ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក និង​ចិន​សម្រេច​បាន​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​បន្ធូរបន្ថយ​សង្គ្រាម​ពាណិជ្ជកម្ម


ប្រធានាធិបតី​ចិន ស៊ី ជិនពីន​ និង​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ ជាមួយ​​នឹង​គណប្រតិភូ​ផ្សេង​ទៀត ជួប​គ្នា​ក្នុង​ពិធី​ពិសារ​អាហារ​ពេលល្ងាច​នៅពេល​កិច្ច​ប្រជុំ​កំពូល G20 បាន​បញ្ចប់កាលពី​ថ្ងៃទី​០១ ធ្នូ ឆ្នាំ ២០១៨។
ប្រធានាធិបតី​ចិន ស៊ី ជិនពីន​ និង​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ ជាមួយ​​នឹង​គណប្រតិភូ​ផ្សេង​ទៀត ជួប​គ្នា​ក្នុង​ពិធី​ពិសារ​អាហារ​ពេលល្ងាច​នៅពេល​កិច្ច​ប្រជុំ​កំពូល G20 បាន​បញ្ចប់កាលពី​ថ្ងៃទី​០១ ធ្នូ ឆ្នាំ ២០១៨។

សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​បាន​ឯកភាព​គ្នា​ចំពោះ​កិច្ច​ព្រមព្រៀង​តូច​មួយ​ទាក់ទិន​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​តែ​រាលដាល​ឡើង​រវាង​ប្រទេស​ទាំង​ពីរ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង នៅ​ក្រោយ​កិច្ច​ប្រជុំ G20 មក។

លោក Trump បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ពី​កិច្ច​ប្រជុំ G20 នៅ​ប្រទេស​អាហ្សង់ទីន មក​កាន់​សហរដ្ឋ​អាមេរិក​វិញ​ថា៖ «នេះ​គឺ​ជា​ជំនួប​ដ៏​អស្ចារ្យ និង​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា ដែល​ផ្ដល់​ឱកាស​មិន​កំណត់​សម្រាប់​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន។ វា​ជា​កិត្តិយស​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​នៅ​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​នឹង​លោក​ប្រធានាធិបតី ស៊ី​ ជិនពីង»។

លោក Trump បាន​ប្រាប់​អ្នក​កាសែត​នៅ​ពេល​លោក​ជិះ​លើ​យន្តហោះ Air Force One យ៉ាង​ដូច្នេះ​ថា៖ «វា​ជា​កិច្ច​ព្រមព្រៀង​ដ៏​អស្ចារ្យ។ អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ គឺ​ផ្អាក​ការ​យក​ពន្ធ​គយ។ ប្រទេស​ចិន​នឹង​បើក​ចំហ​ទីផ្សារ។ ប្រទេស​ចិន​នឹង​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ពន្ធ​គយ​ទៀត​ទេ។ ប្រទេស​ចិន​នឹង​ទិញ​ទំនិញ​ជា​ច្រើន​ពី សហរដ្ឋ​អាមេរិក»។

លោក Trump បាន​ឯកភាព​ថា លោក​នឹង​យក​ពន្ធ​គយ​ក្នុង​អត្រា ១០ ភាគរយ​ប៉ុណ្ណោះ​លើ​ទំនិញ​ចិន​ដែល​មាន​ទឹក​ប្រាក់ ២ រយ​ពាន់​លាន​ដុល្លារ​អាមេរិក។ លោក​ថា លោក​នឹង​មិន​ដំឡើង​ពន្ធ​គយ​នេះ​រហូត​ដល់ ២៥ ភាគរយ ដូច​ដែល​លោក​ធ្លាប់​បាន​គំរាម​ថា​នឹង​ធ្វើ​ដូច្នេះ​នៅ​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ​ក្រោយ​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​សេតវិមាន​ប្រធានាធិបតី​អាមេរិក។

អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី Sarah Sanders និយាយ​ថា៖ «ប្រទេស​ចិន​នឹង​យល់ព្រម​ទិញ​ទំនិញ​សហរដ្ឋ​អាមេរិក​នានា​ដូចជា កសិកម្ម ថាមពល ឧស្សាហកម្ម និង​ទំនិញ​ផ្សេងៗ​ទៀត ក្នុង​ចំនួន​ដ៏​ច្រើន​មួយ​ដែល​មិន​ទាន់​ឯកភាព​គ្នា​នៅ​ឡើយ ដើម្បី​កាត់​បន្ថយ​អតុល្យភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។ ហើយ​ប្រទេស​ចិន​បាន​យល់ព្រម​ចាប់ផ្ដើម​ទិញ​ទំនិញ​កសិកម្ម​ពី​កសិករ​អាមេរិក​ភ្លាមៗ​តែ​ម្ដង»៕

XS
SM
MD
LG