ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ការ​បាក់​ទំនប់​ទឹក​​ធ្វើ​ឲ្យ​ជន់​លិច​ឃុំ​ចំនួន​ពីរ​ក្នុង​ស្រុក​ទឹក​ឈូ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការបាក់ទំនប់ធ្វើសម័យខ្មែរក្រហមនាំឲ្យជន់លិចឃុំចំនួនពីរក្នុងស្រុកទឹកឈូ

ឃុំ​ចំនួន​ពីរ​​ក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត​ កំពុង​លិច​លង់​ដោយ​សារ​ជំនន់ទឹក​ភ្លៀង។ ការ​ជន់​លិច​នេះ​កើតឡើង ​ក្រោយ​ពី​ទំនប់​ទឹក​ដ៏​ចំណាស់​មួយ​បាន​បាក់​​នៅ​ពេល​ដែល​ភ្លៀង​​ធ្លាក់​ជាប់ៗ​គ្នា។

ទឹក​បាន​ហូរចូល​ក្រោមផ្ទះ​ លោក ភឿន ពិសិធ​ បន្ទាប់ពី​ទំនប់​អាង​ទឹក​ឈ្មោះ​ទំនប់ប្រទាក់​ក្រឡា​ ក្នុង​ឃុំ​កូនសត្វ​ ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ បាន​បាក់​ដោយ​សារ​តែ​ភ្លៀងធ្លាក់​ជាប់ៗ​គ្នា​ប្រហែល​ពីរ​សប្តាហ៍​មក​នេះ។

ទំនប់​ប្រទាក់​ក្រឡា​ ដែល​អាច​ស្តុក​ទឹក​បាន​១០លាន​ម៉ែត្រ​គុប​ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​ ពី​ក្រុង​កំពត​ ខេត្ត​កំពត។ ទំនប់​នេះ​បាន​បាក់​នៅ​ព្រឹក​ថ្ងៃទី១១​ ខែសីហា​ គឺ​នៅ​ចំ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។ ហើយ​បាន​លិច​ ឃុំត្រពាំង​ព្រីង​និង​ឃុំ​កូន​សត្វ​ដែល​មាន​ប្រជាជន​រស់​នៅរាប់​ពាន់​គ្រួសារ។

ភឿន ពិសិធ​ វ័យ​៣២ឆ្នាំ​ ដើរ​ចេញពីផ្ទះ​ ដែលកំពុងរងការជន់​លិចនៅក្នុង​ឃុំ​ត្រពាំង​ព្រីង​ ស្រុក​ទឹក​ឈូ​ ខេត្តកំពត​ ថ្ងៃទី​១១ ខែ​សីហា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA)
ភឿន ពិសិធ​ វ័យ​៣២ឆ្នាំ​ ដើរ​ចេញពីផ្ទះ​ ដែលកំពុងរងការជន់​លិចនៅក្នុង​ឃុំ​ត្រពាំង​ព្រីង​ ស្រុក​ទឹក​ឈូ​ ខេត្តកំពត​ ថ្ងៃទី​១១ ខែ​សីហា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA)

ឈរ​នៅ​ពី​មុខ​ផ្ទះ​ឈើ​របស់​លោក​ដែល​មាន​ដំបូល​ក្បឿង​លាយនឹង​ស័ង្កសីក្នុង​ឃុំ​ត្រពាំងព្រីង លោក​ភឿន ពិសិធ​ អាយុ៣២ឆ្នាំ​ និយាយថា​ កម្លាំង​ទឹកភ្លៀង​ ដែល​ធ្លាក់​មិនដាច់​រយៈពេលជិត​ពីរ​សប្តាហ៍​មក​នោះ​ ​បាន​ធ្វើ​ឲ្យ​ទំនប់​ប្រទាក់​ក្រឡា​បាក់​ស្រុត​ចុះ​ បង្ក​ឲ្យ​មាន​ការ​ជន់​លិច​ផ្ទះ​អ្នក​ភូមិ​ តែ​មិន​មាន​គ្រោះថ្នាក់​កើត​ឡើង​នោះ​ទេ។

«ភ្លៀង​ខ្ទង់​ប្រហែល​ជា​ចង់​កន្លះ​ខែ​ហើយ​បង​ ភ្លៀង​ជំនន់​អាទឹក​ភ្លៀង​ហ្នឹង​ វា​ភ្លៀង​ជាប់​គ្នា​រហូត​អត់​មាន​ថ្ងៃ​រាំង​ផង​ហ្នឹង»។

កំពុង​បី​ចៅ​នៅហ្នឹង​ដៃ​ លើកំណាត់​ផ្លូវ​រថភ្លើង​ ដែលមាន​ទឹកហូរជន់​លិច​ខ្លាំង​អ្នកស្រី ​នាង អេង​ វ័យ៦៧​ឆ្នាំ​ និយាយ​ថា​ ការ​ធ្លាក់​ភ្លៀង​ឆ្នាំ​នេះ​ គឺខ្លាំង​ជាង​ប្រមាណ​៥ទៅ​៦ឆ្នាំមុន។​ ហើយ​ទឹក​ភ្លៀង​បាន​ជន់​លិច​ស្រូវ​ អ៊ីអ៊ែ (IR)​របស់​អ្នកស្រី​ប្រមាណ​មួយ​ហិចតា។

«ស្រូវ​ប្រហែល​មួយ​ហិចតា​ លិច​អស់ហើយ​ស្រូវ​អ៊ីអ៊ែ ខ្ញុំ​ធ្វើ​ស្រែ​ប្រាំង»។

អ្នកស្រី ​នាង អេង​ វ័យ​៦៧ ឆ្នាំ​ ត្អូញត្អែរ​អំពីការ​ខូច​ខាត​ស្រូវ ដោយសារ​ការបាក់​ទំនប់​អាង​ទឹក​មួយ​ក្នុង​ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ ថ្ងៃ​ទី​១១ ខែ​សីហា​ ឆ្នាំ​២០១៩។​ (ហ៊ុល រស្មី​/VOA)
អ្នកស្រី ​នាង អេង​ វ័យ​៦៧ ឆ្នាំ​ ត្អូញត្អែរ​អំពីការ​ខូច​ខាត​ស្រូវ ដោយសារ​ការបាក់​ទំនប់​អាង​ទឹក​មួយ​ក្នុង​ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ ថ្ងៃ​ទី​១១ ខែ​សីហា​ ឆ្នាំ​២០១៩។​ (ហ៊ុល រស្មី​/VOA)

នៅ​ក្នុង​ភូមិ​ មាន​កន្លែង​ជាច្រើន​ទឹក​ជន់​លិច​រហូត​ដល់​ត្រឹម​ចង្កេះ​និង​ត្រឹម​ដើម​ទ្រូង។

ទំនប់​ប្រទាក់​ក្រឡា​ មាន​បណ្តោយ​ជិត​៥០ម៉ែត្រ​និង​ទទឹងជាង​១០ម៉ែត្រ​ ត្រូវ​បាន​កសាង​ឡើង​តាំងពីសម័យ​ខ្មែរក្រហម​ ហើយ​ធ្លាប់​បាន​បាក់​ម្តង​កាលពីឆ្នាំ​២០០៨ ហើយត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​ក្នុង​ឆ្នាំ​ដដែល​។ ទំនប់​នេះ​ ជាប្រភព​នៃការ​ផ្គត់​ផ្គង់​ដល់​ភូមិជាច្រើន​ក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត​។ ទំនប់​អាង​ទឹក​នេះ​ជា​ប្រភេទ​អាងដែល​គេហៅថា​អាង​ទឹក​តភ្ជាប់ភ្នំចំនួនពីរ​ដែល​មាន​ភ្នំ​តាពក​ និង​ភ្នំកូនសត្វ​ ដោយ​មាន​របប​ជលសាស្ត្រ​ជា​របប​ជ្រោះ (Regime torrentiel)។

តាមការ​បញ្ជាក់​របស់​លោក​ ង៉ែត​ ឈាវ​ មេភូមិ​ត្រពាំង​ព្រីង​ខាងត្បូង​ ឃុំ​ត្រពាំងព្រីង​ ស្រុក​ទឹក​ឈូ​ បាន​ឲ្យដឹង​ថា​ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣៩៤​គ្រួសារ​ បាន​រង​ផល​ប៉ះពាល់​ដោយ​ការ​ជន់​លិចពី​ការ​បាក់​ទំនប់​អាងទឹក​ប្រទាក់​ប្រឡា​នេះ។ លោកបាន​បញ្ជាក់​ថា​ ​ក្រោយ​ហេតុ​ការណ៍​បាក់​ទំនប់​នេះ​ភ្លាមនោះ​ មាន​កម្លំាង​មាន​សមត្ថកិច្ច​បាន​ចុះ​មក​ជួយ​ប្រជាពលរដ្ឋ​ទាន់ពេលវេលា។

ក្រុម​អ្នក​ភូមិ​អះអា​ង​ថា​ទឹក​ភ្លៀង​បាន​ធ្លាក់​យ៉ាង​គំហុក​ជា​បន្ត​បន្ទាប់​ក្នុង​តំបន់​រស់​នៅ​របស់​ពួកគេ​ចាប់​តាំង​ពីថ្ងៃទី​១០​សីហា​មក​ម្ល៉េះ។​ ហើយ​ក្រុម​អាជ្ញាធរ​ក៏បាន​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​ទំនប់​ទឹក​ឲ្យ​ប្រុង​ប្រយ័ត្ន​ដោយ​សារ​ទំនប់​ដែល​ធ្វើ​អំពី​ស៊ីម៉ង់​នោះ​កំពុង​តែប្រេះ​ស្រាំ។

រហូត​មក​ដល់​ពេល​នេះ​ ទឹក​ដែល​បាន​ជន់​លិច​ផ្ទះ​អ្នក​ភូមិ​បាន​ស្រក​ចុះ​បន្តិច​ តែ​ទឹក​នៅ​បន្ត​ហូរ​កាត់​ផ្ទះអ្នក​ភូមិ​ ដែលស្ថិត​នៅចម្ងាយប្រមាណ​ជា​៣គីឡូម៉ែត្រ​ពី​ទំនប់​អាងទឹក​ប្រទាក់​ក្រឡានេះ។​ អាជ្ញាធរ​ទទួល​បន្ទុកឧតុ​និយម​ និងធនធាន​ទឹក​ និង​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​ទៀត​ កំពុង​ធ្វើការ​ជួសជុល​ទំនប់​អាងទឹកនេះ​ឡើងវិញ​ បន្ទាប់​ពីលោក​ លឹម គៀនហោ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បាន​ចុះ​ទៅដល់​ទីតាំងបាក់​ទំនប់។

យន់ ផល្លី​ អ្នកសម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ក្នុង​ខេត្ត​កំពតថ្លែងអំពី​ការ​បាក់​ស្រុត​ទំនប់​អាង​ទឹក​ក្នុង​ស្រុក​ទឹក​ឈូ​ ថ្ងៃទី​១២ ខែ​សីហា​ ឆ្នាំ​២០១៩។​ (ហ៊ុល រស្មី​/VOA)
យន់ ផល្លី​ អ្នកសម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ក្នុង​ខេត្ត​កំពតថ្លែងអំពី​ការ​បាក់​ស្រុត​ទំនប់​អាង​ទឹក​ក្នុង​ស្រុក​ទឹក​ឈូ​ ថ្ងៃទី​១២ ខែ​សីហា​ ឆ្នាំ​២០១៩។​ (ហ៊ុល រស្មី​/VOA)

ទឹកហូរ​ចូល​ផ្ទះមួយខ្នង​របស់អ្នកភូមិ​ ក្រោយការ​បាក់​ទំនប់​អាងទឹក​មួយ​ក្នុង​ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ ថ្ងៃទី​១១ ខែ​សីហា​ ឆ្នាំ​ ២០១៩​។ (ហ៊ុល រស្មី​/VOA)
ទឹកហូរ​ចូល​ផ្ទះមួយខ្នង​របស់អ្នកភូមិ​ ក្រោយការ​បាក់​ទំនប់​អាងទឹក​មួយ​ក្នុង​ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ ថ្ងៃទី​១១ ខែ​សីហា​ ឆ្នាំ​ ២០១៩​។ (ហ៊ុល រស្មី​/VOA)

លោក​ យន់​ ផល្លី​ មន្ត្រី​សម្របសម្រួល​សិទ្ធិមនុស្ស​របស់​សមាគម​អាដហុក​ ប្រចាំ​ខេត្តកំពត​ ប្រាប់​ VOA ​ជំនន់​ទឹកភ្លៀង​បាន​រីករាល​ដាល​ក្នុង​ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត។

«អ៊ីចឹង​ក្រោយ​ពី​មាន​ការ​ជួស​ជុលឡើង​វិញ​ មន្ទីរពាក់​ព័ន្ធ​គប្បី​ធ្វើ​ការ​តាម​ដាន​ និង​ថែរក្សា​នៅ​ក្នុង​ទំនប់នេះ​ កុំឲ្យវា​មាន​បញ្ហា​ជាយ​ថាហេតុដូច​ពេលថ្មីៗនេះ»។

បើ​តាម​មន្ត្រីទទួលបន្ទុក​ធនធាន​ទឹក​ និងឧតុនិយម​ខេត្តបានបញ្ជាក់​ឲ្យដឹង​ថា​ ការ​ជួស​ជុល​ទំនប់​អាងទឹក​ប្រទាក់​ក្រឡានេះ​ អាចប្រើ​ពេល​១០​ថ្ងៃ​ ដើម្បី​បង្ហើយការ​ជួសជុល។ អ្នក​ភូមិ​ជាច្រើន​នាក់និយាយថា​ ពួកគេ​នៅមានការព្រួយ​បារម្ភថា​ ទឹក​នឹង​អាច​ហូរ​ចូល​ផ្ទះ​របស់​ពួកគេ​ម្តង​ទៀត​ ប្រសិន​បើ​ភ្លៀងធ្លាក់​មក​ខ្លាំង​ទៀត​ ក្នុង​ពេល​ទំនប់​កំពុងស្ថិត​ក្នុងការ​ជួស​ជុល។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ប្រាប់ VOA ថា រហូត​មក​ដល់​ថ្ងៃ​ចន្ទ​នេះ ទឹក​ក្នុង​ខេត្ត​ចំនួនបួន គឺ​ខេត្ត​រតនគិរី ព្រះសីហនុ កោះកុង បាត់ដំបង ដែល​បាន​ជន់​កន្លង​មក កំពុង​ស្រក​ជា​បន្ត​បន្ទាប់។ យ៉ាង​ណាក្តី​លោក​ថា សម្រាប់​ខេត្ត​ពោធិ៍សាត់ ទឹក​កំពង់​ជន់​ឡើង ដែល​អាច​នឹង​លិច​នៅ​តំបន់​ទំនាប៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG