ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

រដ្ឋបាល​លោក Trump ស្នើ​ទទួល​ជនភៀសខ្លួន​តែ​ ១៥.០០០​ នាក់​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ​២០២១


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចូលរួមកិច្ចពិភាក្សាមួយស្តីអំពីសន្តិសុខព្រំដែននិងអន្តោប្រវេសន៍ នៅមណ្ឌលយាមល្បាតព្រំដែនអាមេរិកប្រចាំក្រុង Calexico រដ្ឋកាលីហ័រញ៉ា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩។

រដ្ឋបាល​លោក​ប្រធានាធិបតី​ Donald Trump បាន​ឲ្យដឹង​នៅ​ល្ងាច​ថ្ងៃ​ពុធ​ថា ខ្លួន​ចង់​កាត់​បន្ថយ​ចំនួន​ជនភៀស​ខ្លួន ចូល​មក​សហរដ្ឋ​អាមេរិក​ឲ្យ​មក​នៅ​ត្រឹម ​១៥.០០០ នាក់​ប៉ុណ្ណោះ សម្រាប់​ឆ្នាំ​សារពើពន្ធ​២០២១ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១ ខែ​តុលា​នេះ។

នេះ​ជា​តួលេខ​ចុង​ក្រោយ​បង្អស់​នៃ​ការ​កាត់​បន្ថយ​ប្រចាំឆ្នាំ ចាប់​តាំង​ពី​លោក​ប្រធានាធិបតី Donald Trump ឡើង​កាន់​តំណែង​ក្នុង​ឆ្នាំ​ ២០១៧​ មក។

ក្នុងឆ្នាំ​ ២០២០ រដ្ឋបាល​លោក បាន​ដាក់​កំហិត​ទទួល​ជនភៀសខ្លួន​ចំនួន មិន​ឲ្យ​លើស​ពី​ ១៨.០០០ នាក់ហើយ​សហរដ្ឋ​អាមេរិក បាន​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​ ១០.៨៩២​ នាក់​ចូល​ប្រទេស មុន​នឹង​ផ្អាក​កម្មវិធី​នេះ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩។

នេះ​ជា​ចំនួន​តិច​បំផុត​ចាប់​តាំង​ពី​សភា​សហរដ្ឋ​អាមេរិក​អនុម័តកម្មវិធី​ទទួល​ជនភៀសខ្លួន​នេះ កាល​ពីឆ្នាំ​ ១៩៨០។ នៅ​ក្រោម​រដ្ឋបាល​លោក អូបាម៉ា សហរដ្ឋ​អាមេរិក​ទទួល​ជន​ភៀសខ្លួនរវាង ៧០.០០០ ដល់ ៨៥.០០០​ នាក់ ក្នុង​មួយឆ្នាំ។

ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ឲ្យដឹង​ថា ​សំណើ​របស់​លោក Trump សម្រាប់​ឆ្នាំ​ ២០២១ «បញ្ជាក់​ឡើងវិញ​នូវ​ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​អ្នក​ងាយ​រងគ្រោះ​ជាទី​បំផុត​របស់​ពិភពលោក ស្របពេល​ដែល​យើង​បំពេញ​តួនាទី​ទី១​របស់​យើង ​គឺ​ដើម្បី​ការពារ និងបម្រើ​ពលរដ្ឋ​អាមេរិកាំង‍»។

អ្នកស្រី Krish Vignarajah ប្រធាន​អង្គការ Lutheran Immigration and Refugee Service ដែល​ជា​អង្គការ​ទទួល​មូលនិធិ​ពី​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក ដើម្បីសម្របសម្រួល​កិច្ចការ​ជួយ​ជន​ភៀស​ខ្លួនតាំងទី​លំនៅជា​ថ្មី​ នៅ​សហរដ្ឋ​អាមេរិក និយាយ​ថា ការ​សម្រេចបន្ថយ​ចំនួន​ជន​ភៀសខ្លួន​ដែល​សហរដ្ឋ​អាមេរិក​ទទួល​យក «ជា​ការ​លះបង់​ចោល​ទាំង​ស្រុង​នូវ​ករណីកិច្ច​ខាង​សីលធម៌​របស់​យើង និង​និមិត្តរូប​ដែល​ប្រជាជាតិ​តំណាង​ឲ្យ»៕

XS
SM
MD
LG