ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួប​របស់​មេដឹកនាំ​កូរ៉េ​ទាំង​ពីរ​អាច​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​របស់​ស.រ.អា.​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង


លោកស្រី Kim Yo Jong ប្អូនស្រី​មេដឹកនាំ Kim Jong Un ប្រគល់​លិខិត​របស់​លោក Kim Jong Un ទៅ​ឲ្យ​លោក​ប្រធានាធិបតី Moon Jae-in ក្នុង​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​ក្នុង​វិមាន​ប្រធានាធិបតី Blue House នៅ​ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។
លោកស្រី Kim Yo Jong ប្អូនស្រី​មេដឹកនាំ Kim Jong Un ប្រគល់​លិខិត​របស់​លោក Kim Jong Un ទៅ​ឲ្យ​លោក​ប្រធានាធិបតី Moon Jae-in ក្នុង​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​ក្នុង​វិមាន​ប្រធានាធិបតី Blue House នៅ​ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។

ការ​អញ្ជើញ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ឲ្យ​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​ការទូត​របស់​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ក្នុង​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​ឲ្យ​លះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា។

លោក Kim Jong Un បាន​អញ្ជើញ​លោក Moon Jae In តាម​រយៈ​ប្អូន​ស្រី​របស់​លោក​គឺ​អ្នកស្រី Kim Yo Jong។ អ្នកស្រី Kim Yo Jong បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​របស់​គណៈប្រតិភូ​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ក្នុង​ទីក្រុង PyeongChang ប្រទេស​កូរ៉េ​ខាង​ត្បូង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។

លោក Moon Jae In បាន​បញ្ជាក់​ថា លោក​ចង់ «បង្កើត​បរិយាកាស​ឲ្យ​ស្ថានការណ៍​ដូច​នេះ​កើត​ឡើង»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង។

គំនិត​ផ្ដួចផ្ដើម​ផ្នែក​ការទូត​របស់​កូរ៉េ​ខាង​ជើង​នេះ​បាន​កើត​ឡើង​ស្រប​ពេល​ដែល​មាន​ការ​កើន​ឡើង​នូវ​ការ​ដាក់​សម្ពាធ​ពី​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ក្នុង​គោល​បំណង​ដើម្បី​ដាក់​សម្ពាធ​ជា​អតិបរមា​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​ការទូត​លើ​របប​ដឹកនាំ​កូរ៉េ​ខាង​ជើង។

អតីត​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​អ្នក​វិភាគ​នានា​បាន​និយាយ​ថា វិធានការ​របស់​កូរ៉េ​ខាង​ជើង​ដូច​នេះ​អាច​ធ្វើ​ឲ្យ​លោក Moon Jae In មាន​ការ​ខ្វែង​គំនិត​គ្នា​ជាមួយ​នឹង​រដ្ឋាភិបាល​របស់​លោក Trump។ លោក Moon Jae In គឺ​ជា​អ្នក​គាំទ្រ​យុទ្ធនាការ​ដាក់​សម្ពាធ​របស់​លោក Trump ហើយ​ស្រប​ពេល​នោះ​ដែរ លោក​ក៏​ជា​អ្នក​ចង់​បន្ត​ឲ្យ​មាន​ការ​ចរចា​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​ផង​ដែរ។

លោក Robert Manning សមាជិក​ជាន់​ខ្ពស់​នៃ​អង្គការ Atlantic Council បាន​ថ្លែង​ថា៖ «ការ​អញ្ជើញ​នេះ​គឺ​ជា​វិធានការ​យ៉ាង​ច្បាស់​ក្រឡែត​របស់​លោក Kim Jong Un ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។ លោក Kim Jong Un មាន​ជំនាញ​យ៉ាង​ប៉ិន​ប្រសប់​ខាង​ទំនាក់ទំនង​សាធារណៈ​ទាក់ទិន​នឹង​ការ​ប្រជុំ​នេះ និង​ជំនាញ​ខាង​ទាញ​យក​ប្រយោជន៍​ពី​អារម្មណ៍​ដែល​ចង់​ឲ្យ​មាន​ការ​រួបរួម​គ្នា​រវាង​កូរ៉េ​ទាំង​ពីរ»។

កាល​ពី​អតីតកាល ការ​ប្រជុំ​រវាង​កូរ៉េ​ខាង​ពីរ​ជា​រឿយៗ​បណ្ដាល​ឲ្យ​មាន​ការ​ផ្ដល់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ដ៏​ក្រាស់ក្រែល​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ ប្រសិនបើ​លោក Moon Jae In ធ្វើ​តាម​អ្វី​ដែល​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​ធ្លាប់​ធ្វើ​កាល​ពី​លើក​មុន វា​អាច​ប៉ះពាល់​ដល់​យុទ្ធនាការ​របស់​រដ្ឋាភិបាល​លោក Trump ក្នុង​ការ​ដាក់​សម្ពាធ​លើ​កូរ៉េ​ខាង​ជើង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Ken Gause ប្រធាន​ក្រុម​កិច្ចការ​អន្តរជាតិ​នៃ​មជ្ឈមណ្ឌល Center for Naval Analyses។

លោក Ken Gause បាន​កត់​សម្គាល់​ឃើញ​ថា៖ «ប្រសិនបើ​ជំនួប​នេះ​ឈាន​ទៅ​ដល់​ការ​ផ្ដល់​ជំនួយ នោះ​វា​ប្រាកដ​ជា​បំផ្លាញ​ដល់​យុទ្ធសាស្ត្រ​ដាក់​សម្ពាធ​ជា​អតិបរមា​លើ​កូរ៉េ​ខាង​ជើង​ជាក់​ជា​មិន​ខាន»។ លោក​ថ្លែង​ដូច្នេះ ចង់​សំដៅ​ទៅ​លើ​កិច្ច​ប្រជុំ​រវាង​កូរ៉េ​ទាំង​ពីរ​ដែល​កូរ៉េ​ខាង​ជើង​បាន​ស្នើ​ឡើង។

លោក Bruce Klinger អតីត​អ្នក​វិភាគ​របស់​ទីភ្នាក់ងារ CIA ដែល​នា​ពេល​បច្ចុប្បន្ន​នេះ​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​អង្គការ Heritage Foundation បាន​ព្រមាន​ថា រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​អាច​រំលោភ​លើ​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​ក្នុង​ការ​ផ្ដល់​ជំនួយ​សេដ្ឋកិច្ច​ដល់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង។

លោក Bruce Klinger និយាយ​យ៉ាង​ដូច្នេះ​ថា៖ «លោក Moon Jae In គួរតែ​ដឹង​ថា ការ​ផ្ដល់​នូវ​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​កាយវិការ​បែប​និមិត្តរូប​របស់​កូរ៉េ​ខាង​ជើង គឺ​មិន​ត្រឹមតែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​រំលោភ​លើ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ទៀត​ផង»។

រដ្ឋាភិបាល​របស់​លោក Moon Jae In បាន​ប្រឡូក​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​យូរ​អង្វែង​របស់​កូរ៉េ​ខាង​ត្បូង បន្ទាប់ពី​លោក Kim Jong Un បាន​បញ្ជាក់​អំពី​ការ​បញ្ជូន​ក្រុម​គណៈ​ប្រតិភូ​របស់​កូរ៉េ​ខាង​ជើង​ទៅ​ចូលរួម​នៅ​ក្នុង​កីឡា​អូឡាំពិក​នៅ​កូរ៉េ​ខាង​ត្បូង​មក។

លោក Moon Jae In បាន​សម្របសម្រួល​តាម​ការ​ចង់​បាន​របស់​កូរ៉េ​ខាង​ជើង​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​នៅ​ក្នុង​កីឡា​អូឡាំពិក​នេះ​ក្នុង​ក្ដី​សង្ឃឹម​ថា​អាច​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ឲ្យ​វិល​មក​កាន់​តុ​ចរចា​ឡើង​វិញ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​គ្មាន​អាវុធ​នុយក្លេអ៊ែរ។ ស្រប​ពេល​នោះ​ដែរ លោក Moon Jae In ក៏​បាន​ព្យាយាម​បន្ធូរ​បន្ថយ​ក្ដី​កង្វល់​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែល​បារម្ភ​ថា កូរ៉េ​ខាង​ជើង​បាន​ធ្វើ «ការ​ទាក់ទាញ​ការ​គាំទ្រ» នៅ​ឯ​កីឡា​អូឡាំពិក ដើម្បី​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម និង​មាន​ពេល​ដើម្បី​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

បើ​តាម​ការ​បញ្ជាក់​របស់​លោក Robert Manning នៃ​អង្គការ Atlantic Council វិញ ការ​អញ្ជើញ​របស់​កូរ៉េ​ខាង​ជើង​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ស្ថិត​ក្នុង​ស្ថានការណ៍​លំបាក​មួយ ដែល​កូរ៉េ​ខាង​ត្បូង​ចាំបាច់​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ថា កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​នឹង​ផ្ដល់​លទ្ធផល​ជា​ផ្លែផ្កា។

លោក Robert Manning បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «លោក​ប្រធានាធិបតី Moon Jae In ត្រូវតែ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​គោល​បំណង​របស់​លោក​ដើម្បី​ឲ្យ​មាន​ការ​ផ្សះផ្សា​រវាង​កូរ៉េ​ទាំង​ពីរ និង​គោល​នយោបាយ​របស់​លោក​ក្នុង​ការ​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​គ្មាន​អាវុធ​នុយក្លេអ៊ែរ»។

លោក Dennis Wilder សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Georgetown ដែល​ធ្លាប់​ធ្វើ​ជា​ប្រធាន​ជាន់​ខ្ពស់​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​នៅ​ក្នុង​សម័យ​លោក George W. Bush ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​ស្នើ​យ៉ាង​ដូច្នេះ​ថា លោក Moon Jae In គួរតែ​ទទួល​យក​ការ​អញ្ជើញ​នេះ​តែ​ក្នុង​ករណី​ណា​ដែល​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​យល់ព្រម​ពិភាក្សា​អំពី​បញ្ហា​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​នឹង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ។

លោក Dennis Wilder បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​គឺ​ថា លោក​ប្រធានាធិបតី Moon Jae In គួរតែ​ចូលរួម​នៅ​ក្នុង​ជំនួប​រវាង​កូរ៉េ​ទាំង​ពីរ​នេះ​តែ​ក្នុង​ករណី​ណា​ដែល​មាន​សញ្ញា​បញ្ជាក់​ច្បាស់​ពី​កូរ៉េ​ខាង​ជើង​អំពី​ឆន្ទៈ​ក្នុង​ការ​ចូលរួម​សហការ​ដោយ​ម៉ឺងម៉ាត់​ជាមួយ​នឹង​រដ្ឋាភិបាល​របស់​លោក Trump តែ​ប៉ុណ្ណោះ»។

លោក Jeseph De Trani អតីត​បេសកជន​ពិសេស​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​ពិភាក្សា​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង បាន​និយាយ​ថា លោក Moon Jae In គួរតែ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ចំពោះ​លោក Kim Jong Un ថា លោក​ចង់​ពិភាក្សា​អំពី​បញ្ហា​នុយក្លេអ៊ែរ និង​មីស៊ីល​នៅ​ឯ​ជំនួប​រវាង​កូរ៉េ​ទាំង​ពីរ។

អតីត​បេសកជន​ពិសេស​រូប​នេះ​ជឿ​ជាក់​ថា លោក Moon Jae In គួរតែ​ប្រើប្រាស់​កិច្ច​ប្រជុំ​នេះ​ដើម្បី​ជា​ឱកាស​មួយ​ក្នុង​ការ​ជំរុញ​ឲ្យ​លោក Kim Jong Un ទទួល​ស្គាល់​ការ​សន្យា​របស់​អតីត​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Il ក្នុង​ការ​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​គ្មាន​អាវុធ​នុយក្លេអ៊ែរ។

សំណើ​ការទូត​របស់​កូរ៉េ​ខាង​ជើង​លើក​នេះ​ទំនងជា​មិន​បង្អាក់​ទឹក​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​បន្ត​យុទ្ធសាស្ត្រ​ដាក់​សម្ពាធ​របស់​ខ្លួន​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នោះ​ទេ។

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Mike Pence ដែល​ជា​អ្នក​ដឹកនាំ​គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​ទៅ​ចូលរួម​នៅ​ក្នុង​កីឡា​អូឡាំពិក​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នានា​ថា លោក និង​លោក Moon Jae In បាន​ពិភាក្សា​គ្នា​អំពី​ជំនួប​រវាង​លោក Moon Jae In និង​ប្អូនស្រី​របស់​លោក Kim Jong Un គឺ​អ្នកស្រី Kim Yo Jong។

លោក Mike Pence បាន​បន្ថែម​ថា លោក​នៅតែ​មាន​ទំនុក​ចិត្ត​ចំពោះ​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​លើ​យុទ្ធសាស្ត្រ​ដាក់​សម្ពាធ​របស់​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​ដដែល។

លោក Mike Pence បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «មិន​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​សហរដ្ឋ​អាមេរិក ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ជប៉ុន​ទាក់ទិន​នឹង​ភាព​ចាំបាច់​នៃ​ការ​បន្ត​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ឯកា​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ការទូត រហូត​ទាល់តែ​កូរ៉េ​ខាង​ជើង​លះបង់​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល​របស់​ខ្លួន​នោះ​ទេ»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG