ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការ​បរទេស​ស.រ.អា.បាន​រិះគន់​ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា


ទិដ្ឋភាព​ទូទៅ​មួយ​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​Washington។ (file photo)
ទិដ្ឋភាព​ទូទៅ​មួយ​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​Washington។ (file photo)
ក្រសួងការ​បរទេស​ស.រ.អា.បាន​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​នៅមាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ស្ថាប័ន​ជាច្រើន​ ដូចជា​តុលាការ​ ដែល​មិនបាន​ផ្តល់ការ​កាត់​ទោស​ដោយ​យុត្តិធម៌​ មន្ត្រី​សន្តិសុខ​ត្រូវ​គេ​រាយ​ការណ៍​មក​ថា​ បាន​ប្រព្រឹត្ត​ការ​សម្លាប់​ដោយ​អំពើ​ចិត្ត​ ការ​រំខាន​របស់​រដ្ឋាភិបាល​ចំពោះ​សិទ្ធិ​ជួប​ប្រជុំ​ជាច្រើន​លើក​បណ្តាញ​ព័ត៌មាន​ និងលម្អៀង​ទៅ​គណបក្ស​កាន់​អំណាច ​អ្នកបោះ​ឆ្នោត​ត្រូវ​គេ​ដក​សិទ្ធិ​បោះឆ្នោត ​ដោយសារ​ស្ថាប័ន​បោះឆ្នោត​មានការ​ចាត់ចែង​មិនល្អ​ អំពើ​ពុករលួយ​នៅ​រីករាល​ដាល​ អំពើ​ជួញដូរ​មនុស្ស​នៅ​បន្ត​កើតមាន​ សន្តិសុខ​ មន្ទីរ​ឃុំ​ឃាំង​រំលោភ​សិទ្ធិ​អ្នក​ជាប់​ឃុំ​ ជម្រិត​យក​ចម្លើយ​ជាដើម។​ របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​នៅ​សប្តាហ៍​នេះ​បាន​សង្កត់​ធ្ងន់​ថា៖​

«បន្ថែម​ពីលើ​ដំណើរការ​បោះឆ្នោត​ដែល​មាន​ភាព​មិន​ប្រក្រតី​នោះ​ មាន​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​លេចធ្លោ​ចំនួន​បី​គឺ​តុលាការ​គ្មាន​ប្រសិទ្ធិភាព​ ហើយ​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​បម្រើ​នយោបាយ​ ការដាក់​កំហិត​ចំពោះ​សេរីភាព​សារព័ត៌មាន​និង​សិទ្ធិ​សេរីភាព​នៃ​ការ​ជួបប្រជុំ​ ហើយ​នឹង​ការរំលោភ​សិទ្ធិ​អ្នក​ជាប់​ឃុំឃាំង»។​

របាយ​ការណ៍​នេះ​ក៏បាន​និយាយ​ដែរ​ថា​ ការ​រៀបចំ​ការបោះ​ឆ្នោត​ខ្វះ​ការ​ជឿ​ទុក​ចិត្ត ​ធ្វើឲ្យ​គណបក្ស​ជំទាស់​បដិសេធ​មិន​ចូល​ប្រជុំ​សភា៖​

«គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ខកខាន​ក្នុង​ការ​ដោះស្រាយ​ចំណុច​ ខ្សោយ​ដ៏ជាក់​លាក់​មួយ​ចំនួន​ដែល​លើក​ឡើង​ដោយ​ក្រុម​សង្គម​ស៊ីវិល ​និង​អង្គការ​អន្តរជាតិ​ ទោះជា​មានការ​ជូន​ដំណឹង​គ្រប់គ្រាន់​ក្តី។​ ជា​លទ្ធផល ​ទិដ្ឋភាព​សំខាន់ៗ​ខ្លះនៃ​ដំណើរការ​បោះឆ្នោត​ មុន​ពេល​បោះឆ្នោត​ ​ក្នុងពេល​បោះឆ្នោត​ និង​ក្រោយ​ពេល​បោះឆ្នោត​មាន​លក្ខណៈ​មិន​តម្លាភាព​ និង​ឯករាជ្យ»។​

របាយ​ការណ៍​នេះ​ទៀត​ក៏​បាន​លើក​ឡើង​អំពី​ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តន្ទា ទោស​មន្ត្រី​មួយ​ចំនួន​ចំពោះ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ផង​ដែរ ​ទោះជា​យ៉ាង​ណាក្តីអំពើ​ពុក​រលួយ​សំខាន់ៗ​នៅតែ​បន្តរួច​ទោស។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា​ បាន​អះអាង​ថា ​របាយ​ការណ៍​របស់​ក្រសួង​ការ​បរទេស​ស.រ.អា.​ជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ស.រ.អា.​ចំពោះ​កម្ពុជា ​ហើយ​ក៏បាន​ទទួល​ស្គាល់​ថា​ ជា​របាយ​ការណ៍​មាន​ការណ៍​ពិតខ្លះ​ មិន​ពិតខ្លះ។​

«ក៏ប៉ុន្តែ​ព័ត៌មាន​មួយ​ចំនួន​គឺវា​មិន​បង្ហាញ​អំពីការណ៍​ពិត​១០០​ភាគ​រយ​ទេ ​គ្រាន់តែ​បាន​ពាក់​កណ្តាល​ការណ៍​ពិត​ អាស្រ័យ​ដោយ​ពេល​វេលា​ចេះតែ​បន្តមក។​ ហើយ​អ្វីៗ ​ដែល​កម្ពុជា​កំពុង​តែ​មាន​ការពិសោធន៍​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​ ដូចជា​ការ​ធ្វើ​លទ្ធិ​ប្រជា​ធិបតេយ្យ​ភាវូប​នីយ​កម្ម​ ​democratization ​នោះ​គឺ​យើង​បាន​បន្ត​ត​ទៅ​ទៀត»។​

លោក​បាន​លើក​យក​បញ្ហា​ដែល​កម្ពុជា​កំពុង​រៀនសូត្រ​អំពី​អំណាច​រាស្ត្រ​និង​ អំណាច​រដ្ឋ​ ជា​ពិសេស​លើ​បញ្ហា​ទាក់ទង​នឹង​បាតុកម្ម​រាប់ពាន់​នាក់​ ឬរាប់​ម៉ឺននាក់​នៅ​តាម​ដងផ្លូវ​ ដែល​លោក​ថា​ ប្រវត្តិ​សាស្ត្រ​សង្គម​កម្ពុជា​មិន​ដែលជួប​ប្រទះ។​

ទោះជា​យ៉ាងណា​ក៏​ដោយ​ លោក​ស៊ួនប៊ុន ស័ក្ត​ ប្រធាន​លេខាធិការ​ដ្ឋាន​នៃ​អង្គការ​ប្រព្រឹត្តិកម្ម​ដែលមាន​អង្គការ​សមាគម​២០​រួមគ្នា​តែមួយ​នោះ​ បាន​ថ្លែង​ថា​ របាយ​ការណ៍​ក្រសួង​ការ​បរទេស​ស.រ.អា.​ឆ្លុះ​បញ្ចាំង​ពី​ការណ៍ពិត​នៅ​កម្ពុជា​យ៉ាង​ច្រើន​ ទាំង​ការ​រំលោភ​សិទ្ធិមនុស្ស​ បញ្ហា​បោះឆ្នោត​ សិទ្ធិ​សេរីភាព​ចំពោះ​ការ​ជួប​ប្រជុំ​ដែល​រដ្ឋាភិបាល​មាន​ការ​រិតត្បិត។​

«ឧទាហរណ៍​ជាក់ស្តែង​ សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ជួប​ប្រជុំ​ជាដើម​នេះ​ យើង​ឃើញ​ថា ​សិទ្ធិនេះ​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា ​ក៏ដូច​ជា​នៅ​ក្នុង​ កតិការ​សញ្ញា​ពលរដ្ឋ​ និង​នយោបាយ​ ដែល​ភាគី​កម្ពុជា​ជា​ហត្ថលេខី ហើយ​បាន​ ធានា​សិទ្ធិ​ និង​ទទួល​ស្គាល់​នៅ​ក្នុង​ហ្នឹង។​ ក៏​ប៉ុន្តែ​ថ្មីៗ​នេះ ​យើង​ឃើញ​ថា​ មាន​ប្រជា​ពលរដ្ឋ​គាត់​បាន​ប្រើប្រាស់​ក្នុង​ការ​ជួបជុំ ​ដើម្បី​បញ្ចេញ​មតិ​ផ្សេងៗ​ហ្នឹង​គឺ​ដូច​ជា​មិន​ទទួល​បាន​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​រដ្ឋ​ ក៏ប៉ុន្តែ​ទទួល​បាន​ការ​បំបែក​ដោយ​ ចាស់​ដៃ​ ដោយ​ហិង្សា​ទៅវិញ»។​

លោក​បាន​លើក​យក​បាតុករម្ម​តវ៉ា​នៅ​សួន​ប្រជា​ធិបតេយ្យ​ដែល​ត្រូវ​បំបែក​និង​បាតុកម្ម​របស់​កម្មករ​រោងចក្រ​ទាមទារ​ប្រាក់ខែ​គោល​ដល់​១៦០​ដុល្លារ​កាល​ពី​ដើម​ខែ​មករា​ដែល​មាន​មនុស្ស​ស្លាប់​៥​នាក់​ និង​ចាប់ខ្លួន​២៣​នាក់។ ​មកទល់​ពេលនេះ​មាន​ការ​ដោះលែង​តែពីរ​នាក់​ប៉ុណ្ណោះ។​
លោក​បាន​ថ្លែង​ដែរ​ថា​ ប្រទេស​កម្ពុជា​អាច​នឹង​ធ្វើ​ឲ្យ​ប្រសើរ​បាន​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​ ប្រសិន​បើ​អាជ្ញាធរ​យក​ច្បាប់​កម្ពុជា​ដែល​មាន​គ្រប់គ្រាន់​នោះ​មក​អនុវត្ត។​

របាយ​ការណ៍​សិទ្ធិ​មនុស្ស​របស់​ក្រសួង​ការ​បរទេស​ស.រ.អា.​ដដែល​ក៏​បាន​និយាយ​ អំពី​ការ​ធ្វើ​ទារុណកម្ម​អ្នក​ជាប់​ពន្ធធនាគារ ​ដោយ​ឃោរឃៅ​ និងអមនុស្ស​ធម៌​ក្នុង​ទី​ឃុំឃាំង​របស់​ប៉ូលិស​ និងក្នុង​គុក​ផង​ដែរ។​

ទម្រង់​នៃ​ការ​ធ្វើ​ទារុណកម្ម​នោះ​កើត​មាន​ចំពោះ​អ្នកជាប់​ពន្ធនាគារ​២៩​ករណី​ក្នុង​ កន្លែង​ឃុំឃាំង​ប៉ូលិស ​និង​១​ករណី​ក្នុង​ពន្ធនាគារ​គឺ​ទាក់​ទង​ទៅនឹង​ការ​វាយ​នឹង​កាំភ្លើង​ ទះកំភ្លៀង ​ទាត់ ​ធាក់ ​ខ្ទប់ផ្លូវ​ដង្ហើម​ ឆក់ខ្សែ​ភ្លើង​ ការធ្វើទារុណ​កម្ម​លើរូប​រាង​កាយ​ការ​វាយ​នឹង​ខ្សែតី​ជាដើម​ បន្ថែម​ពី​ទម្រង់​នានា​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​អ្នក​ទោស​ក្នុង​ពន្ធនាគារ​ផង​នោះ៕
XS
SM
MD
LG