ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ ត្រូវបានអង្គរក្សការពារប្រធានាធិបតីសហរដ្ឋអាមេរិកអមភ្លាមៗចេញពីសន្និសីទកាសែតនៅសេតវិមានកាលពីរសៀលថ្ងៃចន្ទម្សិលមិញពីព្រោះតែការបាញ់កាំភ្លើងនៅជិតសេតវិមាន។
លោកប្រធានាធិបតីត្រាំ ដែលបានវិលត្រឡប់មកកាន់បន្ទប់សន្និសីទកាសែតវិញប៉ុន្មាននាទីក្រោយមកបាននិយាយថា «មានការបាញ់កាំភ្លើងពិតប្រាកដហើយមានមនុស្សត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យ»។
លោក Tom Sullivan ប្រធានផ្នែកអង្គរក្សការពារប្រធានាធិបតីបានកំណត់អត្តសញ្ញាណជនដែលត្រូវរបួសដោយគ្រាប់កាំភ្លើងនោះថាជាបុរសមានអាយុ៥១ឆ្នាំដែលបានដើរមកជិតមន្ត្រីអង្គរក្សការពារប្រធានាធិបតីហើយបាននិយាយថា ខ្លួនមានអាវុធ។
លោក Sullivan បាននិយាយថា «បន្ទាប់មក ជនសង្ស័យរត់សំដៅមកកាន់មន្ត្រីអង្គរក្សការពារប្រធានាធិបតីយ៉ាងលឿន ហើយបានដកវត្ថុមួយចេញពីខ្លួន។ ហើយបន្ទាប់មក ជននោះបានឈរក្នុងជំហរហាក់ដូចជាត្រៀមបាញ់កាំភ្លើង»។ មន្ត្រីអង្គរក្សការពារប្រធានាធិបតីរូបនោះក៏បានទាញកាំភ្លើងបាញ់បុរសនោះត្រូវដងខ្លួន។
ទាំងមន្ត្រីអង្គរក្សការពារប្រធានាធិបតី និងបុរសដែលមន្ត្រីនោះបានបាញ់ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ។ លោក Sullivan មិនបានឆ្លើយសំណួរហើយសេចក្តីថ្លែងការណ៍របស់លោកមិនបានបញ្ជាក់ថាតើបុរសនោះប្រាកដមានអាវុធ បានបាញ់ ឬថាតើមន្ត្រីអង្គរក្សការពារប្រធានាធិបតីនោះមានរបួសឬទេ។
តាមការិយាល័យពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់របស់រដ្ឋធានីវ៉ាស៊ីនតោនបានប្រាប់ឱ្យដឹងថា ខ្លួនបានទៅជួយមនុស្សដែលត្រូវបានគេបាញ់ត្រូវដងខ្លួន។
ការបាញ់ប្រហារនោះបានកើតមានឡើងនៅផ្លូវ១៧ និងវិថី Pennsylvania ដែលជាចំណុចឆ្លងកាត់រវាងផ្លូវសាធារណៈជាមួយចរាចរណ៍រថយន្តហើយជាតំបន់ដែលមានការយាមកាមដ៏តឹងរ៉ឹងនៅជុំវិញសេតវិមាន។
ស្នូរកាំភ្លើង២គ្រាប់ បានត្រូវអ្នកយកព័ត៌មានយ៉ាងហោចណាស់ក៏ម្នាក់ដែរដែលបានស្ថិតនៅក្នុងបន្ទប់សន្និសីទកាសែតបានឮ៕