ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កំពូលៗ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សភា​អំពាវនាវ​ឲ្យ​ដក​លោក Trump ចេញ​ពី​តំណែង


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ពេលទៅដល់អាកាសយានដ្ឋាន Joint Base Andrews នៅរដ្ឋ Maryland កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ពេលទៅដល់អាកាសយានដ្ឋាន Joint Base Andrews នៅរដ្ឋ Maryland កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។

កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ មេដឹកនាំ​កំពូលៗ ២ រូប​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​សភា​សហរដ្ឋ​អាមេរិក បាន​អំពាវនាវ​ឲ្យ​ដក​លោក​ប្រធានាធិបតី Donald Trump ចេញ​ពី​តំណែង តាម​រយៈ​ការ​ប្តឹង​ចោទ​ប្រកាន់ ឬ​តាម​រយៈ​វិសោធនកម្ម​ទី ២៥ នៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក​ ដែល​អនុញ្ញាត​ឲ្យ​អនុ​ប្រធានាធិបតី និង​សមាជិក​ភាគ​ច្រើន​នៃ​គណៈរដ្ឋមន្ត្រី​អាច​ដក​ប្រធានាធិបតី​ណា​ដែល​អសមត្ថភាព​ខាង​ផ្លូវ​ចិត្ត​ចេញ​ពី​តំណែង​បាន។

សមាជិក​គណបក្ស​សាធារណរដ្ឋ​ខ្លះ ក៏​បាន​ជំរុញ​ឲ្យ​ដក​លោក Trump ចេញ​ពី​តំណែង​ផងដែរ។

ក៏ប៉ុន្តែ ការ​ដក​ប្រធានាធិបតី​ចេញពី​តំណែង​តាម​រយៈ​វិសោធនកម្ម​ទី ២៥ នៃ​រដ្ឋធម្មនុញ្ញ​នេះ ទំនងជា​មិន​អាច​ទៅ​រួច​នោះ​ទេ បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ជា​បន្ត​បន្ទាប់​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​អនុ​ប្រធានាធិបតី Mike Pence មិន​មាន​ឆន្ទៈ​នៅ​ក្នុង​ការ​អនុវត្ត​តាម​វិធី​នេះ​ទេ។

លោក Chuck Schumer សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​ឲ្យ​រដ្ឋ New York ដែល​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ​នឹង​ក្លាយជា​មេដឹកនាំ​គណបក្ស​សំឡេង​ភាគ​ច្រើន​នៃ​ព្រឹទ្ធសភា បាន​និយាយ​ថា ការ​ប្រើ​វិសោធនកម្ម​ទី ២៥ នៃ​រដ្ឋធម្មនុញ្ញ​គឺជា​វិធី​ដ៏ «លឿន​បំផុត​និង​មាន​ប្រសិទ្ធភាពបំផុត» នៅ​ក្នុង​ការ​ដក​លោក Trump ចេញពី​តំណែង​បាន។

លោក​បាន​បញ្ជាក់​ថា៖ «ប្រធានាធិបតី​រូប​នេះ​ មិន​គួរ​កាន់​តំណែង​បន្ត​ទៀត​ទេ»។

លោក Schumer បាន​បន្ថែម​ថា៖ «ប្រសិនបើ​អនុ​ប្រធានាធិបតី​និង​គណៈរដ្ឋមន្ត្រី​បដិសេធ​មិន​ធ្វើ​រឿង​នេះ​ទេ នោះ​សភា​គួរតែ​កោះ​ប្រជុំ​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង»។

ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi ក៏​បាន​អំពាវនាវ​នៅ​ក្នុង​សន្និសីទ​កាសែត​ឲ្យ​ដក​លោក Trump ចេញ​ពី​តំណែង​ផង​ដែរ៕

XS
SM
MD
LG