ប្រទេសវៀតណាម ធ្វើជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាននៅឆ្នាំនេះ ដោយបញ្ហាពាណិជ្ជកម្ម និងសន្តិសុខត្រូវគេរំពឹងនឹងស្ថិតនៅពីលើគេក្នុងរបៀបវារៈ។ ពួកអ្នកវិភាគ និយាយថា នៅពេលដែលវៀតណាម រៀបចំសន្និសីទអន្តរជាតិបានទទួលជោគជ័យដូចជា ជំនួបកំពូលសហរដ្ឋអាមេរិក និងកូរ៉េខាងជើងនៅឆ្នាំ២០១៩ ការជោគជ័យរបស់ខ្លួនអាចជួបប្រទះឧបសគ្គនានាដូចជា ការ ផ្ទុះឡើងនូវមេរោគកូរ៉ូណាវីរុស និងសេចក្តីត្រូវការការមូលមតិនៅក្នុងសមាគមអាស៊ាន។
អាទិភាពជាច្រើនដែលត្រូវបានប្រកាសសម្រាប់ប្រធានសមាគមអាស៊ាននៅក្នុងទីក្រុងហាណូយ វិស័យ២ដែលពួកអ្នកវិភាគរំពឹងថា សមាគមអាស៊ានធ្វើឲ្យជឿនលឿនគឺ កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច និងការពារប្រទេស។ វិស័យផ្សេង ទៀតរួមមាន ការបង្កើនកម្រិតសាមគ្គីភាពក្នុងចំណោមរដ្ឋចំនួន១០ដែលជាសមាជិកសមាគមអាស៊ាន ហើយនិងការបង្កើនការយល់ដឹងជាសាកលរបស់អាស៊ានជាប្លុកមួយដែលមានមនុស្ស៦០០លាននាក់។
តាមប្រវត្តិសាស្រ្ត អាស៊ានបានខិតខំចេញការសម្រេចរួម ពីព្រោះតែរដ្ឋនីមួយៗមានសិទ្ធិបោះឆ្នោតវ៉េតូ។ នេះបើតាមលោក Javad Heydarian សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយនៅឯសាកលវិទ្យាល័យ De La Salle នៅក្នុងប្រទេសហ្វីលីពីន។ នេះជាការពិតចំពោះបញ្ហានានាដូចជាគោលនយោបាយជនភៀសខ្លួន ឬវិបត្តិជនជាតិភាគតិចរ៉ូហ៊ីងយ៉ាអ្នកកាន់សាសនាឥស្លាម នៅពេលដែលជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់ពាន់នាក់បានរត់គេចខ្លួនពីអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីជ្រកកោនក្នុងប្រទេសបង់ក្លាដែស។
នៅឆ្នាំនេះ ប្រទេសវៀតណាម បាននិយាយថា ខ្លួន នឹងជំរុញឲ្យមានការកាត់បន្ថយពន្ធគយកាន់តែខ្លាំងឡើង រួមទាំងការលះបង់របស់ខ្លួនផ្ទាល់នៃការទម្លាក់ចោលពន្ធគយលើស្ករដែលជាឧស្សាហកម្មយ៉ាងសំខាន់សម្រាប់ក្រុមហ៊ុននៅក្នុងស្រុក។
លោក Eduardo Pedrosa អគ្គលេខាធិការក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី និងមហាសមុទ្រប៉ាស៊ីហ្វិកដែលជាអង្គការមិនយកកម្រៃ បាននិយាយថា ការដោះស្រាយនេះធ្វើជំនួញឲ្យកាន់តែខ្លាំងឡើងនៅក្នុងតំបន់ បានធ្វើឲ្យពួកអ្នកវិនិយោគទុនបរទេសមានសុទិដ្ឋិនិយមអំពីតំបន់អាស៊ីអាគ្នេយ៍៕