រដ្ឋបាលលោក ត្រាំ កំពុងតែត្រៀមខ្លួនដើម្បីពន្លឿនការពិនិត្យមើលជុំដំបូងទៅលើជនស្វែងរកសិទ្ធិជ្រកកោន ដោយនឹងត្រូវសម្ភាសជនអន្តោប្រវេសន៍ទាំងនោះក្នុងរយៈពេល២៤ម៉ោង។
មន្ត្រីទទួលបន្ទុកផ្ដល់សិទ្ធិសុំជ្រកកោនជាទូទៅត្រូវរង់ចាំរយៈពេល ៤៨ម៉ោងទើបអាចសម្ភាសនិងស្ដាប់ករណីរបស់ជនអន្តោប្រវេសន៍ម្នាក់ដែលត្រូវបានឃុំឃាំង បន្ទាប់ពីឆ្លងចូលមកសហរដ្ឋអាមេរិកបាន។
ក៏ប៉ុន្តែលោក Ken Cuccinelli នាយកស្ដីទីនៃទីភ្នាក់ងារផ្ដល់សិទ្ធិនិងអន្តោប្រវេសន៍អាមេរិក USCIS បានណែនាំឲ្យមន្ត្រីរបស់ខ្លួនសម្ភាសជនអន្តោប្រវេសន៍ដែលត្រូវបានឃុំឃាំងក្នុងរយៈពេល២៤ម៉ោង។
គេហទំព័រព័ត៌មាន Buzzfeed ដែលនិយាយថា ខ្លួនទទួលបានច្បាប់ចម្លងមួយច្បាប់នៃលិខិតណែនាំដែលបានផ្ដល់ដល់មន្ត្រីអន្តោប្រវេសន៍ ដំបូងឡើយ បានរាយការណ៍ថា គោលការណ៍នេះត្រូវផ្លាស់ប្ដូរនៅថ្ងៃចន្ទ។
VOA បានបញ្ជាក់ថា សេចក្តីរាយការណ៍នោះពិតប្រាកដមែនកាលពីយប់ថ្ងៃចន្ទ។
អ្នកស្រី Jessica Collins ដែលជាអ្នកនាំពាក្យទីភ្នាក់ងារផ្ដល់សិទ្ធិនិងអន្តោប្រវេសន៍អាមេរិកបានថ្លែងប្រាប់ VOA ថា «ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការពន្លឿនដំណើរការត្រួតពិនិត្យនេះឲ្យកាន់តែមានប្រសិទ្ធភាព ស្ថាប័នរបស់យើងកំពុងតែកែប្រែរយៈពេលសម្ភាសដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង»។
ថ្វីត្បិតតែអ្នកស្រី Collins មិនបានបញ្ជាក់ថាតើលិខិតណែនាំថ្មីនោះនឹងត្រូវចាប់ផ្ដើមអនុវត្តនៅពេលណាក៏ដោយ ក៏អ្នកស្រីបាននិយាយថា «ការណ៍នេះនឹងជួយពន្លឿនដំណើរការត្រួតពិនិត្យឲ្យកាន់តែលឿននិងជួយទប់ស្កាត់ការរាំងស្ទះការងារ»៕