នៅឆ្នាំនេះ ប្រទេសវៀតណាមធ្វើជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលជាប្លុកចរចាថ្នាក់តំបន់មួយ។ អ្នកជំនាញនិយាយថា ការដឹកនាំនេះបានបើកឱកាសឱ្យវៀតណាមបង្កើនការការពារប្រឆាំងនឹងប្រទេសចិនដែលជាប្រទេសគូប្រជែងនឹងវៀតណាមជាយូរមកហើយ តាមរយៈទំនាក់ទំនងកាន់តែរឹងមាំជាមួយប្រទេសលោកខាងលិច។
ក្រុមដែលមានឈ្មោះថា «កិច្ចសន្ទនាសន្តិសុខ៤ប្រទេស» ឬហៅកាត់ថា Quad ដែលជាក្រុមប្រទេសដឹកនាំដោយសហរដ្ឋអាមេរិក និងរួមមានប្រទេសអូស្ត្រាលី ឥណ្ឌា និងជប៉ុននោះ ក៏បានអញ្ជើញវៀតណាមឱ្យចូលរួមក្នុងកិច្ចពិភាក្សាអំពី ជំងឺកូវីដ១៩និងផលប៉ះពាល់សេដ្ឋកិច្ច កាលពីខែមីនា ហើយសមាជិកនៃក្រុមប្រទេស Quad នេះបានសន្ទនាជាមួយនឹងមន្ត្រីវៀតណាមយ៉ាងទៀងទាត់ចាប់តាំងពីពេលនោះមក។
លោក Michael Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចំនួន៥នៅទ្វីបអាស៊ី ដោយមានការចូលឈប់សំចតក្នុងប្រទេសវៀតណាមនៅថ្ងៃទី៣០ ខែតុលាផងដែរ។ លោកបានសរសើរដល់ «អធិបតេយ្យភាព» របស់ប្រទេសម្ចាស់ផ្ទះមួយនេះ នៅពេលលោកបានជួបជាមួយនឹងលោក Pham Binh Minh រដ្ឋមន្ត្រីការបរទេសវៀតណាមនៅថ្ងៃនោះនៅក្នុងក្រុងហាណូយ ហើយលោកបាននិយាយថា លោកទន្ទឹងរង់ចាំពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងប្រទេសទាំងពីរ។
ប្រទេសវៀតណាមគឺជាប្រធាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមាន១០ប្រទេសជាសមាជិក ដែលអ្នកវិភាគយល់ថា ដោយសារតែវៀតណាមមានតួនាទីជាប្រធាននេះទើបក្រុមប្រទេស Quad អញ្ជើញវៀតណាមឱ្យចូលរួមក្នុងកិច្ចប្រជុំរបស់ខ្លួននៅដើមខែតុលា។ ប្រទេសវៀតណាមបានលេចធ្លោនៅឆ្នាំនេះ ក្នុងនាមជាប្រធានអាស៊ាន ដែលត្រូវផ្លាស់ប្តូរវេនជារៀងរាល់ឆ្នាំ ហើយប្រធានអាស៊ានដឹកនាំប្រមុខរដ្ឋ និងរដ្ឋមន្ត្រីអាស៊ានឱ្យធ្វើការពិភាក្សាតាមអ៊ីនធឺណិត មិនមែនពិភាក្សាទល់មុខ ដែលជាការចង់បានរបស់ពួកគេនោះទេ ដោយសារតែការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ក្នុងពេលនេះ។
មិនដូចប្រទេសនៅអាស៊ីអាគ្នេយ៍ផ្សេងដែលខឹងសម្បាចំពោះការពង្រីកអំណាចដែនសមុទ្ររបស់ចិននោះទេ វៀតណាមហ៊ានបញ្ចេញទស្សនៈប្រឆាំងរបស់ខ្លួនយ៉ាងសកម្ម។ ការតស៊ូបែបនេះធ្វើឱ្យវៀតណាមទទួលបានការពេញចិត្តពីសម្ព័ន្ធមិត្តលោកខាងលិច ទោះជាវៀតណាមមានរដ្ឋាភិបាលកុម្មុយនីស្ត និងធ្លាប់មានសង្គ្រាមដ៏យូរលង់មកហើយជាមួយសហរដ្ឋអាមេរិកក្តី។
លោក Alexander Vuving សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិក Daniel K. Inouye សម្រាប់ការសិក្សាសន្តិសុខនៅក្នុងរដ្ឋ Hawaii សហរដ្ឋអាមេរិក បាននិយាយក្នុងន័យដើមថា៖ «ប្រទេសវៀតណាមត្រូវបានអញ្ជើញដោយសារតែវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលប្រឆាំងនឹងចិន ប៉ុន្តែគេអាចក្លែងថា ប្រទេសវៀតណាមត្រូវបានអញ្ជើញដោយសារតែវៀតណាមជាប្រធានអាស៊ាន»។
លោក Carl Thayer សាស្ត្រាចារ្យចូលនិវត្តន៍នៃសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលី ដែលមានជំនាញផ្នែកតំបន់អាស៊ីអាគ្នេយ៍បាននិយាយថា ការចូលរួមរបស់វៀតណាមជាមួយនឹងក្រុមប្រទេស Quad ជាការបោះជំហានឆ្ពោះទៅរកការលេចធ្លាកាន់តែខ្លាំងជាសាកល ដែលកើតមានបណ្តើរៗរួចទៅហើយក្នុងនាមជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរយៈពេល២ឆ្នាំ និងសម្ព័ន្ធមិត្តយុទ្ធសាស្ត្រជាមួយនឹងជប៉ុន និងឥណ្ឌា។
លោក Thayer បាននិយាយថា៖ «ការចូលរួមក្នុងក្រុមប្រទេស Quad គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយក្នុងការធ្វើឱ្យខ្លួនអ្នកអាចចូលរួមនៅក្នុងអង្គការពហុជាតិឱ្យបានកាន់តែច្រើនតាមតែអាចធ្វើទៅបាន និងរួមចំណែកជាវិជ្ជមាន ប៉ុន្តែសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកដើម្បីឈ្នះមិត្តនៅជុំវិញពិភពលោក»។
ក្រុមអ្នកស្រាវជ្រាវជឿថា ប្រទេសវៀតណាមចង់បានមិត្តមហាអំណាចធ្វើជាអ្នកគាំទ្រខ្លួននៅក្នុងកិច្ចចរចាណាមួយ ឬចលនាណាមួយដើម្បីប្រឆាំងនឹងការពង្រីកអំណាចរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូងដែលសម្បូរទៅដោយធនធាន និងដែលមានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ។ ភាគីទាំង២ ជារឿយៗ បានបុកទូកគ្នាទៅវិញទៅមក និងព្យាយាមរារាំងមិនឱ្យភាគីណាមួយទៀតចូលទៅជិតអណ្តូងថាមពលនៅបាតសមុទ្រ ប៉ុន្តែចិនបានទាញយកផលប្រយោជន៍ផ្នែកបច្ចេកវិទ្យា និងយោធារបស់ខ្លួនដើម្បីកាន់កាប់កោះតូចៗនៅទីនោះ។
ប្រទេសកុម្មុយនិស្តជិតខាងទាំង២នេះជារឿយៗត្រូវគ្នាវិញ បន្ទាប់ពីមានឧប្បត្តិហេតុទាំងនោះ ប៉ុន្តែមិនដែលដោះស្រាយបញ្ហាទាំងនោះទេ។ ពួកគេបានឈ្លោះប្រកែកគ្នាអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ លើបញ្ហាអធិបតេយ្យភាពព្រំដែន ដែលបង្កឱ្យមានសង្គ្រាមនៅចុងទសវត្សរ៍១៩៧០។
អ្នកស្រី Yun Sun អ្នកស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធីអាស៊ីខាងកើតនៅមជ្ឈមណ្ឌល Stimson ក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា ទំនាក់ទំនងជាមួយនឹងក្រុមប្រទេសQuad «នឹងផ្តល់ឱ្យវៀតណាមនូវសម្ព័ន្ធមិត្តថ្នាក់តំបន់ដ៏រឹងមាំមួយដើម្បីធ្វើការជាមួយដើម្បីដោះស្រាយបញ្ហាប្រទេសចិន»។
អ្នកស្រីបាននិយាយក្នុងន័យដើមថា៖ «សម្រាប់ប្រទេសវៀតណាមដែលកំពុងតែតទល់នឹងចិនតែម្នាក់ឯងអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ការមានដៃគូដ៏រឹងមាំទាំងនេះនឹងធ្វើឱ្យប្រសើរឡើងនូវជំហរ និងឥទ្ធិពលរបស់វៀតណាម»។
ក្រុមប្រទេស Quad ត្រូវបានបង្កើតឡើងកាលពី១៣ឆ្នាំមុន។ ក្រុមប្រទេសនេះត្រូវបានគេមើលឃើញថា ជាការទប់ទល់នឹងការពង្រីកអំណាចរបស់ចិន តាំងពីនៅព្រំដែនចិន-ឥណ្ឌា រហូតដល់សមុទ្រចិនខាងត្បូង។ ប្រទេសនូវែលសេឡង់ និងកូរ៉េខាងត្បូងបានចូលរួមជាមួយវៀតណាមក្នុងកិច្ចចរចារបស់ក្រុមប្រទេស Quad នៅឆ្នាំនេះពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ១៩។
លោក Thayer បាននិយាយថា ចិននឹង «គិតគូរអាក្រក់បំផុត» អំពីតួនាទីរបស់វៀតណាមនៅក្នុងក្រុមប្រទេស Quad។
ទោះជាយ៉ាងនេះក្តី ប្រទេសវៀតណាមមិនបានភ្លេចអាស៊ាន ឬចិននោះទេ។ នៅពេលដែលអាស៊ានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំនៅថ្ងៃទី១១ ដល់ទី១៥ ខែវិច្ឆិកា ប្រទេសវៀតណាមនឹងមានឱកាសជួយសមាជិកផ្សេងទៀតដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានជាប់ពាក់ព័ន្ធនឹងប្រទេសចិន។ ប្រទេសចិនជាអ្នកផ្តលើផលផ្នែកសេដ្ឋកិច្ចភាគច្រើននៅអាស៊ីអាគ្នេយ៍រួចទៅហើយ ហើយកាលពីឆ្នាំមុនវៀតណាមបានចាត់ទុកចិនជាដៃគូពាណិជ្ជកម្មធំបំផុតទី២របស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិក។
លោក Rajiv Biswas អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ក្នុងតំបន់របស់ក្រុមហ៊ុន IHS Markit ដែលជាក្រុមហ៊ុនវិភាគទីផ្សារ និងមានមូលដ្ឋាននៅក្នុងក្រុងឡុងដ៍ ចក្រភពអង់គ្លេស បាននិយាយថា ការសម្រេចបាននូវកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ឬ RCEP នៅឆ្នាំនេះបន្ទាប់ពីមានការចរចាអស់រយៈពេល៩ឆ្នាំនោះ នឹងធ្វើឱ្យវៀតណាម «មានមុខមាត់ល្អ» តាមរយៈការជួយដល់សេដ្ឋកិច្ចប្រទេសជាច្រើន។ ប្រទេសដែលនឹងស្ថិតក្នុងកិច្ចព្រមព្រៀងទាំង១៥ប្រទេសនេះមានសេដ្ឋកិច្ចជិត៣០%នៃផលិតផលសរុបក្នុងស្រុករបស់ពិភពលោក។
លោក Biswas បាននិយាយក្នុងន័យដើមថា៖ «ដោយសារតែរឿងទាំងនេះត្រូវបានគេពិភាក្សាអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រសិនបើពួកគេអាចសម្រេចវាបាននៅក្រោមភាពជាអ្នកដឹកនាំរបស់ពួកគេ នោះវាមើលទៅល្អ ដោយសារតែពួកគេជាអ្នកដែលអាចជួយសម្រេចវាឱ្យដល់ត្រើយបាន»៕