ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​របស់​ប្រធានាធិបតី​ Trump ដាក់​ការរឹតត្បិត​លើ​អ្នកការទូត​ចិន


រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅក្រុងវ៉ាស៊ិនតោន កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ដាក់​ការរឹតត្បិត​ថ្មី​លើ​អ្នក​ការទូត​ចិន​ដែល​ធ្វើការ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

នៅ​ក្រោមវិធានការ​ថ្មីដែល​បាន​ប្រកាស​កាលពី​ថ្ងៃពុធ​ដោយ​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ពួក​អ្នក​ការទូត​ជាន់​ខ្ពស់​ចិន​ ត្រូវតែ​ទទួល​ការ​អនុញ្ញាត​ជាមុន​ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​សាកល​វិទ្យាល័យ​ឬជួបជាមួយ​ពួក​មន្រ្តី​រដ្ឋាភិបាល​មូលដ្ឋាន​ និងដើម្បី​រៀបចំ​ពិធី​វប្បធម៌​ណាមួយ​នៅ​ខាងក្រៅ​ស្ថានទូត​ឬស្ថាន​កុងស៊ុល​ចិន​ ប្រសិន​បើ​មាន​អ្នក​ចូលរួមលើស​ពី​៥០​នាក់​ឡើង​ទៅ។

លោក Pompeo ក៏បាន​និយាយ​ដែរ​ថា រដ្ឋបាល​របស់​លោក Donald Trump នឹង​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ចិន​បង្ហាញ​អត្តសញ្ញាណ​ខ្ទង់គណនីយ​បណ្តាញ​ព័ត៌មាន​សង្គម​ទាំងអស់​ដែល​រៀប​ចំចាត់ចែង​ដោយ​រដ្ឋាភិបាល។

លោករដ្ឋមន្រ្តី​ការបរទេស Pompeo បាន​មាន​ប្រសាសន៍​ទៀត​ថា ការដាក់​ការរឹតត្បិតស្រដៀងគ្នា​លើ​អ្នក​ការទូត​អាមេរិកាំង​ដែល​កំពុង​ធ្វើការងារ​ក្នុង​ប្រទេស​ចិន​ជា​ហេតុផល​សម្រាប់​ដាក់​ការរឹតត្បិត​លើ​ពួក​អ្នក​ការទូត​ចិន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក​រដ្ឋ​មន្រ្តី​និយាយ​ទៀត​ថា «យើង​គ្រាន់តែ​ទាមទារ​តបត​វិញ​ប៉ុណ្ណោះ»។

ស្ថានទូត​ចិន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​បាន​ហៅ​ចំណាត់ការ​នេះថាជា«ការរឹតត្បិត​និង​ឧសគ្គ​មិន​សម​ហេតុផល​មួយ​ទៀត​លើ​បុគ្គលិក​ការទូតនិង​ស្ថាន​កុងស៊ុលរបស់​ខ្លួន​នៅក្នុង​សហរដ្ឋ​អាមេរិក​»។

ការរឹតត្បឹត​ថ្មីលើ​អ្នក​ការទូត​ចិន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជា​សញ្ញា​ថ្មី​បំផុត​នៃ​ទំនាក់​ទំនង​កាន់តែ​អាក្រក់​ឡើង​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំបំផុត​២របស់​ពិភពលោក។ ភាគីទាំង២បាន​ប៉ះទង្គិច​គ្នា​លើ​បញ្ហា​ជាច្រើន​ រួមមាន​ពាណិជ្ជកម្ម បច្ចេកវិទ្យា ច្បាប់​សន្តិសុខជាតិថ្មីដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​ទីក្រុង​ហុងកុង​ និថអាកប្បកិរិយា​គឃ្លើន​កាន់តែ​ខ្លាំងឡើង​របស់​ចិន​ចំពោះ​កោះតៃវ៉ាន់៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG