ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំបាននិយាយថា សន្និសីទកំពូលដែលបានគ្រោងធ្វើឡើងរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រហែលមិនកើតមានឡើងនៅខែក្រោយទេ។
ប្រធានាធិបតីត្រាំបាននិយាយថា «ប្រសិនបើ សន្និសីទកំពូលនោះ មិនកើតមានឡើងទេ វាប្រហែលនឹងកើតមានឡើងនៅក្រោយទៀត។ សន្និសីទកំពូលនោះ អាចមិនកើតមានឡើងនៅថ្ងៃទី១២ ខែមិថុនាទេ»។
ទោះយ៉ាងណាក៏ដោយ ប្រធានាធិបតីត្រាំនិយាយទៀតថា «មានឱកាសល្អដែលយើងនឹងមានជំនួបនោះ»។ លោកត្រាំបានហៅការពិភាក្សាពីដំបូងរវាងរដ្ឋបាលរបស់លោកនិងពួកមន្ត្រីកូរ៉េខាងជើង រហូតមកទល់ពេលនេះថា ជាបទពិសោធន៍ល្អមួយ។
លោកត្រាំក៏បាននិយាយពីគីម ជុងអ៊ុនដែរថា «ខ្ញុំគិតថា គីម ជុងអ៊ុន ប្រាកដជាគិតគូយ៉ាងហ្មត់ចត់អំពីការចរចាដែលគ្រោងធ្វើឡើងនោះ»។
លោកប្រធានាធិបតីត្រាំដែលនិយាយនៅក្នុងការិយាល័យរាងពងក្រពើនៅសេត វិមានជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានពន្យល់ថា «មានលក្ខខណ្ឌមួយចំនួនដែលយើងចង់បាន។ ខ្ញុំគិតថា យើងនឹងទទួលបានលក្ខខណ្ឌទាំងអស់នោះ»។
នៅពេលដែលគេសួរអំពីលក្ខខណ្ឌទាំងនោះ ប្រធានាធិបតីត្រាំបានឆ្លើយថា «ខ្ញុំមិនគួរនិយាយអំពីបញ្ហានេះទេ»។ ក៏ប៉ុន្តែ លោកប្រធានាធិបតីនិយាយទៀតថា ការគ្មានអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងត្រូវតែកើតមានឡើង។
កូរ៉េខាងជើងបានប្រាប់ឲ្យដឹងថា ខ្លួនប្រហែលលុបចោលជំនួបនោះបណ្តាលមកពីការខ្វែងគំនិតលើលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកចំពោះការគ្មានអាវុធនុយក្លេអ៊ែរជាឯកតោភាគីនោះ៕