ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក Biden ជំរុញ​លោក Trump ឲ្យ​ថ្កោលទោស​អំពើ​ហិង្សា​នៅ​វិមាន​សភា


លោកប្រធានាធិបតីជាប់ឆ្នោត Joe Biden ថ្លែងនៅមហោស្រព Queen អំពីបាតុកម្មដែលកើតមាននៅវិមានសភាសហរដ្ឋអាមេរិក ក្នុងទីក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

នៅ​ពេល​ដែល​ក្រុម​អ្នក​គាំទ្រ​ប្រកប​ដោយ​ហិង្សា​របស់​លោក​ប្រធានាធិបតី Donald Trump បាន​សម្រុក​ចូល​វិមាន​សភា​សហរដ្ឋ​អាមេរិក ដែល​បាន​បង្ខំ​ឲ្យ​មាន​ការ​បិទ​វិមាន​សភា ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Joe Biden បាន​អំពាវនាវ​ដល់​លោក Trump ឲ្យ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រទេស​ជាតិ និង​ជំរុញ​ឲ្យ​មាន​សន្តិភាព។

លោក Biden បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា៖ «ខ្ញុំ​អំពាវនាវ​ដល់​លោក​ប្រធានាធិបតី Trump ឲ្យ​ថ្លែង​សុន្ទរកថា​ តាម​កញ្ចក់​ទូរទស្សន៍​នៅ​ពេល​ឥឡូវ​នេះ ដើម្បី​បំពេញ​ទៅ​តាម​សម្បថ​របស់​លោក [ពេល​ស្បថ​ចូល​កាន់​តំណែង] និង​ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ​និង​ទាមទារ​ឲ្យ​មាន​ការ​បញ្ចប់​ការ​ឡោមព័ទ្ធ [សភា] នេះ»។

លោក Biden បាន​បញ្ជាក់​ថា៖ «វា​មិន​មែន​ជា​ការ​តវ៉ា​ទេ។ វា​ជា​កុបកម្ម»។

លោក Biden បាន​ថ្កោលទោស​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ឯ​វិមាន​សភា ហើយ​បាន​ហៅ​អ្នក​ដែល​បាន​សម្រុក​ចូល​ឡោមព័ទ្ធ​អាគារ​សភា​ថា​ជា «ពួក​ជ្រុល​និយម» ដែល​មិន​តំណាង​ឲ្យ​សហរដ្ឋ​អាមេរិក។

លោក​ថ្លែង​បន្ត​ថា៖ «នៅ​ម៉ោង​នេះ លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង​កំពុង​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក មិន​ដូច​ជា​អ្វី​ដែល​យើង​បាន​ឃើញ​ក្នុង​សម័យ​ទំនើប​នេះ​ទេ។ នេះ​ជា​ការ​វាយ​ប្រហារ​លើ​វិមាន​សភា​ដែល​ជា​បន្ទាយ​សេរីភាព»។

លោក Biden បាន​បន្ថែម​ថា៖ «នេះ​មិនមែន​ជា​ភាព​សមរម្យ​ទេ។ វា​ជា​ភាព​គ្មាន​របៀប​រៀបរយ។ វា​ជា ការ​នាំ​ឲ្យ​មាន​ការ​បះបោរ ហើយ​វា​ត្រូវតែ​បញ្ចប់​នៅ​ពេល​ឥឡូវ​នេះ»។

ភ្លាមៗ​ក្រោយ​មក លោក Trump បាន​បង្ហោះ​វីដេអូ​មួយ​រយៈពេល​មួយ​នាទី​នៅ​លើ Twitter ដោយ​ស្នើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​របស់​លោក «ត្រឡប់​ទៅផ្ទះ» វិញ។ ទោះជា​យ៉ាង​ណា​ក៏ដោយ លោក Trump បាន​ចាប់ផ្តើម​សារ​វីដេអូ​របស់​លោក​នេះ ដោយ​និយាយ​ឡើង​វិញ​អំពី​ការ​អះអាង​គ្មាន​ភស្តុតាង​របស់​លោក​ដែល​ថា​ការ​បោះឆ្នោត​ត្រូវ​បាន «លួច​បន្លំ»។

ក្រុមហ៊ុន Twitter បាន​រារាំង​មិន​ឲ្យ​អាច​ចុច Like និង​ចែកចាយ​សារ​របស់​លោក Trump នេះ​បាន ដោយ​បាន​បញ្ជាក់​ថា សេចក្ដី​នៅ​ក្នុង​សារ​នេះ​គឺ​មិន​ពិត និង​បាន​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា៕

XS
SM
MD
LG