ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គិភ័យ​ឆាបឆេះ​សារមន្ទីរជាតិ​ប្រេស៊ីល ដែល​មាន​អាយុកាល​២០០​ឆ្នាំ


ប៉ូលិស​យាម​សារមន្ទីរជាតិ ដែល​ត្រូវ​បាន​ឆាបឆេះ​នៅ​ក្នុង​ក្រុង Rio de Janeiro កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។
ប៉ូលិស​យាម​សារមន្ទីរជាតិ ដែល​ត្រូវ​បាន​ឆាបឆេះ​នៅ​ក្នុង​ក្រុង Rio de Janeiro កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។

អគ្គិភ័យ​ដ៏​សន្ធោរសន្ធៅ​មួយ​ដែល​ចង់​លេប​ត្របាក់​យក​សារមន្ទីរ​ចាស់​បំផុត​ក្នុង​ប្រទេស​ ប្រេស៊ីល ត្រូវ​បាន​ពន្លត់​ឲ្យ​រលត់​ទាំងស្រុង​ហើយ។ នេះ​បើយោង​តាម​លោក Roberto Robadey អ្នក​នាំពាក្យ​មន្ទីរ​ពន្លត់​អគ្គិភ័យ​ប្រេស៊ីល ដែល​បាន​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ។

សារមន្ទីរជាតិ​វ័យ​២០០​ឆ្នាំ​នេះ មាន​ផ្ទុក​ស្នាដៃ​សិល្បៈ​ចំនួន​២០​លាន។

លោក Michel Temer ប្រធានាធិបតី​ប្រេស៊ីល​បាន​មាន​ប្រសាសន៍​ថា ការ​បាត់បង់​នេះ​គឺ​ «មិន​អាច​គណនា​បាន​នោះ​ទេ‍»។

លោក Temer បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «នេះ​គឺ​ជា​ថ្ងៃ​ដ៏​សោកនាដកម្ម​សម្រាប់​ប្រទេស ប្រេស៊ីល។ ស្នាដៃ​ការងារ​ ការ​ស្រាវជ្រាវ និង​ចំណេះដឹង​រយៈពេល​២០០​ឆ្នាំ ត្រូវ​បាន​បាត់បង់‍»។

លោក Sergio Sa Leitao រដ្ឋមន្ត្រី​វប្បធម៌​ប្រេស៊ីល​បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម Tweeter ថា «ការ​បាត់បង់​នេះ​គឺ​មិន​មាន​អ្វី​មក​ជំនួស​បាន​ទេ។ កាល​ណា​វប្បធម៌​រលត់ ជាតិ​ក៏​រលាយ​ដែរ‍»។

លោក Robadey និយាយ​ថា «យើង​អាច​យក​វត្ថុ​ជាច្រើន​ចេញ​ពី​ក្នុង​សារមន្ទីរ​ដែល​កំពុង​ឆាបឆេះ​នោះ ដោយ​មាន​ជំនួយ​ពី​ក្រុមការងារ​នៅ​ក្នុង​សារមន្ទីរ​»។

គេហទំព័រ​របស់​សារមន្ទីរ​នោះ​បាន​ឲ្យ​ដឹង​ថា សារមន្ទីរ​មាន​វត្ថុ​ជាង​២ម៉ឺន ដែល​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​ប្រេស៊ីល​និង​ប្រទេស​ដទៃទៀត ហើយ​វត្ថុ​ជាច្រើន​គឺ​មក​ពី​ក្រុមគ្រួសារ​រាជវង្សានុវង្ស​របស់​ប្រេស៊ីល។
អ្នកស្រី Marina Silva ដែល​ជា​បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​ក្រោយ​នេះ បាន​ថ្លែង​ថា អគ្គិភ័យ​នេះ​ប្រៀប​ដូច​ជា​ «ការ​វះយក​ការ​ចងចាំ​ចេញ​ពី​ប្រជាពលរដ្ឋ​ប្រេស៊ីល​អញ្ចឹង‍»។ ​

មិន​មាន​តួលេខ​អ្នក​ស្លាប់​ឬ​រងរបួស​នៅ​ក្នុង​ហេតុការណ៍​នេះ​ត្រូវ​បាន​រាយការណ៍​នោះ​ទេ៕

XS
SM
MD
LG