យ៉ាងហោចណាស់មនុស្សបួននាក់បានស្លាប់ដោយសារទឹកជំនន់នៅក្នុងខេត្តព្រះសីហនុ និងនៅខេត្តរតនគិរី។ នេះបើយោងតាមក្រុមមន្ត្រីផ្លូវការកម្ពុជានៅថ្ងៃសុក្រនេះ។
លោកឆៃ គ័រឈីង អាយុ៤៥ឆ្នាំ ជាមេការសំណង់ជនជាតិចិន និងពីរនាក់ផ្សេងទៀតជាប្តីប្រពន្ធជនជាតិខ្មែរ ដោយប្តីឈ្មោះស៊ុន គឹមសាន អាយុ ៥៤ឆ្នាំ និងប្រពន្ធឈ្មោះសេង ញ៉េន អាយុ៥៦ បានស្លាប់ដោយសារការបាក់របងសង្កត់នៅក្នុងទីតាំងពីរផ្សេងគ្នាក្នុងខេត្ត និងក្រុងព្រះសីហនុ។ របងនេះរលំដោយសារទឹកហូរបុក។ ជនរងគ្រោះពីរនាក់ប្តីប្រពន្ធនេះមកពីខេត្តកំពង់ចាម។ ដោយឡែកក្មេងស្រីម្នាក់អាយុ១៥ឆ្នាំបានស្លាប់ដោយលង់ទឹកក្នុងខេត្តរតនគិរីដែលកំពុងតែជន់លិច។
លោកឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ពីការស្លាប់របស់ជនរងគ្រោះទាំងបីនាក់នេះ។ ហើយលោកបន្ថែមថា ប្រជាពលរដ្ឋម្នាក់កំពុងបាត់ខ្លួនក្នុងគ្រោះទឹកជំនន់នេះ។
«បច្ចុប្បន្នភាពចុងក្រោយនៅស្រុកព្រៃនប់ តាមព័ត៌មានដែលយើងទទួលបានថា មានបាត់ខ្លួនប្រជាពលរដ្ឋម្នាក់ដែលនៅក្នុងឃុំជងគោ បាទ។ តែឥឡូវនេះ សមត្ថកិច្ចលោកកំពុងតែស្វះស្វែងរកហើយ បាទ»។
លោកយូ វាសនា ពលរដ្ឋម្នាក់រស់នៅក្នុងក្រុងព្រះសីហនុ និងជាសកម្មជនការពារសិទ្ធិមនុស្សរបស់សហព័ន្ធសហគមន៍កសិករកម្ពុជា ហៅកាត់ថា (CCFC) បានឲ្យដឹងដែរថា ជនរងគ្រោះទាំងបីបានស្លាប់កាលពីព្រឹកថ្ងៃសុក្រនេះនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងនៅក្នុងសង្កាត់លេខមួយ ក្រុងព្រះសីហនុ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សាលារដ្ឋបាលខេត្តព្រះសីហនុ ស្ថានភាពភ្លៀងបានបង្អុរធ្លាក់ឥតឈប់ឈរកាលពីយប់ថ្ងៃទី៨ រហូតមកដល់ព្រឹកថ្ងៃទី៩ ខែសីហានេះ។ តំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុកំពុងប្រឈមនឹងការលិចដោយជំនន់ទឹកភ្លៀង។ ហើយទ្រព្យសម្បត្តិមួយចំនួនរបស់ប្រជាពលរដ្ឋរងការខូចខាត ក្នុងនោះមានដូចជារថយន្ត ម៉ូតូនិងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនផ្សេងទៀត។
ដំណាលគ្នានេះ អាជ្ញាធរខេត្តរតនគិរីបានជម្លៀសប្រជាពលរដ្ឋចំនួន៥០០គ្រួសារចេញពីតំបន់ជាប់ទន្លេស្រែពកក្នុងស្រុកលំផាត់ ដែលទឹកជំនន់កំពុងមានសន្ទុះខ្លាំង។
លោកនាង សំអាត នាយករដ្ឋបាលសាលាខេត្តរតនគិរី បានប្រាប់វីអូអេនៅល្ងាចថ្ងៃសុក្រនេះថា កំពស់ទឹកទន្លេស្រែពកបានហក់ឡើងដល់១៣ម៉ែត្រគឺហួសកម្រិតប្រកាសអាសន្នចំនួនពីរម៉ែត្រ។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៩ខែសីហានេះបានឲ្យដឹងថា ខេត្តនៅតាមតំបន់មាត់សមុទ្រអាចនឹងប្រឈមភ្លៀងខ្យល់ខ្លាំង និងរលកបក់បោកខ្ពស់ ហើយបណ្តាខេត្តផ្សេងទៀត មានកំពង់ធំ ស្ទឹងត្រែង រតនៈគិរី នឹងអាចមានភ្លៀងកម្រិតបរិមាណពីមធ្យមទៅច្រើន។ ចំណែកខេត្តផ្សេងទៀត មានខេត្តកំពង់ស្ពឺ តាកែវ កណ្តាល និងរាជធានីភ្នំពេញនឹងអាចមានភ្លៀងកម្រិតបរិមាណពីតិចទៅមធ្យម។
ក្រសួងធនធានទឹកបញ្ជាក់បន្ថែមថា ជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ និងបណ្តាខេត្តនៅភាគខាងកើតជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម អាចនៅមានបន្ត។
លោកចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍នេះថា មានខេត្តមួយចំនួនធ្លាក់ភ្លៀងច្រើន បង្កជាជំនន់ទឹកភ្លៀង ដូចជាខេត្តព្រះសីហនុ និងកោះកុង។ ចំណែកកំណាត់ផ្លូវជាតិលេខ៤ក៏ប្រឈមនឹងជំនន់ទឹកភ្លៀងដែរ។ រីឯកម្រិតទឹកទន្លេនៅខេត្តផ្សេងទៀត ដូចជាខេត្តរតនគិរី ពោលគឺទន្លេស្រែពក បានហក់ឡើងដល់កម្រិតចន្លោះ១២ម៉ែត្រទៅ១២,១០ម៉ែត្រ។
លោកចាន់ យុត្ថា និយាយថា៖
«ត្រូវបន្តការប្រុងប្រយ័ត្ន ជាពិសេសគឺបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជាប់នឹងផ្លូវទឹក បាទ រស់ជាប់នៅផ្លូវទឹក។ ខ្ញុំឧទាហរណ៍ ដូចជានៅតាមបណ្តាព្រែកដែលប្រមូលទឹកហូរចូលទៅសមុទ្រក្តី ឬក៏ព្រែកមួយចំនួន ទន្លេមួយចំនួន ដែលទទួលរបបទឹកពីតំបន់ត្រូវរងទឹកភ្លៀង ហើយដែលមានភ្លៀងធ្លាក់ខ្លាំង បាទ»។
លោកចាន់ យុត្ថា មានប្រសាសន៍បញ្ជាក់ទៀតថា អាជ្ញាធរមូលដ្ឋាននៅតាមបណ្តាខេត្តនានាបានត្រៀមវិធានការទប់ទល់នឹងគ្រោះអាសន្នដែលអាចបង្កឡើង ក្នុងពេលមានភ្លៀងខ្លាំង ឬការកើនឡើងកម្រិតទឹកទន្លេ៕