ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ទាំងពីរ​ថ្នាក់​របស់​សហរដ្ឋ​អាមេរិក​ប្រកាស​ជា​ផ្លូវការ​ថា លោក Biden ឈ្នះ​ការបោះឆ្នោត


លោក​អនុ​ប្រធានាធិបតី Mike Pence ដែល​មាន​តួនាទី​ជា​អធិបតី​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ទាំង​ពីរ​ថ្នាក់ និង​អ្នកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​អាមេរិក នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ទាំង​ពីរ​ថ្នាក់​នៅ​វិមាន​សភា​កាពីតុល នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែមករា ឆ្នាំ២០២១។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សភា​ទាំង​ពីរ​ថ្នាក់​របស់​សហរដ្ឋ​អាមេរិក ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ជ័យជម្នះ​របស់​លោក Joe Biden លើ​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ខែ​វិច្ឆិកា។ ការ​ប្រកាស​នេះ ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក បន្ទាប់ពី​ក្រុម​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី Donald Trump បាន​សម្រុក​ចូល​វិមាន​សភា នៅ​ក្នុង​ការ​វាយប្រហារ​ដ៏​រន្ធត់​លើ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក​មក។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ភ្លាមៗ​បន្ទាប់ពី​ការ​ប្រកាស​នេះ សេតវិមាន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​លោក​ប្រធានាធិបតី Trump ដែល​សន្យា​ថា «នឹង​ផ្ទេរ​អំណាច​ដោយ​មាន​របៀប​រៀបរយ​ត្រឹមត្រូវ​តាម​ច្បាប់» នៅ​ថ្ងៃ​ទី២០ ខែ​មករា​ខាង​មុខ​នេះ នៅ​ពេល​ដែល​លោក Biden ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី។

សភា​ទាំង​ពីរ​ថ្នាក់ ​បាន​ចាប់ផ្ដើម​បន្ត​ការងារ​របស់​ខ្លួន​ឡើង​វិញ​កាល​ពី​យប់​ថ្ងៃ​ពុធ​លើ​ការ​ប្រកាស​អំពី​ជ័យជម្នះ​របស់​លោក Biden នៅ​ក្នុង​អង្គ​បោះឆ្នោត ដោយ​ការ​ជជែក​ដេញដោល​ បាន​បន្ត​ផុត​ពាក់​កណ្ដាល​យប់​ឈាន​ចូល​ថ្ងៃ​ព្រហស្បត៍​នេះ មុន​នឹង​សភា​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ជ័យជម្នះ​របស់​លោក Biden ដោយ​លោក Biden ទទួល​បាន​អង្គ​បោះឆ្នោត ៣០៦ ចំណែក​ឯ​លោក Trump ទទួល​បាន​អង្គ​បោះឆ្នោត​ចំនួន ២៣២។

នៅ​ក្នុង​ការ​ប្រកាស​សំឡេង​ឆ្នោត​សរុប​ផ្តាច់ព្រាត់​របស់​អង្គ​បោះឆ្នោត​នេះ លោក​អនុ​ប្រធានាធិបតី Mike Pence ដែល​មាន​តួនាទី​ជា​អធិបតី​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ទាំង​ពីរ​ថ្នាក់​នេះ បាន​និយាយ​ថា «នេះ​ជា​ការ​ចាត់ទុក​ថា ​ជា​ការ​ប្រកាស​គ្រប់គ្រាន់ [នូវ​សំឡេង​ឆ្នោត​របស់​អង្គ​បោះឆ្នោត] សម្រាប់​អ្នក​ដែល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​និង​ជា​អនុ​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក»។

លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Joe Biden និង​អ្នកស្រី​អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត Kamala Harris នឹង​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី២០ ខែ​មករា​ខាង​មុខ៕

XS
SM
MD
LG