ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ទទួល​បាន​ការ​បញ្ជាក់​ពី​ការ​លើក​ពេល​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ដោយ​សារកូរ៉ូណា​វីរុស​ថ្មី


រូបឯកសារ៖ លោក Robert C. O’Brien ទីប្រឹក្សា​សន្ដិសុខ​ជាតិ​សហរដ្ឋអាមេរិក​និង​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​អាមេរិក​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។
រូបឯកសារ៖ លោក Robert C. O’Brien ទីប្រឹក្សា​សន្ដិសុខ​ជាតិ​សហរដ្ឋអាមេរិក​និង​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​អាមេរិក​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

ក្រោយ​ពេល​សហរដ្ឋ​អាមេរិក​សម្រេច​លុបចោល​ឬ​លើក​ពេល​កិច្ច​ប្រជុំ​កំពូល​ពិសេស អាមេរិក-អាស៊ាន ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្តាល ​ខែមីនា ​ដោយ​បារម្ភ​ពីការ រីក​រាល​ដាល​នៃ​មេរោគ​កូរ៉ូណាវីរុស​ថ្មី ​COVID19​ នោះ​ ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ពី ដំណឹង​នេះ។ ​នេះ​បើតាម​ការ​អះអាង​របស់​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា។

លោក​ កុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បញ្ជាក់​ប្រាប់ ​VOA​ កាល​ពី ថ្ងៃ​អាទិត្យ​តាម​ប្រព័ន្ធ​តេឡេក្រាម​អំពី​ការ​ទទួល​បាន​ការ​បញ្ជាក់​ពីការ​លើក​ពេល​ប្រជុំ កំពូល​អាស៊ាន-អាមេរិក​ហើយ។​ លោក​បាន​ថ្លែង​តាម​ខ្លឹមសារ​ដើម​ថា៖ «យើងបាន​ទទួល​ដំណឹង​នេះ​តាម​រយៈ​ស្ថាន​ទូត​កម្ពុជា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​កាល​ពី​ម្សិល​មិញ‍»។

លោក​មិន​បាន​បញ្ជាក់​លម្អិត​អំពី​មូល​ហេតុ​និង​កាល​បរិច្ឆេទ​ថ្មី​ចំពោះ​កិច្ច​ប្រជុំ​នេះ​ទេ។​ មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កាល​ពីថ្ងៃ​ទី​២៨​ខែកុម្ភៈ​ដើម្បី​លើក​ពេល​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ​ដែល​គ្រោង​នឹង​ធ្វើឡើង​នៅថ្ងៃ​ទី ​១៤ ​ខែមីនា​ នៅ​ទី ក្រុង ​Las Vegas ​រដ្ឋ ​Nevada ​សហរដ្ឋ​អាមេរិក ​គឺ​ដោយ​បារម្ភ​ពី​ការ​រីក​រាល​ដាល​នៃ មេរោគ​កូរ៉ូណាថ្មី​ COVID19 ​និង​ទុក​ពេល​ផ្តោត​លើការ​ទប់ស្កាត់​ជំងឺ​នេះ។ ​ការប្រកាស​នេះ​ត្រូវ​គេដឹង​ថា​កើត​ឡើង​ភ្លាមៗ​ក្រោយ​ពី​កិច្ចប្រជុំ​រវាង​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក មកពី​សេតវិមាន​និង​ក្រសួងការ​បរទេស​អាមេរិក ​ជាមួយ​នឹង​ក្រុម​អ្នក​ការទូត​អាស៊ាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ​បាន​អញ្ជើញ​ក្រុម​មេដឹកនាំ​តំបន់​អាស៊ី អាគ្នេយ៍​ចំនួន ​១០​ប្រទេស​ រួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នៃ​ប្រទេស​កម្ពុជា​ដែល​ជា​សមាជិក​អាស៊ាន​មួយ​ក្នុង​ចំណោម​១០​ប្រទេស​ផង​ដែរ​ ដើម្បី​ចូលរួម​ក្នុង​កិច្ច ប្រជុំ​ពិសេស​នេះ​ គឺ​មួយ​ផ្នែក​ដោយសារ​លោក​ ត្រាំ ​មិន​បាន​ចូលរួម​ផ្ទាល់​ក្នុង​កិច្ច​ប្រជុំ កំពូល​នេះ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ​កាល​ពីដើម​ខែវិច្ឆិកា​ ឆ្នាំ​២០១៩​កន្លង​ទៅ។

មន្ត្រី​អាមេរិក ​កាល​ពីថ្ងៃ​សុក្រ​ បាន​ប្រាប់​ឲ្យ​ដឹង​ថាកិច្ច​ប្រជុំ​កំពូល​នេះ​ត្រូវ​លើក​ពេល​ដោយ​បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើមថា៖ «ខណ:​ដែល​សហគមន៍​អន្តរជាតិ​ធ្វើការ​រួមគ្នា​ដើម្បី​កម្ចាត់​មេរោគ​កូរ៉ូណា​វីរុស​ថ្មី​ សហរដ្ឋ​អាមេរិក​ដែល​បាន​ពិភាក្សា​ជាមួយ​ដៃគូ​ក្នុង​តំបន់​អាស៊ាន បាន​សម្រេចចិត្ត​ដ៏​លំបាក​ក្នុង​ការ​ពន្យាពេល​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​អាស៊ាន​ ដែល​បាន​ដាក់​កាលបរិច្ឆេទ​កន្លងទៅ នៅ​ពាក់​កណ្តាល​ខែ​មីនា។ សហរដ្ឋអាមេរិក​ឲ្យ​តម្លៃ​លើ​ទំនាក់​ទំនង​របស់​យើង​ជាមួយ​ប្រជាជាតិ​ក្នុង​តំបន់​ដ៏​សំខាន់​នេះ​ ហើយ​ទន្ទឹង​រង់ចាំ​ជំនួប​ក្នុង​កិច្ច​ប្រជុំ​នា​ពេល​អនាគត»។

ប្រភព​ព័ត៌មាន​ពី​អ្នក​ការទូត​អាស៊ាន​ម្នាក់ ​បាន​ថ្លែង​ប្រាប់ VOA ថា​ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​អាមេរិក​ និង​សេត​វិមាន​ បាន​ជួប​ប្រជុំ​ជាមួយ​ក្រុម​អ្នក​ការទូត​អាស៊ាន​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ ​ដើម្បី​ជម្រាប​និងពិគ្រោះគ្នាអំពី​ការលើក​ពេល​នេះ​ ហើយ​បាន​បញ្ជាក់​ថា​ លោក ​ត្រាំ ​យក​ពេលវេលា​នេះ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ មេរោគ​កូរ៉ូណាវីរុស។

មេរោគ​កូរ៉ូណាវីរុស​ដែល​ផ្ទុះ​ចេញ​ពី​ក្រុងវូហាន​ ប្រទេស​ចិន ​កំពុង​រាលដាល​ពេញ​ពិភព​លោក​នេះ​ ដោយ​បណ្តាល​ឲ្យ​ធ្វើឲ្យ​មនុស្ស​ជាង​ ៨៥​០០០​នាក់​ឆ្លង ​និង​សម្លាប់​មនុស្ស​ក្នុង​ពិភព​លោក​យ៉ាង​តិច​ ២៩០០​នាក់។

កាលពីថ្ងៃ​ចន្ទ​កន្លង​ទៅ​ លោក​រដ្ឋមន្ត្រី​ការបរទស​អាមេរិក ​ម៉ៃ​ បុមប៉េអូ​ (Mike Pempeo) បាន​ថ្លែង​បញ្ជាក់​ថា ​ដំណើរការ​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន​ពិសេស​នឹង​ប្រព្រឹត្ត​ឡើង​តាម​ធម្មតា ​ទោះបី​មាន​ការ​រាតត្បាត​មេរោគ​កូរ៉ូណា​ក៏​ដោយ។​តែការ​លុប​ចោល ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​មួយ​អន្លើ​ ដោយ​សារ​មេរោគ​កូរ៉ូណា​នេះ​ត្រូវគេ​ដឹង​ថា នឹង​រង់ចាំ​ការ​កំណត់​ជាថ្មី​ពី​លោក​ប្រធានាធិបតី​ ត្រាំ៕

XS
SM
MD
LG