ថ្វីបើប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្មហើយរដ្ឋសភាកាលពីឆ្នាំ២០០៧បានអនុម័តផ្តល់សច្ចាប័នទៅលើពិធីសារបន្ថែមប្រឆាំងនឹងការធ្វើទារុណកម្មឬក៏ពិធីសារបន្ថែមនៃគណៈកម្មការទប់ស្កាត់និងបង្កានៃការធ្វើទារុណកម្មក៏ដោយក៏ការធ្វើទារុណកម្មទៅលើជនសង្ស័យពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនៅតែកើតមានដដែល។ នេះបើតាមការរកឃើញរបស់អង្គការសិទ្ធិមនុស្ស។
អង្គការសិទ្ធិមនុស្សលីកាដូបានរកឃើញថាចាប់តាំងពីឆ្នាំ២០០៨មកដល់ពេលបច្ចុប្បន្ននេះមានចំនួន៥០០ករណីដែលសមត្ថកិច្ចនៅតាមមូលដ្ឋានបានវាយធ្វើបាបនិងធ្វើទារុណកម្មទៅលើជនសង្ស័យដើម្បីយកចម្លើយ។
នៅក្នុងរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស លីកាដូបានស្រង់យកសំដីរបស់ជនរងគ្រោះម្នាក់ដែលបានរៀបរាប់ពីការធ្វើទារុណកម្មដោយវាយដំ ពីសំណាក់សមត្ថកិច្ចប៉ូលិសរហូតដល់សន្លប់ដើម្បីឱ្យជនរងគ្រោះទទួលសារភាព។
តាមការស្រាវជ្រាវរបស់អង្គការលីកាដូបានឱ្យដឹងថាមានអ្នកទោសបានរៀបរាប់ពីសកម្មភាពដែលខ្លួនបានទទួលរងការវាយដំ ទាត់ ទះ ឬដាល់ជារើយៗ រហូតដល់អ្នកទាំងនោះហូរឈាម និងសន្លប់។
ឧបករណ៍ដែលត្រូវប្រើប្រាស់ក្នុងការវាយដំសួរចម្លើយរួមមាន៖ កាំភ្លើង ដំបងឈើ ដំបងដែក និងដំបងឆក់។ចំណែកឯអ្នកទោសនៅតាមពន្ធនាគារមួយចំនួនត្រូវបានគេវាយដំ ឱ្យដួលនៅលើដី រួចចាប់សក់អូសពីលើដី និងបង្ខំឱ្យឈររយៈពេលយូរនិងអ្នកទោសមួយចំនួនខ្លះទៀតត្រូវបានឆ្មាំពន្ធនាគារឈរនិងជាន់លើដងខ្លួននិងមុខព្រមទាំងត្រូវបានគេបង្ខំយកវត្ថុដាក់ក្នុងមាត់ ឈរក្រោមកំដៅថ្ងៃ និង បង្អត់ខ្សល់អុកស៊ីហ្សែនជាដើម។
លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូមានប្រសាសន៍ថាការធ្វើទារុណកម្មពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចមិនបានថយចុះទេ។ លោកបានឱ្យដឹងថាមូលហេតុនៃការប្រើប្រាស់ការធ្វើទារុណកម្មដើម្បីយកចម្លើយនេះជាទម្លាប់របស់សមត្ថកិច្ច។ ក៏ប៉ុន្តែលោកមិនដែលឃើញសមត្ថកិច្ចដែលបានប្រព្រឹត្តទទួលទោសទេ។
លោកបាននិយាយថា៖ «ជារៀងរាល់ដងនៅពេលដែលយើងជួបអ្នកដែលរងការធ្វើទារុណកម្មគឺនៅពេលដែលសាកសួរយកចម្លើយហ្នឹងឯង។ អញ្ចឹងអ្វីដែលទប់ស្កាត់បាន ខ្ញុំគិតថាមានតែមន្ត្រីតុលាការជាពិសេសដំណាក់កាលនៃព្រះរាជអាជ្ញាដែលអាចបដិសេធឬក៏ចាប់ផ្តើមសាកសួរអំពីបញ្ហាទារុណកម្មនេះ»។
ថ្ងៃព្រហស្បតិ៍គឺជាទិវាអន្តរជាតិការពារជនរងគ្រោះនៃអំពើទារុណកម្ម។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថាក្រសួងមហាផ្ទៃបានណែនាំមិនឱ្យសមត្ថកិច្ចប្រើប្រាស់ការធ្វើទារុណកម្មដើម្បីយកចម្លើយទៅលើជនសង្ស័យទេ។
លោកបានបញ្ជាក់ថាប្រសិនណាបើមានពាក្យបណ្តឹងក្រសួងនិងធ្វើការស៊ើបអង្កេតដើម្បីនាំយកសមត្ថកិច្ចដែលប្រព្រឹត្តខុសទៅផ្តន្ទាទោស។
លោកនិយាយថា៖ «ក្រមសីលធម៌របស់នគបាលមានបទបញ្ជា០០៦មួយហើយប្រសិនបើមានករណីដែលកើតឡើងមែន។ ទី១យើងទទួលពាក្យបណ្តឹងអំពីជនរងគ្រោះ ទី២យើងធ្វើការស៊ើបអង្កេត។យើងអនុវត្តនូវបទបញ្ជា០០៦។ ក្នុងករណីធ្ងន់ធ្ងរយើងបណ្តេញចេញ អ្នកដែលបានធ្វើនោះពីក្របខណ្ឌនគបាលជាតិនិងបញ្ជូនទៅតុលាការដើម្បីធ្វើការវិនិច្ឆ័យទោសតាមច្បាប់»។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ លោកស្រី ណាលី ពីឡុច នាយិការអង្គការលីកាដូមានប្រសាសន៍ថាអាជ្ញាធរហាក់បីដូចជាមិនមានសមត្ថភាពក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះការបញ្ចប់អំពើទារុណកម្មនៅក្នុងប្រទេសកម្ពុជាទេ៕