ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នក​កាសែត​ខេមបូឌា​​ដេលី​បន្ត​ការពារ​ខ្លួន​មុន​តុលាការ​​កាត់​ក្ដី​នៅ​ថ្ងៃ​ស្អែក


រូប​ឯកសារ៖ លោក Zsombor Peter (ឆ្វេង) និងលោក អូន ភាព គឺជាអតីតអ្នកយកព័ត៌មានឲ្យកាសែត the Cambodia Daily ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ ដោយតុលាការខេត្តរតនគីរី។ (រូបថតដោយ៖ Ben Woods)
រូប​ឯកសារ៖ លោក Zsombor Peter (ឆ្វេង) និងលោក អូន ភាព គឺជាអតីតអ្នកយកព័ត៌មានឲ្យកាសែត the Cambodia Daily ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ ដោយតុលាការខេត្តរតនគីរី។ (រូបថតដោយ៖ Ben Woods)

សាលា​ដំបូង​ខេត្ត​រតនគិរីបាន​កំណត់​យក​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​នេះ ដើម្បី​​បើក​សវនាការ​​ជំនុំជម្រះក្ដី​លើ​​អតីត​អ្នកសារព័ត៌មាន​​ទាំង​ពីរ​​រូប​​ពី​បទ​ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» ក្រោយ​ការ​ចោទ​ប្រកាន់​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ។

អតីត​អ្នក​យក​ព័ត៌មាន​កាសែត​ ដឹ ខេមបូឌា​ ដេលី (The Cambodia Daily) ពីរ​រូប គឺ​លោក ​អូន ភាព និង​លោក Zsombor Peter ជនជាតិ​កាណាដា បាន​អះអាង​ថា ​ខ្លួន​មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ខណៈ​តុលាការ​ខេត្ត​រតនគិរី​នឹង​បើក​សវនាការ​កាត់​ទោស​ពួកគេ​នៅ​ថ្ងៃ​ពុធ​នេះ។

អស់​រយៈ​ពេល​ជាង​២​ឆ្នាំ​មក​ហើយ ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» ក្រោយ​ពី​អ្នក​កាសែត​ទាំង​ពីរ​បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​ឃុំ​មួយ​ក្នុង​ខេត្ត​រតនគីរី កាល​ពី​ខែ​ឧសភា ​ឆ្នាំ​២០១៧ ដើម្បី​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​អំពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ក្នុង​ខែ​មិថុនា ​ឆ្នាំ​ដដែល។ អ្នក​ទាំង​ពីរ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៦ខែ​ទៅ​២​ឆ្នាំ បើ​សិន​តុលាការ​រក​ឃើញ​កំហុស។

បច្ចុប្បន្ន លោក អូន ភាព កំពុង​ភៀស​ខ្លួនដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​សហរដ្ឋ​អាមេរិក ហើយ​លោក​កំពុងបម្រើ​ការងារ​នៅ​វិទ្យុ​អាស៊ី​សេរី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។ ចំណែក​លោកZsombor Peter បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ដោយ​សារ​តែ​ការ​ចោទ​ប្រកាន់​នេះ។

លោក អូន ភាព វ័យ​៥៥​ឆ្នាំ ប្រាប់​ VOA ពី​សហរដ្ឋ​អាមេរិក​ថា សវនាការ​ដែល​តុលាការ​ខេត្ត​រតនគិរី​កំពុង​ដំណើរការ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​គំរាម​កំហែង​ដល់​អ្នក​សារ​ព័ត៌មាន​ទាំង​ជាតិ និង​អន្តរជាតិ ​ដែល​តែង​សរសេរព័ត៌មាន​រសើប​នៅ​កម្ពុជា។

«ការ​បើក​សវនាការ​នេះ​គ្រាន់តែ​ជា​លេស​មួយ​ដើម្បី​ដាក់​បន្ទុក​មក​លើ​ពួក​ខ្ញុំ​ទាំង​ពីរ​នាក់​ហ្នឹង ហើយ​ក៏​ដូចជា​ការ​បំបាក់​ស្មារតី​អ្នក​កាសែត​ឯករាជ្យ​ផ្សេងៗ​ទៀត ថា​កុំ​ឲ្យ​ធ្វើ​អ្វី​ហួស​ហេតុ គេ​ចង់​និយាយ​អញ្ចឹង។ គឺ​កុំ​ឲ្យ​សរសេរ​អ្វី​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រិះគន់​រដ្ឋាភិបាល ការ​រិះគន់​ទៅ​លើមន្ត្រី​ខិលខូច​របស់​គេ​ហ្នឹង»។​

អ្នក​សារ​ព័ត៌មាន​ដែល​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​រូប​នេះ ​បន្ថែម​ថា​ លោក​តែង​សរសេរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​កាប់ព្រៃ​ឈើ និង​អំពើ​ពុក​រលួយ​ផ្សេងៗ ​ដោយ​ផ្អែក​លើ​វិជ្ជាជីវៈ។ លោក​បន្ត​ថា អំឡុង​នៃ​ការ​សរសេរ​ព័ត៌មាន​ទាំង​នោះ លោក​តែង​រង​នូវ​ការ​គំរាមកំហែង និង​ព្រមាន​មិន​ដែល​លោះ​ពេល។

ចំណែក​លោក Zsombor Peter និយាយ​ថា ការ​ចោទ​ប្រកាន់​ និង​សវនាការ​លើ​ពួកគេ គឺ​ធ្វើ​ឡើង​ដោយ​ផ្អែកលើ​ពាក្យបណ្ដឹង​ក្លែងក្លាយ។ លោក​បន្ត​ថា ក្នុងរយៈ​ពេល៨​ឆ្នាំ​ដែល​ធ្វើ​ជា​អ្នក​សារ​ព័ត៌មាន​នៅ​កម្ពុជា លោក​តែង​សរសេរ​រឿង​ពាក់ព័ន្ធ​នឹងបណ្ដឹង​តុលាការ​ជា​ច្រើន​ប្រឆាំង​នឹង​អ្នក​នយោបាយ និង​សកម្មជន​គណបក្ស​ប្រឆាំង។

លោក​ប្រាប់​ VOA​ តាម​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល​ថា៖ «សវនាការ​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​ហេតុផល​នយោបាយ​ មាន​គោល​បំណងដើម្បីបំភិត​បំភ័យ និង​បំបិទ​មាត់​អ្នក​សារព័ត៌មាន​ឯករាជ្យ​ដូចជា​ពួក​យើង ពី​ការ​បំពេញ​ការងារ​របស់​យើង​ដោយ​ភាព​ស្មោះត្រង់»។

ក្រោយ​ពី​ពួក​គេ​ប្រឈម​នឹងពាក្យ​បណ្ដឹង​កាសែត​ ដឹ ខេមបូឌា ដេលី ត្រូវ​បាន​បង្ខំ​ចិត្តបិទ​ការិយាល័យរបស់​ខ្លួន ពាក់ព័ន្ធ​នឹង​ការ​បង់​ពន្ធ​ប្រមាណ​៦,៣​លានដុល្លារ​អាមេរិក។

លោក សេក សោភ័ណ មេធាវី​ការពារ​ក្ដី​ឲ្យ​ពួកគេ ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា កូន​ក្ដី​របស់​លោក​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូចការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។ លោក​បន្ត​ថា កូន​ក្តី​របស់​លោក​គ្រាន់​តែ​សួរ​សំណួរ​តាម​វិជ្ជាជីវៈ​អ្នក​សារ​ព័ត៌មាន​ដើម្បី​យក​ទៅ​ផ្សាយ​តែ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា៖ «គាត់​មាន​តួនាទី​នៅ​ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការប្រមូល​ព័ត៌មាន ការ​ផ្សាយ ហើយ​គាត់​បាន​បំពេញ​ការងារ​របស់​គាត់​ទៅ​តាម​អ្វី​ជា​វិជ្ជាជីវៈ​របស់​គាត់។​ គាត់​ចុះ​ទៅ​សួរ ហើយ​គេ​ឆ្លើយ​មិន​ឆ្លើយ​ជា​រឿង​របស់​គេ ហើយ​គាត់​បាន​យក​ព័ត៌មាន​ទាំងអស់​ហ្នឹង​មក​ចុះ​ផ្សាយ​ទៀត អញ្ចឹង​សម្រាប់​ខ្ញុំ​ ខ្ញុំ​អត់​មើល​ឃើញ​ថា​កិច្ចការ​ទាំង​អស់​ហ្នឹងវា​ជា​ការ​ញុះញង់​ដូច​តុលាការ​បាន​ចោទ​ប្រកាន់​គាត់​ទេ»។

លោក កែវ ពិសុទ្ធ អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​រតនគិរី លើក​ឡើង​ថា ចៅក្រម​ស៊ើប​រក​ឃើញ​កំហុស​ទើប​សម្រេច​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជម្រះ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា តើ​កំហុស​នោះ​បែប​ណា​នោះ​ទេ។​

«យើង​ធ្វើ​តាម​ការ​ប្ដឹង​របស់​ប្រជា​ពលរដ្ឋ​ដែល​គាត់​មាន​សិទ្ធិ​ប្ដឹង ស៊ើប​អង្កេត​តាម​ហ្នឹង បើ​មាន​ការ​ស៊ី​សង្វាក់​ទាក់ទង​នឹង​ការ​ប្ដឹង​ចោទ​ហ្នឹង​ តុលាការ​នឹង​ធ្វើ​តាម​នីតិវិធី។ រឿង​ទាក់ទង​នឹង​ការ​គំរាម​ ឬ​មិន​គំរាម ខ្ញុំ​អត់​ស៊ី​ជម្រៅ​ដែរ។ ​ខ្ញុំ​អ្នកនាំពាក្យ ទាល់​តែ​ខ្ញុំ​ដឹង​សាច់​រឿង​ទាក់ទង​នឹង​ការ​ស៊ើប​អង្កេត​របស់​សាលា​ដំបូង​ស៊ើបសួរ​ និង​ចៅក្រម​ជំនុំ​ជម្រះ»។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស ​និង​បណ្ដាញ​ការពារ​អ្នក​សារ​ព័ត៌មាន​ទាំង​ជាតិ ​និង​អន្តរជាតិ​ ប្រមាណ​ជា​៣៧​ស្ថាប័ន​ ព្រមទាំង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch និង​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំ​ដែន នៅ​ដើម​សប្ដាហ៍នេះ ​បាន​ជំរុញតុលាការ​ខេត្ត​រតនគិរី​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​លើ​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប។ ស្ថាប័ន​ទាំង​នោះ​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្ដារ​ឡើង​វិញ​នូវ​សេរីភាព​សារព័ត៌មាន​ផង​ដែរ។

​លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ (Adhoc) លើក​ឡើង​ថា ​ការ​បំពេញ​ការ​ងារ​វិជ្ជាជីវៈ​របស់​អ្នក​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា តែង​តែ​ប្រឈម​នឹង​ការ​គំរាម​កំហែង។

«ក្នុង​សកម្មភាព​អ្នក​សារ​ព័ត៌មាន ជាពិសេស​អ្នក​ដែលធ្វើ​ព័ត៌មាន​វិជ្ជាជីវៈ ដែល​ហ៊ាន​សរសេរ ហ៊ាន​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​លើ​បញ្ហា​នយោបាយ ឬ​ក៏​សង្គម​ ឬ​ក៏​ពាក់ព័ន្ធ​នឹង​ជន​មាន​អំណាច ឬ​ក៏​រិះគន់​រដ្ឋាភិបាល​អី យើង​ឃើញ​ថា​តែង​មាន​ភាព​ប្រឈម ហើយ​ក្នុង​ករណី​នេះ​ ក៏​បង្ហាញ​ពី​ការ​រឹតត្បិត ឬ​ក៏​ការ​គំរាម​កំហែង​ទៅ​លើ​សេរីភាព​អ្នក​សារព័ត៌មាន​មួយ​ផ្នែក»។

​ក្រោយ​ការ​បង្ក្រាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នក​កាសែត និង​អ្នក​តស៊ូ​មតិ​លើ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​និយាយ​ថា ស្ថានភាព​បច្ចុប្បន្ន គឺ​អាក្រក់​បំផុត​ក្នុង​ប្រវត្តិ​ការងារ​របស់​ពួកគេ ដោយសារ​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់​បាន​ចាប់ផ្ដើម​រឹតត្បិត​ការ​សរសេរ​ព័ត៌មាន​របស់​ខ្លួន​ ហើយ​អ្នក​ខ្លះ​ទៀត​ ត្រូវ​លា​ឈប់​ពី​អាជីព​មួយ​នេះ និង​ខ្លះ​ទៀត​ត្រូវ​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ប្រទេស។

លោក អូន ភាព ដែល​កំពុង​ភៀស​ខ្លួន​ទៅ​សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា ប្រសិន​បើ​លោក​មិនរង​ការ​ចោទ​ប្រកាន់​ពី​តុលាការទេ​នោះ លោក​នឹង​មិន​ត្រូវ​ព្រាត់​ឆ្ងាយ​ពី​គ្រួសារ​ដូច្នេះ​ទេ។

លោក អូន ភាព ដែល​មាន​កូន​៤នាក់ មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ចេញ​មក​ហ្នឹង​វា​ជាង​ពីរ​ឆ្នាំ​ទៅ​ហើយ តាំង​ពី​ខ្ញុំ​ចេញ​ដំបូង​មក​ហ្នឹង ​ហើយ​យើង​បែក​ពួក​គាត់​រហូត​មក។ ហើយ​សូម្បី​តែ​កូន​ដែល​យើង​ស្រលាញ់ កូន​ពៅ​ទី​បួន​ហ្នឹង​វា​នៅ​តូច​អី​អញ្ចឹង​ យើង​កំពុង​តែ​ស្រលាញ់​គាត់ ហើយ​ដល់​ពេល​យើង​បែក​គាត់​ទៅ ​អឺ!​ និយាយ​ឲ្យ​ចំ​ទៅ​វា​អាណិត​អាសូរ​នោះ​អាណិត​ពេក​ហើយ តែ​យើង​មិន​ដឹង​ថា​និយាយ​ថា​ម៉េច»៕

XS
SM
MD
LG