ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​៨០០០គ្រួសារ​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់


ទឹកហូរ​ចូល​ផ្ទះមួយខ្នង​របស់​​អ្នកភូមិ​ ក្រោយការ​បាក់​ទំនប់​អាងទឹក​មួយដោយសារភ្លៀងធ្លាក់ខ្លាំង ​ក្នុង​ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ ថ្ងៃទី​១១ ខែ​សីហា​ ឆ្នាំ​ ២០១៩​។ (ហ៊ុល រស្មី​/VOA)
ទឹកហូរ​ចូល​ផ្ទះមួយខ្នង​របស់​​អ្នកភូមិ​ ក្រោយការ​បាក់​ទំនប់​អាងទឹក​មួយដោយសារភ្លៀងធ្លាក់ខ្លាំង ​ក្នុង​ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ ថ្ងៃទី​១១ ខែ​សីហា​ ឆ្នាំ​ ២០១៩​។ (ហ៊ុល រស្មី​/VOA)

តួលេខ​ចុង​ក្រោយ​បង្ហាញ​ថា ​ប្រជា​ពលរដ្ឋ​៦០០០​គ្រួសារ​និង​ដី​ស្រែ​ចម្ការ​​ជាង​៥០០០​ហិកតា​រង​ផ​ល​ប៉ះពាល់​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង។​ មន្ត្រី​មាន​សមត្ថ​កិច្ច​​បញ្ជាក់​ថា​ ទឹក​ជំនន់​ចាប់​ផ្តើម​ស្រក​ទៅ​វិញ​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ​ប៉ុន្តែ​ភ្លៀង​អាច​នៅ​បន្ត​ធ្លាក់​ជា​បន្ត​ទៀត។

ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់បាន​កើន​ដល់៧៩៩៩​គ្រួសារ​ហើយ​ បើ​ទោះ​បី​ជា​ជំនន់​ទឹក​ភ្លៀង​ចាប់​ផ្តើម​ស្រក​ចុះ​វិញ​ក៏ដោយ។ ​ដោយ​ឡែកស្រែ​ចម្ការរបស់​ប្រជា​ពល​រដ្ឋ​ដែល​ត្រូវជន់​លិច​បាន​កើន​ដល់​ជាង​៥២០០​ហិកតា។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ទទួល​បន្ទុក​គ្រប់​គ្រង​គ្រោះ​មហន្តរាយនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ក្នុង​សន្និសីទ​ព័ត៌មាន​ស្តី​ពីបច្ចុប្បន្ន​ភាព​គ្រោះ​ទឹកជំនន់​ រៀប​ចំឡើង​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​នោះ​ ​លោក​កែវ វី​ អ្នកនាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ មាន​ប្រសាសន៍ថា​ ការ​ធ្លាក់​ភ្លៀង​ខ្លាំងបានបង្ក​ការ​រំខាន​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ ហើយ​សាលា​រៀន​ និង​វត្តអារាមបាន​ជន់លិច​ ខណៈ​ពលរដ្ឋ​ជិត១០០០​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព។​ ដំណាំ​ស្រូវ​ប្រមាណ​៣០០​ហិកតា​ក៏រង​ការ​ខូច​ខាត។​

«យើង​មាន​ការ​លិច​សាលា​រៀន​ចំនួន​២២​ លិច​វត្ត​អារាម​ចំនួន​៩​ ហើយ​មាន​ការ​ជម្លៀស​គោ​ ​ក្របី​មក​ទីទួល​សុវត្ថិភាព​ចំនួន​៥៤៤៧​ក្បាល​ មាន​លិច​ដំណាំ​ស្រូវ​ចំនួន៥២០៨​ហិកតា​ ភាគ​ច្រើន​គឺ​នៅ​ក្នុង​ខេត្ត​រតនគិរី​ និង​នៅ​ក្នុង​ខេត្ត​កំពត​ ហើយ​ក្នុង​ហ្នឹង​មាន​ការ​ខូច​ខាត​៣០០​ហិកតា​នៅ​ក្នុង​ខេត្ត​រតនគិរី»។​

ទិន្នន័យ​ប៉ះពាល់​ និង​ខូច​ខាត​ដោយ​ជំនន់​ទឹក​ភ្លៀងឆ្នាំ​២០១៩របស់​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយបាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ថា​ ជំនន់​ទឹក​ភ្លៀង​បាន​វាយ​ប្រហារ​ខេត្ត​ចំនួន​ប្រាំបី​នៅ​ក្នុង​ប្រទេស​ រួម​មាន​ខេត្ត​ព្រះ​សីហនុ​ កំពត​ ​កោះកុង​ កែប​ រតនគិរី​ មណ្ឌល​គិរី​ បាត់​ដំបង​ និង​ខេត្ត​កំពង់​ធំ។

ទិន្នន័យ​ដដែល​បញ្ជាក់​ថា​ មាន​ផ្ទះ​ចំនួន​៦៨៩៨​ខ្នង​បាន​រងផល​ប៉ះពាល់ ប៉ុន្តែ​មាន​តែ​ផ្ទះ​ចំនួន​២​ខ្នង​ប៉ុណ្ណោះ​ដែល​រង​ការ​ខូច​ខាត។​

ក្រៅពី​ដំណាំ​ស្រូវ​ ដំណាំ​រួម​ផ្សំ​ផ្សេង​ទៀត​បាន​ខូច​ខាត​មាន​ចំនួន​៩៤០​ហិកតា។ ​ហេដ្ឋា​រចនា​សម្ព័ន្ត​ផ្លូវ​ថ្នល់​មួយ​ចំនួន​បាន​រង​ផល​ប៉ះពាល់​តែ​មិន​ខូច​ខាត​ ក្នុង​នោះ​មាន​ផ្លូវ​កៅ​ស៊ូ​ និង​ផ្លូវ​បេតុង​ប្រាំ​មួយ​ខ្សែ ផ្លូវ​លំ​៦៩​ខ្សែ​ និង​ស្ពាន​២៣​កន្លែង​ក៏​រង​ផល​ប៉ះពាល់។ ​មាន​ការ​បាក់​ច្រាំង​ទន្លេ​ប្រវែង​៧៥០​ម៉ែត្រ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ និង​ទំនប់​មួយ​បាន​ខូច​ខាត​ក្នុង​ខេត្ត​កំពត។​

ទោះ​ជា​យ៉ាង​ណា​ រហូត​មក​ដល់​ពេល​នេះ​ ស្ថាន​ភាព​ជំនន់​ទឹក​ភ្លៀង​បាន​ធូរ​ស្រាល​មក​វិញ​ តែ​រដ្ឋាភិបាល​នៅ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​ណាមួយ​ ខណៈ​ពេល​ទឹក​ភ្លៀង​អាច​នៅ​បន្ត​ធ្លាក់​ចុះ។​ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុម​មន្ត្រី​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​នេះ។​

លោក​លឹម គានហោ​ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បាន​អះ​អាង​នៅ​ចំពោះ​អ្នក​កាសែត​ថា​ ជំនន់​ទឹក​ភ្លៀង​នៅ​កម្ពុជាគឺ​មិន​អាក្រក់​ខ្លាំង​ដូច​នៅ​ប្រទេស​ក្បែរ​ខាង​កម្ពុជា​នោះ​ឡើយ។​

«យើង​មើល​បណ្តា​ប្រទេស​ជិត​ខាង​យើង​ ជំនន់​ខ្លាំង​ដូច​គ្នា​ហើយ​មាន​ស្លាប់​ច្រើន​ណាស់​ យើង​នៅ​ចំនួន​តិចតួច​ទេ។​ សុំទោស​ខ្ញុំ​លើក​នេះ​មិនមែន​ប្រមាថ​ទៅ​ដល់​អាយុ​ជីវិត​បង​ប្អូន​ប្រជា​ពល​រដ្ឋ​យើង​ដែល​លោក​បាន​បាត់​បង់​ជីវិត​ដោយ​គ្រោះ​មហន្ត​រាយ​នេះ​ទេ។​ តែ​យើង​ក៏ត្រូវ​ពិចារណា​មើល​ប្រទេស​ជិត​ខាង​របស់​យើង»។​

ជំនន់​ទឹក​ភ្លៀងនៅ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩​នេះ បាន​ឆក់​យក​អាយុ​ជីវិត​មនុស្ស​ចំនួន​បួន​នាក់។ ​ក្នុង​នោះ​បី​នាក់​ជា​កម្មករ​ និង​មេការ​សំណង់​ក្នុង​ក្រុង​ព្រះ​សីហនុ​និង​ម្នាក់​ទៀត​ជា​កុមារី​អាយុ​១៥​ឆ្នាំ​ក្នុង​ខេត្ត​រតនគិរី៕

XS
SM
MD
LG