ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក Trump ថា លោក​នឹង​បើកផ្លូវ​ឲ្យ​ជន​អន្តោប្រវេសន៍​ក្រោម​កម្មវិធី DACA ទទួល​បាន​សញ្ជាតិ​អាមេរិកាំង


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ស្ថិត​នៅ​ក្នុង​សេតវិមាន កាល​ពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​ថា ក្នុង​ពេលឆាប់ៗ​នេះ លោក​នឹង​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​នីតិ​ប្រតិបត្តិ​មួយ​ស្ដី​ពី​អន្តោប្រវេសន៍ ដែល​រួម​មាន​ទាំង​ការ​បើក​ផ្លូវ​ទៅ​កាន់​ការ​ទទួល​បាន​សញ្ជាតិ​អាមេរិកាំង​សម្រាប់​ជន​អន្តោប្រវេសន៍​វ័យ​ក្មេង​ដែល​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​នៅពេល​ពួកគេ​ជា​កុមារ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​បណ្តាញ​ទូរទស្សន៍ Telemundo លោក Trump បាន​ថ្លែង​ថា «កម្មវិធី DACA នឹង​គ្មាន​បញ្ហា​ទេ»។ កម្មវិធី DACA នេះ​សំដៅ​ដល់​កម្មវិធី​សកម្មភាព​ផ្អាក​ការ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក​នូវ​ជន​អន្តោប្រវេសន៍​ដែល​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​តាំង​ពី​នៅ​កុមារ ដែល​នៅ​ក្រោម​កម្មវិធី​នេះ ជន​ចំណាក​ស្រុក​វ័យ​ក្មេង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្នាក់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បណ្ដោះ​អាសន្ន។

លោក​បាន​និយាយ​ថា៖ «យើង​នឹង​មាន​ផ្លូវ​មួយ​សម្រាប់​ពួកគេ​ក្នុង​ការ​ទទួល​បាន​សញ្ជាតិ​អាមេរិកាំង»។

កាល​ពី​ពេល​មុន រដ្ឋបាល​របស់​លោក Trump បាន​ព្យាយាម​បញ្ចប់​កម្មវិធី DACA នេះ។ កម្មវិធី​នេះ​ជា​កម្មវិធី​ដែល​បានបង្កើត​ឡើង​ក្នុង​សម័យ​លោក Obama Obama ធ្វើ​ជា​ប្រធានាធិបតី និង​ជា​កម្មវិធី​ដែល​ការពារ​ជន​អន្តោប្រវេសន៍​ជាង ៧ សែន​នាក់។

លោក Trump មិន​បាន​ផ្តល់​សេចក្តី​លំអិត​អំពី​បទ​បញ្ជា​នីតិ​ប្រតិបត្តិ​នេះ​ទេ ដោយ​គ្រាន់តែ​ថ្លែង​ថា៖ «វា​នឹង​ក្លាយជា​សេចក្តី​ព្រាង​ច្បាប់​ដ៏​ធំ និង​ល្អ​បំផុត​មួយ​ដែល​ផ្អែក​លើ​គុណសម្បត្តិ»។

លោក​ប្រធានាធិបតី​បាននិយាយ​ថា​បទ​បញ្ជា​នេះ «នឹង​មាន​បញ្ចូល​នូវ​កម្មវិធី DACA ផង​ដែរ ហើយ​ខ្ញុំ​គិត​ថា មនុស្ស​ជា​ច្រើន​នាក់​នឹងសប្បាយ​ចិត្ត​ជា​ទី​បំផុត»។

នៅ​ពេល​សួរ​ថា​តើ​វិធានការ​នេះ​ជា​បទបញ្ជា​នីតិ​ប្រតិបត្តិ ដែល​ផ្ទុយ​ពី​សេចក្តី​ព្រាង​ច្បាប់​របស់​សភា ឬ​ក៏​យ៉ាង​ណា​នោះ លោក Trump បាន​និយាយ​ថា តុលាការ​កំពូល​បាន​ប្រគល់​ឱ្យ​លោក​នូវ «អំណាច​ដ៏​មហិមា» ដើម្បី​ចេញ​បទបញ្ជា​នីតិ​ប្រតិបត្តិ នៅ​ពេល​ដែល​តុលាការ​នេះ​បាន​សម្រេច​អំពី​កម្មវិធី DACA កាល​ពី​ខែ​មុន។

តុលាការ​កំពូល​បាន​សម្រេច​កាល​ពី​ខែ​មុន​ថា រដ្ឋបាល​របស់​លោក Trump បាន​ផ្តល់​នូវ​ហេតុផល​មិន​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ចង់​លុបចោល​នូវ​កម្មវិធី DACA។ ប៉ុន្តែ​តុលាការ​កំពូល​មិន​បាន​សម្រេច​អំពី​ថា​តើ​អ្នក​ដែល​ទទួល​បាន​ប្រយោជន៍​ពី​កម្មវិធី DACA នេះ មាន​សិទ្ធិ​អចិន្ត្រៃយ៍​ដើម្បី​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក ឬ​ក៏​យ៉ាង​ណា​នោះ​ទេ ហើយ​សេចក្តី​សម្រេច​នេះ​ក៏​មិន​បាន​រារាំង​លោក Trump មិន​ឱ្យ​ព្យាយាម​ម្ដង​ទៀត​នៅ​ក្នុង​ការ​បញ្ឈប់​កម្មវិធី​នេះ​ឡើយ។

លោក Trump បាន​និយាយ​ថា លោក​គ្រោង​នឹង​ចេញ​បទ​បញ្ជា​អំពី​រឿង​អន្តោប្រវេសន៍​នេះ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។

លោក Judd Deere អ្នក​នាំពាក្យ​ប្រធានាធិបតី បាន​និយាយ​ថា លោក Trump «កំពុង​រៀបចំ​បទ​បញ្ជា​នីតិ​បញ្ញត្តិ​មួយ​ដើម្បី​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​អន្តោ​ប្រវេសន៍​មួយ​ផ្អែក​លើ​គុណសម្បត្តិ ដើម្បី​ការពារ​អ្នក ធ្វើ​ការ​អាមេរិកាំង»។

អ្នក​នាំពាក្យ​ប្រធានាធិបតី​រូប​នេះ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា លោក Trump ចង់​ធ្វើការជា​មួយ​សភា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ផ្លូវ​ច្បាប់​តាម​រយៈ​ការ​ចរចា​សម្រាប់​កម្មវិធី DACA ដែល​ដំណោះស្រាយ​នោះ​មាន​ដូចជា​វិធី​ទទួល​បាន​សញ្ជាតិ​អាមេរិកាំង សន្តិសុខ​រឹងមាំ​តាម​ព្រំដែន និង​កំណែ​ទម្រង់​ជា​អចិន្ត្រៃយ៍​ផ្អែក​លើ​គុណ​សម្បត្តិ​ជា​ដើម»។

លោក Ted Cruz ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ បាន​រិះគន់​ការ​លើកឡើង​របស់​លោក Trump ដោយ​បញ្ជាក់​នៅ​លើ Twitter ថា៖ «វា​នឹង​ក្លាយជា​កំហុស​ដ៏​ធំ​មួយ ប្រសិនបើ​លោក Trump ព្យាយាម​ពង្រីក​ដោយ​ខុស​ច្បាប់​នូវ​ការ​លើកលែង​ទោស»។

លោក Cruz បាន​សរសេរ​ដូច្នេះ​ថា៖ «គ្មាន​អំណាច​តាម​រដ្ឋធម្មនុញ្ញ​ណា​មួយ ដែល​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​បង្កើត​នូវ «វិថី​ឆ្ពោះ​ទៅកាន់​ការ​ទទួល​បាន​សញ្ជាតិ​អាមេរិកាំង» ដោយ​បទ​បញ្ជា​នីតិ​ប្រតិបត្តិ​នោះ​ទេ។

ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ សមាជិក​សភា​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​បាន​ព្យាយាម​ជា​ច្រើន​ដង​នៅ​ក្នុង​ការ​អនុម័ត​លើ​កំណែ​ទម្រង់​អន្តោប្រវេសន៍​ដ៏​ទូលំទូលាយ​មួយ ក៏​ប៉ុន្តែ​បាន​បរាជ័យ ដោយសារ​មាន​ភាព​ផ្ទុយ​គ្នា​ខ្លាំង​រវាង​សំណើ​ច្បាប់​របស់​គណបក្ស​សាធារណរដ្ឋ និង​សំណើ​ច្បាប់​របស់​គណបក្ស​ប្រជាធិបតេយ្យ៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ

XS
SM
MD
LG