ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

មនុស្ស​ម្នាក់​ស្លាប់ និង ១១ នាក់​រង​របួស​នៅ​ក្នុង​ការ​បាញ់​ប្រហារ​ក្នុង​ទីក្រុង Minneapolis


ប៉ូលិស​ត្រួតពិនិត្យ​មើល​កន្លែង​កើតហេតុ​​បាញ់​ប្រហារ​នៅ​តំបន់ Uptown ក្នុង​ក្រុង Minneapolis កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២០។ មនុស្ស​មួយ​ចំនួន​ត្រូវ​គ្រាប់​កាំភ្លើង និង​មនុស្ស​ម្នាក់​ស្លាប់ ក្រោយ​ហេតុការណ៍​បាញ់​ប្រហារ​កាល​ពី​រំលង​អាធ្រាត្រ​រ​ឈាន​ចូលថ្ងៃអាទិត្យ។ ​

បុរស​ម្នាក់​បាន​ស្លាប់ និង ១១ នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​មួយ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប៉ូលិស​នៅ​ថ្ងៃ​អាទិត្យ​នេះ។

រូបភាព និង​វីដេអូ​ផ្សាយ​ផ្ទាល់​បង្ហាញ​ពី​ស្ថានភាព​ក្រោយ​ការ​បាញ់​ប្រហារ​នេះ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ Facebook បាន​បង្ហាញ​ឲ្យ​ឃើញ ជន​រងគ្រោះ​ដេកដួល​លើ​ដី ដោយ​មាន​មនុស្ស​នៅ​ក្បែរ។ អគារ​ដែល​មាន​បង្អួច​ត្រូវ​គេ​បាញ់​ទម្លុះ ក៏​ឃើញ​នៅ​ក្នុង​រូបភាព និង​វីដេអូ​នោះ​ផង​ដែរ។

គេ​នៅ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​នៃ​ការ​បាញ់​ប្រហារ​នេះ​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ទាន់​មាន​ជន​សង្ស័យ​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះ​ឡើយ។

កាល​ពី​ពេល​មុន​នេះ ប៉ូលិស​បាន​សរសេរ​នៅ​លើ Twitter ថា៖ «មនុស្ស ១០ នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយសារ​ត្រូវ​គ្រាប់​កាំភ្លើង។ អ្នក​ទាំង​អស់​នៅ​រស់ ដោយ​មាន​ស្ថានភាព​របួស​ផ្សេងៗ​គ្នា»។

ទីក្រុង Minneapolis បាន​លេច​ឮ​នៅ​ក្នុង​ដំណឹង​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ដោយសារតែ​វា​ជា​កន្លែង​ដែល​លោក George Floyd ដែល​ជា​បុរស​ស្បែក​ខ្មៅ បាន​ស្លាប់ បន្ទាប់ពី​ត្រូវ​ប៉ូលិស​ស្បែក​ស​ម្នាក់​ប្រើ​ជង្គង់​សង្កត់​ក​អស់​ជាង ៨ នាទី។

ក្រោយ​ពី​ការ​ស្លាប់​របស់​លោក Floyd បាតុកម្ម​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ទីក្រុង​នេះ ដោយ​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រើសអើង​ជាតិ​សាសន៍​នៅ​ទូទាំង​ពិភពលោក៕

XS
SM
MD
LG