ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ការលាតត្រដាង​ឯកសារ បង្ហាញ​ពី​ទ្រព្យ​សម្បត្តិ​លាក់​កំបាំង​របស់​មេដឹកនាំ​ពិភពលោក


រូបឯកសារ៖ ប្រាក់​ដុល្លារ​អាមេរិក កំពុង​ត្រូវ​បាន​រាប់​ដោយ​ធនាគារិក​ម្នាក់​នៅ​ធនាគារ​មួយ​កន្លែង​ កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៩។

មេដឹកនាំ​នៅ​ទូទាំង​ពិភព​លោកទាំង​បច្ចុប្បន្ន​និង​អតីតកាល​ មាន​ទ្រព្យ​សម្បត្តិ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​និង​លាក់បាំង​អចលន​ទ្រព្យ​នៅ​ជុំវិញ​ពិភពលោក។ ​នេះបើ​តាម​របាយការណ៍​របស់​អ្នក​សារ​ព័ត៌មាន​ស៊ើប​អង្កេត​រាប់​រយនាក់​កាលពី​ថ្ងៃ​អាទិត្យបន្ទាប់​ចងក្រង​ឯកសារ​សម្ងាត់​រាប់លាន​ពីមុន។​

ឯកសារ​ឈ្មោះ​ Pandora Papers​ បាន​លាត​ត្រដាង​ទ្រព្យសម្បត្តិ​នៅ​ក្រៅ​ប្រទេស​របស់​មេ​ដឹកនាំ​បច្ចុប្បន្ន​និង​អតីត​ចំនួន​៣៥​នាក់​របស់​ប្រទេស​នានា​ រួម​មាន​ប្រធានាធិបតីរុស្ស៊ី​លោក​ Vladimir Putin ​អតីត​នាយក​រដ្ឋមន្រ្តី​អង់គ្លេស​លោក​ Tony Blair ​នាយក​រដ្ឋ​មន្ត្រី​ឆែក​លោក ​Andrej Babis ​និង​ស្តេច​ Abdullah ​របស់​ប្រទេស​ហ្ស៊កដានី។​

ការ​ស៊ើប​អង្កេត​លើ​ឯកសារ​ជិត​១២​លាន​ពីប្រភព​ចំនួន​១៤​នេះ​ ដឹកនាំ​ដោយ​សមាគមអ្នក​សារ​ព័ត៌មាន​ស៊ើប​អង្កេត​អន្តរជាតិ​ ឈ្មោះ ​International Consortium of Investigative Journalists ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ដោយ​មាន​អ្នក​សារ​ព័ត៌មាន​ចំនួន ​៦៥០​ នាក់​មក​ពី​ជុំវិញ​ពិភពលោក។ ​កាសែត​ The Washington Post​ ដែល​ជា​បណ្តាញ​ព័ត៌មាន​ដែល​ជួយ​ដឹកនាំ​ការ​ស៊ើប​អង្កេត​នេះ​បាន​និយាយ​ថា ​ឯកសារ​ទាំងនោះ ​រួមមាន​អ៊ីមែល​ឯកជន​បញ្ជី​សៀវភៅ​សម្ងាត់​ កិច្ច​សន្យា​សម្ងាត់​ និង​កំណត់​ត្រា​ផ្សេង​ទៀត​ដែល​បង្ហាញពី​គម្រោង​ហិរញ្ញវត្ថុ​ និង​អ្នក​នៅ​ពីក្រោយ។​

ឯកសារ​បាន​បង្ហាញ​ថា ​មេដឹកនាំ​ប្រទេស​នានា​នៅ​ទ្វីប​ទាំង​៥​ ជាញឹកញាប់​បាន​លាក់​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ប្រទេស​ដទៃ​ ដោយ​ការ​ស៊ើប​អង្កេត​បាន​លាតត្រដាង​តួលេខ​ម្ចាស់​គណនី​នៅ​ក្រៅប្រទេស​ច្រើន​ជាង​ទ្វេដង​នៃ​តួលេខ​របស់​ឯកសារ​ Panama Papers ​ដែល​អ្នក​កាសែត​ស៊ើប​អង្កេត​អំពី​ទ្រព្យ​សម្បត្តិ​ ហិរញ្ញ​វត្ថុ​លាក់​កំបាំង​នៅ​ក្រៅប្រទេស​នៅ​ទូទាំង​ពិភពលោក​ពិនិត្យ​កាលពី​ ៥​ ឆ្នាំ​មុន។​

ឯកសារ​ថ្មី​នេះ​ បាន​ពី​គណនី​នៅ​ក្រៅ​ប្រទេស​ចំនួន​២៩.០០០​នៅ​ឯ​ក្រុមហ៊ុន​ហិរញ្ញ​វត្ថុ​ចំនួន​ ១៤​ ដែល​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​នានា​រួមមាន​ប្រទេស​ស្វ៊ីស​ សិង្ហបុរី​ ស៊ីប ​បេលី​ British Virgin Islands​ របស់​អង់គ្លេស​ និង​កន្លែង​ផ្សេង​ទៀត។ ​កាសែត​ The Washington Post ​បាន​និយាយ​ថា​ ក្នុង​ចំណោម​ម្ចាស់​គណនី​នេះ​ មាន​មនុស្ស​ជាង​១៣០​ នាក់​ដែល​ទស្សនាវដ្តី ​Forbes ​បាន​ចុះ​បញ្ជី​ជា​មហា​សេដ្ឋី​ និង​ជា​មន្ត្រី​សាធារណៈ​ជាង​៣៣០​នាក់​ នៅ​ក្នុង​ប្រទេស​ និង​ដែនដី​ជាង​៩០។

កំណត់ត្រា​នេះ​បាន​បង្ហាញ​ថា មេដឹក​នាំ​ហ្ស៊កដានី​បាន​ចំណាយ​ប្រាក់ ​១០៦ ​លាន​ដុល្លារ​ទិញ​ផ្ទះ​ប្រណីត​នៅតាម​បណ្តោយ​ឆ្នេរ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ទីក្រុង ​Malibu ​នៅ​រដ្ឋ​ California ​រដ្ឋ​វ៉ាស៊ីនតោននិង​កន្លែង​ផ្សេង​ទៀត។​ មេ​ដឹកនាំ​កេនយ៉ា​ និង​សាធារណរដ្ឋ​ឆែកលាក់​ទ្រព្យ​សម្បត្តិ​ និង​ប្រាក់​រាប់លាន​ដុល្លារ។​

កំណត់​ត្រា​ឱ្យ​ដឹងថា​ ​មេ​ដឹកនាំ​ប្រទេស​ឆែក​លោក​ Babis ​ដែល​កំពុង​ប្រឈមមុខ​នឹង​ការ​បោះឆ្នោត​នៅចុង​សប្តាហ៍​នេះ​បាន​ ប្រើ​ក្រុមហ៊ុន​វិនិយោគ​ចំនួន​ពីរ​នៅ​ក្រៅ​ប្រទេស​ដើម្បី​ទិញ​វីឡា​ពីរ​នៅ​ភាគ​ខាងត្បូង​ប្រទេស​បារាំង​តម្លៃ​ជាង ​១៦ ​លាន​ដុល្លារ។​

កំណត់ត្រា​បាន​បង្ហាញ​ថា​ ផ្ទះដ៏​ប្រណីត​នៅ​មាត់ទឹក​មួយ​នៅ​ប្រទេស​ម៉ូណាកូ​ គឺជា​លំនៅដ្ឋាន​របស់​ស្ត្រី​ជនជាតិ​រុស្ស៊ីម្នាក់​ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ មាន​កូន​មួយ​ជាមួយ​លោក​ពូទីន។​ កាសែត​ The Washington Post បាន​និយាយ​ថា​ អ្នក​តំណាង​ស្តេច​ Abdullah ​បាន​បដិសេធ​ព្រះអង្គមិន​បាន​ចំណាយ​មូលនិធិ​សាធារណៈ​មិន​ត្រឹមត្រូវ​ទេ​ ​រីឯមេដឹកនាំ​កេនយ៉ា​ ឆែក​ និង ​រុស្ស៊ី​ មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​របាយ​ការណ៍​នេះ​ទេ​ ហើយ​ស្ត្រី​រុស្ស៊ី​រូប​នោះ​ក៏​ដូចគ្នា​ដែរ។​

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ​ ប្រធានាធិបតី​អាមេរិក​ បាន​ដាក់​ទណ្ឌកម្ម​ហិរញ្ញ​វត្ថុ​លើ​អ្នកមាន​អំណាច​នៅ​ប្រទេស​រុស្ស៊ី​ចំពោះអ្វី​ដែល​ក្រសួង​ហិញ្ញវត្ថុ​អាមេរិក​ហៅ​ថា ​សកម្មភាព​អាក្រក់។​ ឯកសារ ​The Pandora Papers​ បាន​បង្ហាញ​ថា​ អ្នក​ដែល​ត្រូវ​ស៊ើប​អង្កេត​ទាំងនោះ​ជារឿយៗ​ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​គេច​ពីផល​ប៉ះពាល់​នៃ​ការ​ដាក់​ទណ្ឌកម្ម​ដោយប្តូរ​ម្ចាស់​កម្ម​សិទ្ធិ​លើ​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ។​ ទោះ​យ៉ាងណាក៏​ដោយ​ ​ឯកសារ​បាន​បង្ហាញ​ថា​ ​ទណ្ឌកម្ម​នេះ​ បណ្តាល​ឱ្យខាតបង់​ផ្នែក​ហិរញ្ញ​វត្ថុ​រួមទាំង​ហិរញ្ញវត្ថុ​សម្រាប់​មន្រ្តី​វិមានក្រឹម​ឡាំង​ផងដែរ។​

យោងតាម ​BBC ​នៅ​អង់គ្លេស​ ឯកសារ​បាន​និយាយ​ថា​ លោក ​Blair ​និង​ភរិយា​របស់​លោកអ្នកស្រី​ Cherie ​បាន​សន្សំ​ប្រាក់​ពន្ធ​លើ​ទ្រព្យ​សម្បត្តិ​ចំនួន​ ៤២១.០០០​ដុល្លារ​នៅ​ពេល​ពួកគេ​ទិញ​ការិយាល័យ​នៅ​ទីក្រុង​ឡុងដ៍​ ពី​ក្រុមហ៊ុន​ក្រៅ​ប្រទេស​ដែលជា​ម្ចាស់​អគារ​នោះ។​ BBC ​បាន​និយាយ​ថា​ ប្រធានាធិបតី​អាស៊ែបៃហ្សង់​លោក​ Ilham Aliyev ​ក្រុមគ្រួសារ​ និង​សហការី​ជិត​ស្និទ្ធ​របស់​លោក ​បាន​ទិញ​ទ្រព្យ​សម្បត្តិ​ដោយ​សម្ងាត់​តម្លៃ​ជាង ​៥៤០ ​លាន​ដុល្លារ​នៅក្នុង​ប្រទេស​អង់គ្លេស។​

អស់រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ជម្រក​ពន្ធ​អន្តរជាតិ​ជា​ជាទីពេញ​ចិត្ត​របស់​អ្នកមាន​ដែល​ចង់​លាក់​បាំង​ទ្រព្យ​សម្បត្តិ។ ​ប៉ុន្តែកាសែត ​The Washington Post ​បាន​និយាយ​ថា​ ឯកសារ​ Pandora Papers ​បាន​បង្ហាញ​ថា​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ​ មន្រ្តី​នយោបាយ​និង​សាជីវកម្ម​បរទេស​ បាន​ផ្លាស់ប្តូរ​កន្លែង​លាក់​ខ្លះ​ទៅក្រុមហ៊ុន​អាមេរិក​ដែល​គេ​ជឿទុកចិត្ត​ដែល​កាន់​តែសម្ងាត់រួមទាំង​នៅ​ក្រុមហ៊ុន​រដ្ឋ​ South Dakota៕

XS
SM
MD
LG