ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង​នឹង​បោះឆ្នោត​ទៅ​លើ​វិធានការ​ប្រឆាំង​នឹង​ភេវរកម្ម​ដ៏​ចម្រូងចម្រាស់


លោក Francois Hollande ប្រធានាធិបតី​បារាំង​ទៅ​ធ្វើ​ពិនិត្យ​មើល​កងកម្លាំង​ប្រឆាំង​ភេរវកម្ម​របស់​បារាំង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ប៉ូលិស​ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦។
លោក Francois Hollande ប្រធានាធិបតី​បារាំង​ទៅ​ធ្វើ​ពិនិត្យ​មើល​កងកម្លាំង​ប្រឆាំង​ភេរវកម្ម​របស់​បារាំង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ប៉ូលិស​ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦។

នៅ​ពេល​ជិត​បី​ខែ​ក្រោយ​ការ​វាយ​ប្រហារ​ភេរវកម្ម​កាល​ពី​ខែ​វិច្ឆិកា​នៅ​ក្នុង​ក្រុង​ប៉ារីស និង​នៅ​ក្រោយ​រយៈពេល​ជាច្រើន​សប្តាហ៍​នៃ​ការ​ជជែក​ដេញ​ដោល​គ្នា និង​ការ​ធ្វើ​បាតុកម្ម​មក កាល​ពី​ថ្ងៃសុក្រ​ក្រុម​សមាជិក​សភា​បារាំង​បាន​ចាប់ផ្តើម​ពិនិត្យ​មើល​សេចក្តី​ព្រាង​ច្បាប់​ដើម្បី​បង្កើន​អំណាច​ច្បាប់​សន្តិសុខ​ដោយ​មាន​រួម​បញ្ចូល​សំណើ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​ផង​ដែរ។

គេ​រំពឹង​ថា​ក្រុម​តំណាង​រាស្ត្រ​ក្នុង​រដ្ឋ​សភា​ជាតិ​នឹង​បោះឆ្នោត​អំពី​សំណើ​ខ្លះ​ក្នុង​បណ្តា​សំណើ​កែ​ទម្រង់​នៅ​ថ្ងៃ​ពុធ​ក្រោយ។​ ប្រសិន​បើ​ត្រូវ​អនុម័ត​សំណើ​ទាំង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​ព្រឹទ្ធ​សភា​ពិចារណា។​ ក៏​ប៉ុន្តែ​លទ្ធផល​នៃ​កញ្ចប់​សំណើ​ទាំង​នេះ​មិន​ទាន់​ប្រាកដ​ប្រជា​នៅ​ឡើយ​ទេ។​

វិធានការ​ពីរ​ក្នុង​បណ្តា​វិធានការ​ចម្រូងចម្រាស់​បំផុត​គឺ​ការ​សរសេរ​ស្ថានភាព​មាន​អាសន្ន​ដាក់​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ជាមួយ​អត្ថបទ​ស្តី​ពី​ការ​ដក​សញ្ជាតិ​បារាំង​ពី​ពួក​ជន​ដែល​មាន​ទោស​ពី​បទ​ប្រព្រឹត្ត​ភេរវកម្ម និង​ពួក​ជន​ឯទៀតៗ​ដែល​គំរាម​កំហែង «ផល​ប្រយោជន៍» របស់​ប្រទេស​ជាតិ​ បាន​ធ្វើ​ឱ្យ​មាន​ការ​តវ៉ា​ប្រឆាំង​យ៉ាង​ខ្លាំង​និង​បាន​នាំ​ឱ្យ​មាន​ការ​បែកបាក់​គ្នា​យ៉ាង​ជូរចត់​ក្នុង​គណបក្ស​សង្គម​និយម​របស់​លោក​ប្រធានាធិបតី​ Francois Hollande​ ផង​ដែរ។​

នៅ​ក្នុង​សុន្ទរកថា​ដែល​លោក​បាន​ថ្លែង​ទៅ​កាន់​រដ្ឋ​សភា​ជាតិ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ លោក​នាយក​រដ្ឋ​មន្ត្រី​បារាំង Manuel Valls បាន​មាន​ប្រសាសន៍​បង្ហាញ​ហេតុផល​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​វិធានការ​ទាំង​នេះ​ដោយ​លោក​បាន​កត់​សម្គាល់​អំពី​ការ​វាយ​ប្រហារ​ភេរវកម្ម​ធំៗ​ពីរ​ក្នុង​ក្រុង​ប៉ារីស កាល​ពី​ឆ្នាំ​ទៅ​មិញ​ដែល​បានបណ្តាល​ឱ្យ​មនុស្ស​ទាំង​អស់​ជិត​១៥០នាក់​បាត់បង់​ជីវិត។

លោក Valls បាន​មាន​ប្រសាសន៍​ថា​ «ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ជ្រុល​និយម​ជា​កាតព្វកិច្ច​របស់​មនុស្ស​មួយ​ជំនាន់»។ ​លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា​សាធារណជន​បារាំង​ទាមទារ​ដល់​ក្រុម​មន្ត្រី​ជាប់​ឆ្នោត​របស់​ពួកគេ​ឱ្យ​ធ្វើ «អ្វីៗ​ទាំង​អស់​ដើម្បី​ការពារ​ពួកគេ»៕

XS
SM
MD
LG