ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ជាង​៦០០០គ្រួសារ​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំនន់​ទឹកភ្លៀង


លំនៅដ្ឋាន​រងការ​លិចលង់​ដោយ​សារ​ទំនប់​អាង​ទឹក​ឈ្មោះ​ទំនប់​​ប្រទាក់​ក្រឡា​ ក្នុង​ឃុំ​កូនសត្វ​ ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ បាន​បាក់​ ក្រោយ​ភ្លៀង​​ធ្លាក់​ជាប់ៗ​គ្នា​ប្រហែល​ពីរ​សប្តាហ៍​មក​នេះ។ (ហ៊ុល រស្មី/VOA)

ទឹក​ជំនន់​នៅ​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឲ្យ​​ប្រជាពល​រដ្ឋ​ជាង​៦០០០​គ្រួសារ​​រង​ផល​ប៉ះពាល់​ ក្នុង​នោះ​ដី​ស្រែ​ វត្តអារ៉ាម​និង​សាលា​រៀន​មួយ​ចំនួន​ក៏​កំពុង​ស្ថិត​ក្នុង​ការ​ជន់​លិច​ផងដែរ។ ប៉ុន្តែ​ខណៈ​ដែល​ខេត្ត​មួយ​ចំនួន​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់ ខេត្ត​មួយ​ចំនួន​បែរ​ជា​ស្ថិត​ក្នុង​គ្រោះ​រាំងស្ងួត​ទៅវិញ។

យ៉ាងហោច​ណាស់​មាន​ប្រជា​ពលរដ្ឋ​ចំនួន​៦៣៦២គ្រួសារ​ កំពុង​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់នៅ​ក្នុង​ប្រទេស​កម្ពុជា។​ នេះ​បើ​យោង​តាម​មន្ត្រីផ្លូវ​ការ​កម្ពុជា​ដែល​បាន​ប្រាប់​វីអូអេនៅថ្ងៃ​អង្គារ​នេះ។

លោក​ កែវ វី អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឲ្យ​ដឹង​ថា ជន​រង​គ្រោះដោយ​សារ​ទឹក​ជំនន់​ទាំង​នេះ​ស្ថិត​ក្នុង​ខេត្ត​ចំនួន​ប្រាំមួយ​ រួម​មាន​ខេត្ត​ព្រះសីហនុ​ កំពត​ កែប កោះកុង រតនៈគិរី​ និងខេត្តមណ្ឌល​គិរី។

លោក​ កែវ វី បញ្ជាក់​បន្ថែម​ថា​ ដី​ស្រែ​ចំនួន​ជាង​៣១០០​ហិកតាត្រូវ​បាន​ជន់​លិច​ ហើយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​រង​ការ​ខូច​ខាត​ សាលា​រៀន​ចំនួន​១៩និង​វត្ត​ចំនួន​ប្រាំបី​ក៏​ត្រូវ​លិច​ទឹក​ផង​ដែរ។

អ្នក​នាំពាក្យ​ដដែល​បន្ត​ថា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ស្ថិត​ក្នុង​ស្ថាន​ភាព​ត្រៀម​បម្រុង​សម្រាប់​ជួយ​អន្តរាគម​ដល់​ក្រុម​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​នេះ។

«គឺ​ថា​យើង​នៅ​ក្នុង​ប្រព័ន្ធ​ត្រៀម​បម្រុង​របស់​រដ្ឋាភិបាល​ គឺ​អត់​ទាន់​មាន​បញ្ចេញ​ទេ​ ប៉ុន្តែ​ជាបន្ត​បន្ទាប់​យើង​អាច​នឹង​មាន​ការ​បញ្ចេញ​ជា​ស្រូវ​ពូជ​ ជាគ្រាប់​ពូជ​ បន្លែ​អី ដល់​ប្រជាពលរដ្ឋ»។

មន្ត្រីប៉ូលិសកំពុងជួយសង្គ្រោះប្រជាពលរដ្ឋពីតំបន់ទឹកលិចដោយសារភ្លៀងធ្លាក់ខ្លាំងដែលបង្កជាទឹកជំនន់ នៅខេត្តព្រះសីហនុ។
មន្ត្រីប៉ូលិសកំពុងជួយសង្គ្រោះប្រជាពលរដ្ឋពីតំបន់ទឹកលិចដោយសារភ្លៀងធ្លាក់ខ្លាំងដែលបង្កជាទឹកជំនន់ នៅខេត្តព្រះសីហនុ។

ទោះជា​យ៉ាង​ណា​ ពុំ​ទាន់​មាន​ការ​វាយតម្លៃ​ពី​ការ​ខូច​ខាត​និង​ផល​ប៉ះពាល់​ដោយសារ​ទឹក​ជំនន់​ថា​ មាន​ទំហំ​ទឹក​ប្រាក់​ប៉ុន្មាន​នៅ​ឡើយ​ទេ។

ភ្លៀងបាន​ធ្លាក់​យ៉ាង​ច្រើន​នៅ​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ដែល​ធ្វើ​ឲ្យ​ខេត្ត​ភាគ​ឦសាន​និង​ខេត្ត​ជាប់​មាត់​សមុទ្រ​ទទួល​រង​ផល​ប៉ះពាល់​ច្រើន​ជាង​គេ។ ក្នុង​នោះ​មាន​ខេត្ត​រតនគីរី មណ្ឌល​គីរី ខេត្ត​ព្រះសីហនុ ខេត្ត​កោះកុង​ និង​ខេត្ត​កែប។

រហូត​មក​ទល់​ពេល​នេះ​មាន​មនុស្ស​ចំនួន​បួន​នាក់​បាន​ស្លាប់ដោយ​សារ​ទឹក​ជំនន់​ និង​ប្រជាពល​រដ្ឋ​ចំនួន១៣៤២​គ្រួសារ​ត្រូវ​បាន​ជម្លៀសទៅ​កាន់​ទី​កន្លែង​សុវត្ថិភាព។

VOA ​មិនទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក​ ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បាន​ទេ​ នៅថ្ងៃ​អង្គារ​នេះ។ តែលោក​ប្រាប់ VOA កាលពីថ្ងៃ​ច័ន្ទថា​ កម្រិត​ទឹក​ក្នុង​ខេត្ត​ចំនួនបួន គឺ​ខេត្ត​រតនគិរី ព្រះសីហនុ កោះកុង បាត់ដំបង ដែល​បាន​ជន់​កន្លង​មក កំពុង​ស្រក​ជា​បន្ត​បន្ទាប់។ យ៉ាង​ណាក្តី​ លោក​ថា សម្រាប់​ខេត្ត​ពោធិ៍សាត់ ទឹក​កំពុង​ជន់​ឡើង ដែល​អាច​នឹង​លិច​នៅ​តំបន់​ទំនាប។

ក្រសួង​ធនធាន​ទឹកនិង​ឧតុនិយមបានជូន​ដំណឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ដែរ​ថា ​ភ្លៀង​នឹង​បន្ត​ធ្លាក់​រហូត​ដល់​ថ្ងៃទី​១៦​ខែ​សីហា។​ ហើយ​ខេត្ត​ដែល​ស្ថិត​នៅ​តាម​តំបន់​មាត់​សមុទ្រ​ អាច​ប្រឈម​នឹង​ការ​ជន់​លិច​បន្ត​ទៀត។

ស្រប​ពេល​ដែល​ខេត្ត​មួយ​ចំនួនទទួល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់ បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ ដូច​ជា​ខេត្ត​បន្ទាយ​មាន​ជ័យ​ ប៉ៃលិន​ និង​ខេត្ត​ឧត្តរមាន​ជ័យកំពុង​ជួប​ប្រទះ​នូវ​គ្រោះ​រាំង​ស្ងួត។ នេះបើយោង​តាម​សេចក្តី​ប្រកាស​ចុង​ក្រោយ​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ កាល​ពីថ្ងៃទី​៩​ ខែ​សីហា៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG