ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​កាសែត​​ខ្មែរ​ម្នាក់​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​អាមេរិក ខណៈ​រង​ការ​ចោទ​ប្រកាន់


រូបឯកសារ៖ កាសែត​ជា​ភាសាអង់គ្លេស ​The Cambodia Daily បាន​សម្រេច​បិទទ្វារ​ចាប់ពី​ចន្ទ​ ទី៤​ ខែកញ្ញា​នេះ​តទៅ​ បន្ទាប់​ពី​ប្រតិបត្តិការ​បោះពុម្ភផ្សាយ​នៅ​កម្ពុជា​អស់រយៈពេល​ ២៤ឆ្នាំ​និង​១៥ថ្ងៃ​ តាំងពី​ឆ្នាំ១៩៩៣​មក​ រាជធានីភ្នំពេញ​ ថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ​២០១៧។  (ហ៊ាន សុជាតា/VOA)

នៅ​មុន​ការ​បិទ​ទ្វារ​កាសែត ឌឹ ខេមបូឌា​ ដេលី​ដែល​មាន​អាយុ​កាល​ជិត​២៥​ឆ្នាំ​ក្នុង​ប្រទេស​កម្ពុជា អ្នក​កាសែត​២នាក់​ដែល​បាន​ធ្វើ​ការ​ឱ្យ​កាសែត​នេះ គឺ​ខ្មែរ​ម្នាក់ និង​បរទេស​ម្នាក់ បាន​ប្រឈម​នឹង​ការ​ប្ដឹង​ផ្ដល់​អំពី​ការ​ធ្វើ​សេចក្ដី​រាយការណ៍​របស់​ពួកគេ ទាក់ទង​នឹង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​​នៅ​ខេត្ត​រតនគិរី​កាល​ពី​ឆ្នាំមុន។ រហូត​មក​ដល់​ពេល​នេះ អ្នកកាសែត​ខ្មែរ​ដែល​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​នេះ បាន​រក​កន្លែង​សុវត្ថិភាព​នៅ​សហរដ្ឋអាមេរិក និង​កំពុង​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ទីនោះ។

លោក អូន ភាព អតីត​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​The Cambodia Daily​ ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​បិទទ្វារ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន បាន​ភៀស​ខ្លួន​ទៅ​សហរដ្ឋអាមេរិក ខណៈ​លោក​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ខេត្ត​រតនគិរី​ថា​ លោក​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ទាក់ទង​នឹង​ការ​ធ្វើ​សេចក្ដី​រាយការណ៍​អំពី​ការ​បោះឆ្នោត។

លោក អូន ភាព អាយុ​៥៤​ឆ្នាំ បាន​បម្រើ​ការ​ឲ្យ​កាសែត​The Cambodia Daily ជាង​៧​ឆ្នាំ និង​បាន​បំពេញ​ការងារ​ជា​អ្នក​កាសែត​ជិត​៣០​ឆ្នាំ​មក​ហើយ។ នៅ​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧ លោក អូន ភាព និង​អ្នក​កាសែត​បរទេស​ម្នាក់​ដែល​ជា​សហការី​របស់​លោក បាន​ចុះ​ទៅ​ខេត្ត​រតនគិរី និង​បាន​សាកសួរ​ប្រជាពលរដ្ឋ​អំពី​ការ​បោះឆ្នោត។

លោក អូន ភាព បាន​ថ្លែង​ប្រាប់​VOA​ពី​សហរដ្ឋអាមេរិក​ថា លោកនិង​សហការី​របស់​លោក ត្រូវ​បាន​ប្ដឹង​ដោយ​អតីត​មេឃុំ​ប៉ាតេ ក្នុង​ស្រុក​អូរយ៉ាដាវ មក​ពី​គណបក្ស​ សម រង្ស៊ី គឺ​លោក រម៉ាម យួត ដែល​មាន​ភាព​ចម្រូងចម្រាស​ជាមួយ​គណបក្ស​ប្រឆាំង និង​ប្ដឹង​ដោយ​ប្រជាពលរដ្ឋ​ពីរ​នាក់​ទៀត។ ដើម​បណ្ដឹង​ទាំង​នោះ ប្ដឹង​លោក អូន ភាព និង​អ្នក​កាសែត​ជា​ជន​ជាតិ​កាណាដា​ម្នាក់​ទៀត​ ថា​ចុះ​យក​ព័ត៌មាន «មាន​បំណង​មិន​ល្អ» និង​ញុះញង់​ប្រជាពលរដ្ឋ តាម​រយៈ​ការ​សួរ​សំណួរ​អំពី​ការ​បោះឆ្នោត ក្នុង​នោះ​មាន​សំណួរ​ថា​តើ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ណាមួយ។

បើ​តាម​លោក អូន ភាព លោក​ត្រូវ​បាន​ព្រះរាជអាជ្ញា​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤ និង​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​លោក​អាច​ប្រឈម​នឹង​ការ​ជាប់​ទោស​ពី​៦​ខែ​ដល់​២​ឆ្នាំ ប្រសិន​បើ​រក​ឃើញ​កំហុស។

លោក​ចាត់​ទុក​ការ​ប្ដឹង​ផ្ដល់​នេះ​ថា​មិន​សម​ហេតុ​ផល និង​ថា​មាន​មន្ត្រី​នៅ​ពី​លើ ដែល​លោក​ថា​ជំរុញ​ឲ្យ​មាន​សំណុំ​រឿង​នេះ​កើត​ឡើង។

លោក​បាន​ថ្លែង​ប្រាប់​VOA​ពី​សហរដ្ឋអាមេរិក​ថា៖«ខ្ញុំ​យល់​ថា​វា​ជា​រឿង​អយុត្តិធម៌ ពី​ព្រោះ​ខ្ញុំ​អត់​មាន​បាន​ប្រព្រឹត្ត​អី​ណា ញុះញង់​ប្រជាពលរដ្ឋ​អី ឲ្យ​បោះឆ្នោត​ឲ្យ​បក្ស​ប្រឆាំង​អី​ទេ។ ខ្ញុំ​អត់​មាន​បាន​ធ្វើ ដូច​ការ​ចោទ​ប្រកាន់​អី​ទេ។ នេះ​គ្រាន់​ជា​លេស​មួយ ដើម្បី​ធ្វើ​បាប​ពួក​ខ្ញុំ​តែ​ប៉ុណ្ណឹង»។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖«តាម​ពិត​ទៅ គេ​យក​រឿង​ខឹង​សម្បា​រឿង​ផ្សេងៗ ដូច​ជា​កន្លែង​មក​ហ្នឹង ខ្ញុំ​និង​មិត្តភ័ក្ដិ​ខ្ញុំ​ម្នាក់​ទៀត ដែល​គាត់​ឈ្មោះ Zsombor Peter ជន​ជាតិ​កាណាដា​ហ្នឹង។ យើង​តែង​តែ​សរសេរ​រឿង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ហ្នឹង​ខេត្ត​រតនគិរី​ហ្នឹង ដូចជា​វីរៈជ័យ ដូច​ជា​លំផាត់​អី​អញ្ចឹង​ទៅ គឺ​យើង​សរសេរ​ច្រើន ពាក់ព័ន្ធ​ទៅ​នឹង​មន្ត្រី​ខេត្ត​ដែល​មិន​អើ​ពើ​ចាត់​វិធាន​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ»។

កន្លង​ទៅ លោក អូន ភាព ធ្លាប់​បាន​រាយការណ៍​អំពី​បញ្ហា​កាប់​បំផ្លាញ​ព្រៃឈើ ការ​នាំចេញ​ឈើ​ខុស​ច្បាប់ និង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល។

បច្ចុប្បន្ន​នេះ លោក អូន ភាព កំពុង​រង់ចាំ​ពី​ការ​ផ្ដល់​សិទ្ធិ​ជ្រក​កោន​នៅ​សហរដ្ឋអាមេរិក​ជា​ផ្លូវការ។

លោក អូន ភាព បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧។ លោក​បាន​ស្នាក់​នៅ​ប្រទេស​ថៃ​មួយ​រយៈ ក្នុង​ឋានៈ​ជា​អ្នក​សុំ​សិទ្ធិ​ជ្រកកោន។ ខណៈ​ដែល​លោក​ជាប់​ពាក្យ​បណ្ដឹង​នៅ​តុលាការ លោក និង​អ្នកកាសែត​បរទេស Zsombor Peter ក៏​បាន​ទទួល​ពាន​រង្វាន់​នៃ​ការ​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ស៊ើប​អង្កេត​ពី​ស្ថាប័ន​មួយ​ឈ្មោះ​ថា Society of Publishers in Asia (SOPA Award) ដែល​ត្រូវ​បាន​ធ្វើឡើង​នៅ​ទីក្រុង​ហុងកុង កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧។

ជាមួយ​ការ​ចាកចេញ​ពី​ប្រទេស​កំណើត លោក អូន ភាព បាន​សម្ដែង​ការ​សោកស្ដាយ​មួយ ដែល​លោក​មិន​បាន​បំពេញ​ការងារ​ជា​អ្នក​កាសែត​បន្ត​ទៀត ហើយ​ត្រូវ​រស់​នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ។

លោក​មាន​ប្រសាសន៍​ថា៖«បាទ​ខ្ញុំ​មាន​ការ​សោកស្ដាយ​ណាស់ ដោយសារ​តែ​យើង​ខំ​ធ្វើ​អ្នក​កាសែត សរសេរ​ការ​ពិត​ជួយ​ប្រជាពលរដ្ឋ ជួយ​បំភ្លឺ​ឲ្យ​ប្រជាពលរដ្ឋ​ដើរ​ទៅ​រក​ផ្លូវ​ត្រូវ ក៏​ប៉ុន្តែ​ដល់​ទៅ​ពេល​យើង​សរសេរ​អ្វី​ដែល​ជា​ការ​ពិត​ទៅ​ធ្វើ​ឲ្យ​គេ​មិន​សប្បាយ​ចិត្ត អញ្ចឹង​គេ​រក​វិធី កម្ចាត់​យើង គំរាម​យើង​យក​ទៅ​ដាក់​គុក​អី​អញ្ចឹង។ អញ្ចឹង​វា​ធ្វើ​ឲ្យខ្ញុំ​មាន​ការ​សោកស្ដាយ​ដែល​ខ្ញុំ​បាត់​បង់​ការងារ ហើយ​ត្រូវ​បាន​រស់នៅ​និរទេស​ខ្លួន​អញ្ចឹង​ទៀត បែក​ព្រាត់ប្រាស​ប្រពន្ធ ព្រាត់ប្រាស​កូន»។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក អូន ភាព គឺ​លោក សេក សោភ័ណ មាន​ប្រសាសន៍​ថា កូន​ក្ដី​របស់​លោក​ មិន​បាន​ប្រព្រឹត្ត​ខុស​ ដូច​ការ​ចោទប្រកាន់​នោះ​ទេ។ លោក​បាន​បញ្ជាក់​ថា៖«ជា​ផ្នែក​មួយ​នៃ​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន។ វា​ជា​ការ​ប្រតិបត្តិ​វិជ្ជាជីវៈ​តាម​ច្បាប់»។

លោក កែវ ពិសុទ្ធ អ្នកនាំពាក្យ​តុលាការ​ខេត្ត​រតនគិរី មាន​ប្រសាសន៍​ថា សំណុំ​រឿង​នេះ ស្ថិត​នៅ​ក្នុង​ដៃ​របស់​ចៅក្រម​ស៊ើបសួរ​នៅ​ឡើយ​ទេ។ លោក​មិន​អាច​បញ្ជាក់​លម្អិត​នៃ​សំណុំ​រឿង​បាន​ទេ។

ក្នុង​ឆ្នាំ​២០១៧ នៅ​ពេល​កម្ពុជា​មាន​ស្ថានភាព​នយោបាយ​តានតឹង ក្នុង​នោះ​មាន​ការ​ចាប់ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ ក៏​មាន​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ក្នុង​ពេល​ជាមួយ​គ្នា ដូចជា​កាសែតឌឹ ខេមបូឌា​ ដេលី និង​វិទ្យុ​អាស៊ី​សេរី។ ក្រោយមក​មាន​ការ​ចាប់​ខ្លួន​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​ពីរ​នាក់ ដែល​ពួកគេ​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ផ្ដល់​ព័ត៌មាន​ឲ្យ​បរទេស និង​បន្ទាប់​មក​រង​ការ​ចោទ​ប្រកាន់​មួយ​ទៀត​ពី​ការ​ផលិត​វីដេអូ​អាសអាភាស។ នេះ​បើ​តាម​មេធាវី​របស់​ពួកគេ។

របាយការណ៍​ថ្មី​របស់​អង្គការ​អ្នក​រាយការណ៍​ព័ត៌មាន​គ្មាន​ព្រំដែន(Reporters Without Borders) ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ បង្ហាញ​ថា ប្រទេស​កម្ពុជា​ត្រូវ​បាន​ដាក់​ក្នុង​លំដាប់​លេខ​១៤២​ក្នុង​ចំណោម​១៨០​ប្រទេស ដែល​សេរីភាព​សារព័ត៌មាន​ស្ថិត​ក្នុង​ការ​ធ្លាក់​ចុះ​មួយ​យ៉ាង​ខ្លាំង គឺ​ធ្លាក់​ចុះ​១០​ថ្នាក់ ដែល​ជា​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG