ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការកំណត់​​ទិស​ដៅ​ផលិត​រថយន្ត​​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន Toyota ជួប​បញ្ហា​ដោយ​សារ​កង្វះ​​គ្រឿង​អេឡិចត្រូនិក​រថយន្ត


រូបឯកសារ៖ ស្លាកសញ្ញា​ក្រុមហ៊ុន Toyota នៅ​កន្លែង​លក់​រថយន្ដ​របស់​ក្រុមហ៊ុន​ក្នុង​ក្រុង Lakewood រដ្ឋ Colorado សហរដ្ឋ​អាមេរិក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។ (AP Photo/David Zalubowski, File)

Toyota ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​លក់​ដាច់​ជាង​គេបំផុត​នៅ​លើ​ពិភព​លោក បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួនលែង​រំពឹង​ថា នឹង​អាច​ផលិត​រថយន្ត​ទៅតាម​គោលដៅ​កំណត់​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ដោយសារ​តែ​កំពុង​ជួប​បញ្ហា​នៃកង្វះ​ខាត​គ្រឿង​អេឡិចត្រូនិក​រថយន្ត​ជា​សាកល។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការ​ខ្វះខាត​គ្រឿង​អេឡិចត្រូនិក microchipដែល​ជា​គ្រឿង​បង្គុំ​ដ៏​សំខាន់​សម្រាប់​រថយន្ត​ទំនើប​នៅ​ទូទាំង​ពិភពលោក បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន​ដែល​ក្នុង​នោះក៏​មាន​ក្រុមហ៊ុន Toyota ផង​ដែរ បាន​ពន្យារពេល ​ឬ​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន។

កាល​ពី​ខែ​កញ្ញា ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​ជប៉ុន បាន​បញ្ចុះចំនួនរថយន្ត​ដែល​ខ្លួន​សង្ឃឹម​ថា នឹង​ផលិត​ក្នុង​មួយ​ឆ្នាំ​ទៅ​ដល់​ខែ​មីនា ឆ្នាំ២០២២នេះ​ ពី​ចំនួន៩លាន៣សែន​គ្រឿង​មក​ត្រឹម៩លាន​គ្រឿង។

ក៏ប៉ុន្តែ ក្រុមហ៊ុន​នេះ បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា ការកាត់បន្ថយ​នៃ​ការ​ផលិត​រថយន្ត​នៅ​ខែ​ក្រោយ​នេះ មាន​ន័យ​ថា ក្រុមហ៊ុន​ទំនង​មិន​អាច​សម្រេច​ការផលិត​រថយន្ត​របស់​ខ្លួន​ដូច​តាម​ការកំណត់​ទុក​នោះ​ឡើយ។

ក្រុមហ៊ុន Toyota បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «តម្រូវការនាពេល​បច្ចុប្បន្ន​នេះ​ គឺ​មាន​ការកើន​ឡើង​ខ្លាំង ដូច្នេះ​យើង​មាន​គម្រោង​នឹង​បង្កើន​ការផលិតឲ្យ​បាន​ខ្ពស់​នៅ​ក្នុង​ខែ​កុម្ភៈ​ខាង​មុខ​នេះ»។

ក៏ប៉ុន្តែ ដោយសារតែ​បញ្ហា​នៃ​ការបន្ត​ការខ្វះ​គ្រឿង​អេឡិចត្រូនិក Semiconductor ក្នុង​ឧស្សាហកម្ម​ផលិត​រថយន្ត​នោះ ក្រុមហ៊ុន Toyota បាន​និយាយ​ថា ខ្លួន​បាន​កាត់​បន្ថយ​ការផលិត​សម្រាប់​ទីផ្សារ​សាកល​លោក​របស់​ខ្លួន​មក​នៅត្រឹម​ប្រមាណ៧សែន​គ្រឿង​នៅ​ក្នុង​ខែ​កុម្ភៈ​ខាង​មុខ​នេះ គឺមាន​ចំនួន​១សែន​៥ម៉ឺនគ្រឿង​តិច​ជាង​កាលពី​ពេលមុន។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ហ៊ុន Toyota បន្ត​ទៀត​ថា៖ «ដោយសារ​ការ​សើរើ​ពិនិត្យ​មើល​ឡើង​វិញ ការ​ព្យាករ​ផលិតផល​មួយ​ឆ្នាំ​ពេញ​សម្រាប់​ឆ្នាំសារពើពន្ធ​ត្រូវបាន​គេ​រំពឹង​ទុក​ថា នឹង​មាន​ចំនួនទាប​ជាង​ការ​ព្យាករ​កាល​ពី​ពេល​មុន​ថា មាន​ចំនួន​៩លាន​គ្រឿង៕

XS
SM
MD
LG