ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ Innscor Africa នៅ​ស៊ីមបាវ៉េ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ឯកសារ​សម្ងាត់​បែកធ្លាយ​ពី​ប្រទេស​ប៉ាណាម៉ា


VOA ផ្សាយ​ជា​ភាសា​ស៊ីមបាវ៉េ បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​លោក​ Koudounaris និង​លោក Fowler ដើម្បី​សាកសួរ​យោបល់​ ប៉ុន្តែ​ ភរិយា​របស់់​លោក​ទាំងពីរ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ពួកគេ​កំពុង​នៅ​ក្រៅ​ប្រទេស។

ធនាគារបម្រុង​របស់​ប្រទេស​ស៊ីមបាវ៉េ ​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​មិន​បាន​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​ក្រុម​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ដ៏​ធំ​ឈ្មោះ​ Innscor Africa បើក​គណនី​ធនាគារ​ក្រៅ​ប្រទេស​ឡើយ។​ គណនី​ទាំង នោះ ត្រូវ​បាន​លាត​ត្រដាង​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ឯកសារ​សម្ងាត់​ដែល​បែក​ធ្លាយ​ពី​ប្រទេស​ប៉ាណាម៉ា។

ឯកសារ​ត្រូវ​បាន​រក​ឃើញ​ពី​ការ​ស៊ើបអង្កេត​នេះ​ បាន​បង្ហាញ​ថា​ នាយក​គ្រប់គ្រង​ក្រុមហ៊ុន Innscor Africa​ ឈ្មោះ​ Zinona (Zed) Koudounaris និង​ឈ្មោះ​ Michael Fowler បាន​បើក​ក្រុមហ៊ុន​ចំនួន​បួន​នៅ​ប្រជុំ​កោះ​ British Virgin និង​បាន​ផ្ទេរ​លុយ​ពី​ប្រាក់​ខែ​របស់​ពួក​គេ​ ទៅ​ក្រុមហ៊ុន​ទាំង​នោះ​ កាលពី​ដើម​ឆ្នាំ​មុន ដោយ​ធ្វើ​ប្រតិបត្តិការ​តាមរយៈ​មេធាវី​ និង​គណនេយ្យករ។

ទង្វើ​បែប​នេះ​គឺជា​ការ​បំពាន​ច្បាប់​ប្រទេស​ស៊ីមបាវ៉េ ដែល​ការពារ​លុយ​ដែល​រក​បាន​នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​ មិន​ឲ្យ​ដាក់​ផ្ញើ​នៅ​ក្នុង​គណនី​ធនាគារ​ក្រៅ​ប្រទេស​ លុះត្រាតែ​មាន​ការ​អនុម័ត​យល់ព្រម​ពី​ធនាគារ​កណ្តាល។

VOA ផ្សាយ​ជា​ភាសា​ស៊ីមបាវ៉េ បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​លោក​ Koudounaris និង​លោក Fowler ដើម្បី​សាកសួរ​យោបល់​ ប៉ុន្តែ​ ភរិយា​របស់់​លោក​ទាំងពីរ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ពួកគេ​កំពុង​នៅ​ក្រៅ​ប្រទេស។

លោក​ Addington Chinake ប្រធាន​គណៈគ្រប់គ្រង​របស់​ក្រុមហ៊ុន Innscor Africa បាន​និយាយ​ថា​រាល់​ការ​ផ្ទេរ​ហិរញ្ញវត្ថុ​ទាំង​អស់​ របស់​ក្រុមហ៊ុន​ Innscor «រៀបចំ​ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់​នៃ​ការ​ផ្ទេរ​ប្រាក់​ ដែល​អនុលោម​ទៅ​តាម​វិធាន​ច្បាប់​ពាក់ព័ន្ធ​ទាំង​អស់​ រួម​ទាំង​ច្បាប់​ទាំងឡាយ​របស់​ធនាគារបម្រុង​នៃ​ប្រទេស​ស៊ីមបាវ៉េ​ផងដែរ»។

មេធាវី​ម្នាក់​ឈ្មោះ​ Chinake បាន​ប្រាប់ VOA ​ថា​ «ក្រុមហ៊ុន​ Innscor Africa Limited គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ផ្ទេរ​លុយ​ប្រាក់​ខែ​បូក​ឡើង​ជា​បន្តបន្ទាប់​ ទៅ​ក្នុង​អង្គភាព​ធនាគារ​ណា​មួយ​ដូច​ដែល​បាន​ចោទ​នោះ​ទេ»។​

នៅពេល​ស្នើ​ឲ្យ​បញ្ជាក់​ពី​ទំនាក់​ទំនង​របស់​ Koudounaris និង Fowler​ ជាមួយ​នឹង​ក្រុមហ៊ុន​ច្បាប់​ និង​គណនេយ្យ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​លុយ​នោះ​ Chinake បាន​និយាយ​ថា​ «នៅ​ដំណាក់កាល​នេះ​ គ្មាន​អ្វី​ត្រូវ​និយាយ​ទៀត​ទេ»។

រូបឯកសារ៖ អ្នក​ដូរ​រូបិយវត្ថុ​អន្តរជាតិ​ក្នុង​ផ្សារ​ងងឹត​ម្នាក់​លើក​បង្ហាញ​ក្រដាស​ប្រាក់​១លាន​ថ្មី ដែល​មាន​តម្លៃ​ស្មើ​នឹង​៧ដុល្លារ​អាមេរិក កាល​ពី​ថ្ងៃទី៦ ខែ​តុលា ឆ្នាំ២០០៨។
រូបឯកសារ៖ អ្នក​ដូរ​រូបិយវត្ថុ​អន្តរជាតិ​ក្នុង​ផ្សារ​ងងឹត​ម្នាក់​លើក​បង្ហាញ​ក្រដាស​ប្រាក់​១លាន​ថ្មី ដែល​មាន​តម្លៃ​ស្មើ​នឹង​៧ដុល្លារ​អាមេរិក កាល​ពី​ថ្ងៃទី៦ ខែ​តុលា ឆ្នាំ២០០៨។

ប្រភព​ថវិកា៖ «ប្រាក់​បៀរវត្សរ៍កើន​ឡើង​ជា​បន្ត​បន្ទាប់»

លោក​ Ray Choto នៃ​ VOA ស៊ីមបាវ៉េ គឺជា​អ្នក​យក​ព័ត៌មាន​ដៃ​គូ​ជាមួយ​សមាគម​អ្នក​កាសែត​ស៊ើប​អង្កេត​អន្តរជាតិ (International Consortium of Investigative Journalists)។​ សមាគម​នេះ​កំពុង​ពិនិត្យ​មើល​ឯកសារ​ជាង​១១លាន​ច្បាប់​ មក​ពី​ក្រុមហ៊ុន​ច្បាប់​របស់​ប៉ាណាម៉ា​ ដែល​បញ្ចេញ​ឲ្យ​ឃើញ​នូវ​បណ្តាញ​ទូទាំង​ពិភពលោក​នៃ​កន្លែង​គេច​ពន្ធ​នៅ​ក្រៅ​ប្រទេស​ដ៏​អាថ៌កំបាំង។

លោក​ Choto និយាយ​ថា​ លោក​បាន​ប្រទះ​ឃើញ​ឈ្មោះ​ Koudounaris និង​ Fowler នៅពេល​កំពុង​ស្វែងរក​ឯកសារ​អំពី​ក្រុមហ៊ុន​ និង​ជន​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ប្រទេស​ស៊ីមបាវ៉េ។​ លោក​បាន​ឲ្យ​ដឹង​ថា​ «មាន​ឯកសារ​រាប់​ពាន់» ​ពាក់ព័ន្ធ​នឹង​បុរស​ពីរ​នាក់​នេះ។

ឯកសារ​ទាំង​នោះ​បង្ហាញ​ថា ​លោក Koudounaris និង​លោក ​Fowlerប្រើ​ក្រុមហ៊ុន​ច្បាប់​នៅ​ស៊ីមបាវ៉េ​ ឈ្មោះ​ Mossack Fonseca និង​ក្រុមហ៊ុន​គណនេយ្យ​ Northern Wychwood ដើម្បី​ចុះ​ឈ្មោះ​ក្រុមហ៊ុន​នៅ​ក្រៅ​ប្រទេស​ ចំនួន​បួន​ដែល​មាន​ឈ្មោះ​ហៅ​ថា​ ក្រុមហ៊ុន Federated Properties Holdings Limited ក្រុមហ៊ុន Skyfox ក្រុមហ៊ុន Acia Aero Limited និង​ក្រុមហ៊ុន Acia Aero Holdings។

នៅ​ខែ​មករា​ ឆ្នាំ​២០១៥​ អ្នកស្រី​ Sophia Birchall ជា​ភ្នាក់ងារ​រដ្ឋបាល​ និង​ជា​អ្នក​គ្រប់គ្រង​មូលនិធិ​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​ Northern Wychwood បាន​សរសេរ​ទៅ​អ្នកស្រី Helen Okell​ អ្នក​គ្រប់គ្រង​ក្រុមហ៊ុន Mossack Fonseca​ ដោយ​ប្រាប់​ថា​ ថវិកា​ដែល​ត្រូវ​បញ្ជូន​ទៅ​ក្រុមហ៊ុន​ទាំង​នោះ​ គឺ​ជា​ប្រាក់​ខែ​របស់​លោក Koudounaris និងលោក Fowler​ បាន​ពី​ក្រុមហ៊ុន​ Innscor។​

«Koudounaris គឺជា​អ្នក​ជំនួញ​ជោគជ័យ ​និង​មាន​ឈ្មោះ​ល្បី​ម្នាក់​ និង​ជា​នាយក​ក្រុមហ៊ុន​ Innscor Africa Limited ដ៏​ធំ​មួយ​នៅ​ប្រទេស​ស៊ីមបាវ៉ែ ​ក្នុង​វិស័យ​ទំនិញ​លក់រាយ​ និង​ឧស្សាហកម្ម​ផលិត​ សណ្ឋាគារ និង​ទេសចរណ៍​នៅ​អាហ្វ្រិក​ភាគ​ខាង​ត្បូង»។​ អ្នកស្រី Birchall បាន​សរសេរ​ថា​ «ប្រភព​ថវិកា​បាន​មក​ពី​ប្រាក់​ខែ​បូក​ឡើង​បន្តបន្ទាប់​គ្នា​»។​ នៅ​ពេល​សួរ​ថា​ តើ​លោក Koudounaris ឬ​លោក Fowler ​ចុះ​បញ្ជីការ​ពី​ការ​បង់​ចំណាយ​នេះ​ឬទេ​នោះ លោក​ John Mangudya ដែល​ជា​ទេសាភិបាល​ធនាគារ​បម្រុង​បាន​ប្រាប់​ VOA តាមរយៈ​សារ​អេឡិចត្រូនិច​(អ៊ីម៉ែល) ថា៖​ «យោង​តាម​កំណត់​ត្រា​របស់​ធនាគារ​ យើង​មិន​មាន​ការ​អនុម័ត​យល់ព្រម​ណាមួយ​ទៅ​ឲ្យ​បុគ្គល ​ដែល​លោក​បាន​លើក​ឈ្មោះ​ឡើង​នេះ​ទេ»។​

ក្រុមហ៊ុន​ Innscor មាន​ទី​ស្នាក់ការ​កណ្តាល​នៅ​រដ្ឋធានី​ហារ៉ារ៉េ (Harare) នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ។​ លោក​ Fowler គឺជា​សហ​ស្ថាបនិក​រួម​ចំណែក​ភាគហ៊ុន​ម្នាក់​ ហើយ​លោក​ Koudounaris បាន​ជួយ​ដឹកនាំ​ផ្នែក​សំខាន់​របស់​ក្រុមហ៊ុន​លក់អាហារ​ឆ្អិន​ស្រាប់ ដែលមាន​ហាង​ប្រើ​ឈ្មោះ​ដូចៗគ្នា រួម​មាន​ហាង​ Bakers Inn ហាង Chicken Inn និង​ហាង Pizza Inn ដែល​មាន​នៅ​ប្រទេស​ស៊ីមបាវ៉េ សំប៊ី ម៉ាឡាវី និងកេនយ៉ា។ ក្រុមហ៊ុន​នេះ​ក៏​មាន​ការ​វេច​ខ្ចប់​សាច់​ ឧស្សាហកម្មធុន​ស្រាល​ គ្រឿង​ប្រើប្រាស់​អេឡិកត្រូនិក​ និង​គ្រឿង​បន្លាស់​រថយន្ត​ផងដែរ។

ក្រុមហ៊ុន​នេះ​ មាន​បុគ្គលិក​ធ្វើការ​ជា​ជនជាតិ​ស៊ីមបាវ៉េ​ចំនួន​ជាង​១៤.០០០​នាក់​ និង​នៅ​មាន​ដំណើរ​ការ​អាជីវកម្ម​នឹង​ល្អ ទោះ​បី​ស្ថិត​នៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់​ចុះ​ខ្សោយ​ក៏ដោយ​ ជាមួយ​នឹង​ប្រាក់ចំណូល​ច្រើន​ជាង​៨១៤​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៥។

រូបឯកសារ៖ បដា​ដែល​នៅ​មុង​អគារមួយ​ មាន​ដាក់​ឈ្មោះ​ក្រុមហ៊ុន​ច្បាប់ Mossack Fonseca នៅ​ទីក្រុង​ប៉ាណាម៉ា កាលពី​ថ្ងទី៣ ខែ​មេសា ឆ្នាំ២០១៦។
រូបឯកសារ៖ បដា​ដែល​នៅ​មុង​អគារមួយ​ មាន​ដាក់​ឈ្មោះ​ក្រុមហ៊ុន​ច្បាប់ Mossack Fonseca នៅ​ទីក្រុង​ប៉ាណាម៉ា កាលពី​ថ្ងទី៣ ខែ​មេសា ឆ្នាំ២០១៦។

ធនាគារ​ គណនេយ្យករ ជួយ​បង្កើត​ក្រុមហ៊ុន​ទាំង​នោះ​

ឯកសារ​ក្រុមហ៊ុន​ច្បាប់​ Mossack Fonseca បង្ហាញ​ថា​ លោក Koudounaris និង​លោក Fowler បាន​ប្រើ​ប្រាស់​លិខិត​បញ្ជាក់​របស់​ធនាគារ​ពាណិជ្ជ​ ស៊ីមបាវ៉េ (CBZ) ដើម្បី​ចុះ​ឈ្មោះ​បង្កើត​ក្រុមហ៊ុន​ក្រៅ​ប្រទេស​ទាំង​នោះ។​ លិខិត​ទាំងអស់​សុទ្ធតែ​ចុះ​ហត្ថលេខា​ដោយ​អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​នៅ​ក្នុង​អង្គភាព​គ្រប់​គ្រង​ទ្រព្យ​របស់​ធនាគារ​ ដែល​អះអាង​បញ្ជាក់​ថា ​អ្នក​ទាំង​ពីរ​នេះ​គឺជា​ម្ចាស់​គណនី​ នៅ​មជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​គ្រប់គ្រង​ទ្រព្យ​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ពី​ធនាគារ​ថា​ជា​ «អង្គភាព​ប្រកប​ដោយ​កិត្តិនាម​មួយ​សម្រាប់​អតិថិជន​មាន​ទ្រព្យ​សម្បត្តិ​ច្រើន»។

លិខិត​បញ្ជាក់​របស់លោក Koudounaris កាលពី​ខែ​មីនា​ ឆ្នាំ​២០១៤​ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​គ្រប់គ្រង​ទ្រព្យ​នៃ​ធនាគារ​ CBZ ឈ្មោះ​ Maureen Marimirofa។​ ដប់​ថ្ងៃ​ក្រោយ​មក​ អ្នកស្រី Birchall បាន​បញ្ជូន​លិខិត​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ Mossack Fonseca បន្ទាប់ពី​បោះត្រា​កាល​បរិច្ឆេទ​លើ​លិខិត​នោះ​ជា​តំណាង​ហត្ថលេខា​របស់​ភាគី​ផ្តល់​សិទ្ធិ​យល់ស្រប​នៅ​ក្រុមហ៊ុន​ Northern Wychwood។​ លិខិត​បញ្ជាក់​របស់​ Fowler កាលពី​ខែ​កញ្ញា​ ឆ្នាំ​២០១៤​ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​អ្នកស្រី​ Marimirofa និង​លោក​ស្រី N Dube ដែល​ចុះ​ហត្ថលេខា​ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​នៃ​ផ្នែក​គ្រប់​គ្រង​ទ្រព្យ។

អ្នកស្រី Marimirofa និង​លោកស្រី​ Dube បាន​សរសេរ​ថា «រាល់​កិច្ចការ​ទាក់ទង​របស់​យើង​ជាមួយ​លោក​ M J Fowler គឺ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា ​លោក​ជា​មនុស្ស​មាន​អត្តចរិត​ល្អ​ និង​សុចរិត​ថ្លៃថ្នូរ។​ លោក​បាន​ប្រកប​របរ​ជំនួញ​ទាំងអស់​ក្នុង​ភាព​ជា​មនុស្ស​គួរ​ឲ្យ​គោរព​ ដែល​មិន​ប្រព្រឹត្ត​ខ្លួន​ហួស​ពី​សមត្ថភាព​ខ្លួន​ឡើយ។​ ហេតុ​ដូច្នេះ​ យើង​បាន​ណែនាំ​លោក​ទៅ​តាម​សេវាកម្ម​សមស្រប​ណាមួយ​ ដែល​លោក​ត្រូវ​ការ។​ ដូច្នេះ លិខិត​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​មិន​មាន​ការ​លម្អៀង​ពី​ធនាគារ​ ឬ​បុគ្គលិក​ណា​ម្នាក់​របស់​ធនាគារ​ឡើយ»។​

របាយការណ៍​ផ្ទៃ​ក្នុង​មួយ​ ចេញ​ពី​លោក​ស្រី​ Okell អ្នក​គ្រប់​គ្រង​របស់​ក្រុមហ៊ុន ​Mossack Fonseca បាន​និយាយ​ថា ​លោក​ស្រី​បាន​ជួប​ជាមួយ​អ្នកស្រី Birchallជា​នាយក​គ្រប់​គ្រង​របស់​ Northern Wychwood និង​«បាន​ពិនិត្យ​មើល​រាល់​ឯកសារ​ដែល​តម្រូវ​ ហើយ​អ្នកស្រី​ (Birchall)​ បាន​ចុះ​ហត្ថលេខា​ និង​បិទភ្ជាប់​ដោយ​ឯកសារ​ដើម​ចំនួន​ពីរ​ច្បាប់​ ដែល​ខ្ញុំ​នឹង​បញ្ជូន​ទៅ​ពិនិត្យ​ផ្ទៀងផ្ទាត់​ក្នុង​សប្តាហ៍​នេះ។​ លោកស្រី​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​វគ្គ​បង្រៀន​របស់​យើង​ និងបាន​និយាយ​ថា​ លោកស្រី​នឹង​ចុះ​ឈ្មោះ​ឲ្យ​បុគ្គលិក​របស់​គាត់​ភ្លាមៗ​ នៅ​ពេល​វគ្គ​បង្រៀន​ទាំង​នេះ​ចាប់​ផ្តើម​បើក»។

មេធាវី​នៅ​រដ្ឋ​ធានី​ហារ៉ារ៉េ​ម្នាក់​ដែល​បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ថា ​សំណើ​របស់​ក្រុមហ៊ុន Northern Wychwood​ ដែល​សុំ​ឲ្យ​មាន​លិខិត​យោង​បញ្ជាក់​នោះ​ គឺជា​នីតិវិធី​ដើម្បី​បង្ហាញ​ថា​ ក្រុមហ៊ុន Mossack Fonseca បាន​អនុលោម​តាម​ច្បាប់​ប្រឆាំង​នឹង​ការ​លាង​លុយ​របស់​ប្រជុំ​កោះ​ British Virgin។​

មេធាវី​រូប​នេះ​បាន​ពន្យល់​ថា​ «ក្រុមហ៊ុន Northern Wychwood បាន​ប្រើ​វគ្គ​បង្រៀន​ខ្លីៗ​នេះ​ជា​វេទិកា​សម្រាប់​ពិភាក្សា​ជាមួយ​អតិថិជន​របស់​ខ្លួន​ពី​វិធី​បញ្ជូន​ថវិកា​ពី​តំបន់​ ក្រៅ​ពីយុត្តាធិការ​នៃ​ប្រជុំ​កោះ ​British Virgin និង​ពី​វិធី​បង្កើត​ក្រុមហ៊ុន​ក្រៅ​ប្រទេស​ សម្រាប់​ម្ចាស់​អ្នក​ទទួល​អត្ថប្រយោជន៍​ពិត​ប្រាកដ»។

VOA ស៊ីមបាវ៉េ​ បាន​ទូរស័ព្ទ​ទៅ​លោក​ Shaun Fergusson Cairns នាយក​របស់​ក្រុមហ៊ុន​ Northern Wychwood ដើម្បី​សាកសួរ​យោបល់​ ប៉ុន្តែ​ប្រពន្ធ​របស់​លោក​ឈ្មោះ​ Tracy បាន​ឲ្យ​ដឹង​ថា ​គាត់​កំពុង​សម្រាន្ត។ ទូរស័ព្ទ​ក្រោយៗ​ទៀត​ មិន​មាន​អ្នក​លើក។

មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ទំនាក់ទំនង​របស់​ក្រុមហ៊ុន Mossack Fonseca ​លោក​ Jordan Spencer បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​ពាក់ព័ន្ធ​នឹង​លោក Koudounaris និង​លោក​ Fowler ឬ​ក្រុមហ៊ុន Innscor Africa ឡើយ​ ដោយ​និយាយ​ថា​ លោក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ពិភាក្សា​រឿង​ឯកសារ​សម្ងាត់​ប៉ាណាម៉ា​ជាមួយ​សារព័ត៌មាន​ឡើយ។

នៅ​ក្នុង​ឯកសារ​ចុះ​ឈ្មោះ​ក្រុមហ៊ុន​ក្រៅ​ប្រទេស​មាន​ចុះ​អាសយដ្ឋាន​ទី​លំនៅ​របស់​លោក Koudounaris និង​លោក Fowler នៅ​ Alexandra Park និង​ Colne Valley ដែល​ជា​តំបន់​ពីរ​នៅ​ជាយ​ក្រុង​ហារ៉ារ៉េ ជាមួយ​នឹង​លិខិត​ឆ្លង​ដែន​ថត​ចម្លង​របស់​ពួក​គេ​ ដែល​បញ្ជាក់​ដោយ​លោក Andrew Lorimerលេខាធិកា​របស់​ក្រុមហ៊ុន​ Innscor Africa។​ លោក​ Lorimer ក៏​មិន​អាច​ឲ្យ​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ដែរ។

លោក Koudounaris និង​លោក​ Fowler មាន​ឈ្មោះជា​ម្ចាស់​អ្នក​ទទួល​ប្រយោជន៍​របស់​ក្រុមហ៊ុន ​Federated Properties ​ដែល​មាន​នាយក​ប្រតិបត្តិ​លោក Bryan Ellisនៃ​ក្រុមហ៊ុន​ Northern Wychwood និង​លោក Brett Hurst ជា​នាយក​គ្រប់គ្រង។​ លោក Koudounaris និង​លោក​ Fowlerក៏​ជា​ម្ចាស់​ក្រុមហ៊ុន​ Acia Aero Holdings និង​ក្រុមហ៊ុន​ Acia Aero Limited ជាមួយ​នឹង​លោក Hurst ផង​ដែរ។

លោក Koudounaris ជា​ម្ចាស់​របស់ក្រុមហ៊ុន ​Skyfox ដែល​មាន​លោក​ Hurst និង​លោក ​Huan Berger Badenhorst ជា​នាយក​ និង​ចំណែក​ភាគហ៊ុន​៨០-២០​រវាង​ក្រុមហ៊ុន Innscor International និងក្រុមហ៊ុន ​Chimanimani Holdings Limited រៀង​គ្នា។

ស្ថាប័ន​សារព័ត៌មាន​ជាង​១០០​ កំពុង​ធ្វើការ​ពិនិត្យ​លើ​ឯកសារ​សម្ងាត់​ដែល​បែក​ធ្លាយ​ពី​ប្រទេស​ប៉ាណាម៉ា​ ដែល​មាន​ព័ត៌មាន​លម្អិត​អំពី​ក្រុមហ៊ុន​ក្រៅ​ប្រទេស​ជាង​២០០.០០០។ ក្នុង​ចំណោម​នេះ​ ក្រុមហ៊ុន​ខ្លះ​មាន​តាំងពី​ទសវត្សរ៍​១៩៧០។

VOA ផ្សាយ​ជា​ភាសា​ស៊ីមបាវ៉េ បន្ត​ធ្វើការ​ពិនិត្យ​លើ​ឯកសារ​ដែល​ផ្សារភ្ជាប់​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Northern Wychwood គឺ​លោក Cairns លោក Ellis និង​លោក Hurst ទៅ​នឹង​ក្រុមហ៊ុន​ដែល​មិន​ធ្វើ​អាជីវកម្ម​ ​និង​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អតិថិជន​ស៊ីមបាវ៉េ​រាប់​រយ​នាក់៕

ប្រែសម្រួល​ដោយ​ សើ​ សាយ្យាណា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG