ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Trump ​និង​លោក​ Xi ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក ​នៅ​ពេល​ជម្លោះ​ពាណិជ្ជកម្ម​មាន​បន្ត


អេក្រង់ទូរទស្សន៍បង្ហាញក្រុមមេដឹកនាំចូលរួម​កិច្ច​ប្រជុំ​​​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​ហៅ​កាត់​ថា APEC ដែលធ្វើឡើងតាមអនឡាញ នៅទីក្រុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

កិច្ច​ប្រជុំ​កំពូលរបស់​មេដឹកនាំ​អាស៊ី​ប៉ាស៊ីហ្វិក​តាម​អនឡាញ​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃសុក្រ​ ដោយ​មាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Donald Trump និង​សមភាគី​ចិន​របស់​លោក​គឺ​លោក ​Xi Jinping ចូលរួម​ដើម្បី​ពិភាក្សា​អំពី​វិបត្ដិ​ជំងឺ​រាតត្បាត​កូវីដ១៩ និង​ការ​ស្តារ​សេដ្ឋកិច្ច​ពិភពលោក​ ចំ​ពេលដែល​នៅ​តែ​មាន​ទំនាស់ខាង​ពាណិជ្ជកម្ម។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់ទី​ភ្នាក់ងារ​ព័ត៌មាន​Reuters។​

លោក​ទាំង​ពីរ​បាន​ចូលរួម​កិច្ចប្រជុំ​មេដឹកនាំ​នៃ​កិច្ច​ប្រជុំ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​ហៅ​កាត់​ថា APEC ​ដែល​មាន ​២១ ​ប្រទេស​រៀបចំ​ ដោយ​ប្រទេស​ម៉ាឡេស៊ី​ តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ Trump​ ត្រូវ​បាន​ព្យាការណ៍​ថា​ បានបរាជ័យ​ក្នុង​ការ​បោះឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិកអាណត្តិ​ទី ២។​

មេ​ដឹកនាំ​អាស៊ី​ប៉ាស៊ីហ្វិក​បាន​អំពាវនាវ​ឱ្យ​មាន​ពាណិជ្ជកម្ម​បើក​ចំហ​និង​ពហុភាគី​កាន់តែ​ច្រើន​ ដើម្បី​គាំទ្រ​ដល់​ការ​ងើប​ឡើង​វិញនៃ​សេដ្ឋកិច្ច​ និង​ព្រមាន​ប្រឆាំង​នឹង​គោល​នយោបាយ​ពាណិជ្ជកម្ម​គាំពារនិយម​ ហើយ​លោក ​Xi Jinping​ បាន​និយាយ​ថា​ ឯកតោភាគីនិយម​បាន​បន្ថែម​ហានិភ័យ​ដល់​សេដ្ឋកិច្ច​ពិភពលោក។​

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ APEC​ ចុង​ក្រោយ ​ក្នុង​ឆ្នាំ​ ២០១៨ ប្រទេស​ជា​សមាជិក​មិន​បាន​ឯកភាព​លើ​សេចក្តី​ថ្លែង​ការណ៍​រួម​ជា​លើក​ដំបូង​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្លុក​នេះ ​នៅ​ពេល​សហរដ្ឋ​អាមេរិក​និង​ចិន​មិន​យល់ស្រប​គ្នា​លើ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ។​

លោក​ Trump​ បាន​ដាក់​ពន្ធគយ​លើ​ផលិតផល​ចិន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ ​ដែល​បាន​នាំ​ឲ្យ​មាន​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទាំង​ពីរ​ នៅ​លើ​ពិភពលោក​នេះ។​

នៅ​ក្នុង​សុន្ទរកថា​បើក​នៅ​ក្នុង​កិច្ច​ប្រជុំ​មេដឹកនាំ​នេះ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ លោក ​Muhyiddin Yassin ​បាន​និយាយ​ថា ​អាទិភាព​កំពូល​របស់​ប្លុក​នេះ ​គឺ​បញ្ជាក់​ការ​គាំទ្រ​និង​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​សម្រាប់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ផ្អែក​លើ​ច្បាប់។​

មេដឹកនាំ​អាស៊ី​ប៉ាស៊ីហ្វិក​មួយ​ចំនួន​បាន​សម្តែង​ក្តី​សង្ឃឹម​ថា ​រដ្ឋបាល​អាមេរិក​ថ្មី​របស់លោក Joe Biden ​នឹង​ចូលរួម​កាន់តែ​សកម្ម​និង​គាំទ្រ​ដល់​ពាណិជ្ជកម្ម​ពហុភាគី។​

លោក​ Trump ​បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀងដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ឬ TPP។​ សហរដ្ឋ​អាមេរិក​ក៏​មិន​បាន​ចូលរួម​ប្លុក​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ គឺ​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ចទូលំទូលាយ​ក្នុង​តំបន់ ហៅ​កាត់​ថា RCEP ដែល​ជា​កិច្ចព្រមព្រៀង ១៥ ​ប្រទេស​គាំទ្រ​ដោយ​ប្រទេស​ចិន ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពី​សប្តាហ៍​មុន។

លោក ​Trump​ ក៏​បាន​ខកខានចូលរួម​ការ​ប្រជុំ​របស់​មេដឹកនាំ​អាស៊ី​តាម​អនឡាញ​ចំនួន​ ២​ កាល​ពី​សប្តាហ៍​មុន ​គឺ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​មាន​សមាជិក ​១០ ​ប្រទេស​ និង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា (East Asia Summit)។

លោក​ Muhyiddin​ បាន​មាន​ប្រសាសន៍​ថា៖ «នេះ​គឺ​ចាំបាច់​សម្រាប់​ពាណិជ្ជកម្ម​របស់​យើង​ ព្រោះ​ស្ថិរភាព​ទីផ្សារ​និង​ការអាច​ព្យាករណ៍បាន​ គឺ​ជា​សសរ​គ្រឹះ​ដែល​ធានា​ថា ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​នៅ​តែ​បន្ត​ ទោះបី​ក្នុង​ពេល​មាន​វិបត្តិ​ក៏​ដោយ»។​

មេ​ដឹកនាំ​ផ្សេង​ទៀត​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​តាម​អ៊ីនធឺណិត​នេះ​ដែរ ​រួម​មាន​នាយករដ្ឋមន្រ្តី​នូវែលសេឡង់​អ្នកស្រី​ Jacinda Ardern​ នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ Yoshihide Suga​ ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladamir Putin​ និង​នាយករដ្ឋមន្ត្រី​កាណាដា​លោក​ Justin Trudeau៕

XS
SM
MD
LG