​មេធាវី​នៅ​ជាមួយ។

មន្ត្រី​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ ថា ពួកគេ​ផ្ដោត​ខ្លាំង​លើ​ការ​ចាប់​ខ្លួន​នរណា​ដែល​គេ​ចាត់ទុក​ថា​អាច​បង្ក​គ្រោះថ្នាក់។ ប៉ុន្តែ អ្នក​តស៊ូ​មតិ​ឲ្យ​ជន​អន្តោប្រវេសន៍​ថា ការ​ឆ្មក់​ចាប់​ខ្លួន​នេះ​អាច​ធ្វើ​ឲ្យ​គ្រួសារ​ជន​អន្តោប្រវេសន៍​ទាំង​នោះ​មាន​ការ​បែកបាក់​គ្នា និង​អាច​ច្រឡំ​ចាប់​ខ្លួន​អ្នក​ដែល​មិន​បង្ក​គ្រោះថ្នាក់៕

XS
SM
MD
LG